Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ ការបញ្ជ្រាបចំណេះដឹងផ្នែក «ការគិតបែបកុំព្យូទ័រ» តាំងពីកម្រិតបឋមសិក្សា ជាត្រីវិស័យនាំផ្លូវឲ្យកុមារដើរទាន់ការវិវឌ្ឍ នៃយុគសម័យឌីជីថល

បានផុស

នៅ

ក្រសួងអប់រំ យុវជន និង កីឡា បានអះអាងថា ការបញ្ជ្រាបចំណេះដឹងផ្នែក «ការគិតបែបកុំព្យូទ័រ» តាំងពីកម្រិតបឋមសិក្សា មិនមែនត្រឹមតែជាការរៀនប្រើប្រាស់កុំព្យូទ័រធម្មតានោះទេ ប៉ុន្តែវាគឺជាការចាក់គ្រឹះដ៏រឹងមាំសម្រាប់រៀបចំកុមារកម្ពុជាឲ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាស្រាវជ្រាវកម្រិតខ្ពស់ និង ការចាប់យកជំនាញបច្ចេកវិទ្យា នាពេលអនាគត។ លើសពីនេះទៀត ចំណេះដឹងមូលដ្ឋានទាំងនេះ នឹងក្លាយជាត្រីវិស័យនាំផ្លូវពួកគេឲ្យដើរទាន់ការវិវឌ្ឍ នៃយុគសម័យឌីជីថល និង ឆ្លើយតបទៅនឹងតម្រូវការបំណិនសតវត្សរ៍ទី ២១ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីអប់រំ «ការគិតបែបកុំព្យូទ័រ (CoolThink@JC)» កម្រិតបឋមសិក្សា នៅតាមសាលារៀនគោលដៅ ដើម្បីឆ្លើយតបទៅនឹងក្របខ័ណ្ឌអាទិភាពកំណែទម្រង់បរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ។ កម្មវិធីនេះ ត្រូវបានសម្ពោធ និង ដាក់ដំណើរការ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។

ដើម្បីធានាឲ្យបានប្រសិទ្ធភាព និង និរន្តរភាព នៃការអនុវត្តកម្មវិធីនេះនៅកម្រិតសាលារៀន លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំគន្លឹះចំនួន ៤ រួមមាន ៖ ១.ការគាំទ្រពីគណៈគ្រប់គ្រង ៖ នាយកសាលា ត្រូវធានាការថែទាំបន្ទប់កុំព្យូទ័រ ជំរុញការប្រើប្រាស់ឲ្យបានទូលំទូលាយ ព្រមទាំងរៀបចំកាលវិភាគសិក្សា និង ក្លិបក្រៅម៉ោង ឲ្យបានច្បាស់លាស់។ ២.ការប្ដេជ្ញាចិត្តរបស់គ្រូបង្គោល ៖ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្រៀនសិស្ស និង ចែករំលែកចំណេះដឹងបន្តដល់សហការី ដើម្បីពង្រឹងសមត្ថភាពឌីជីថលរួមគ្នា។ ៣.ការផ្ដល់ឱកាសស្មើគ្នា (បរិយាបន្ន) ៖ ត្រូវលុបបំបាត់គម្លាតឌីជីថល ដោយធានាថា សិស្សគ្រប់រូប (ជាពិសេសសិស្សស្រី និង សិស្សនៅជនបទ) ទទួលបានការសិក្សាដោយមិនមានអ្នកណាម្នាក់ត្រូវបានទុកចោលឡើយ និង ៤.ការផ្សារភ្ជាប់ជាមួយមាតាបិតា និង សហគមន៍ ៖ ត្រូវបង្ហាញស្នាដៃជាក់ស្ដែងរបស់សិស្ស (ដូចជា ហ្គេម ឬ គំនូរជីវចល) ជូនមាតាបិតា ដើម្បីទទួលបានការគាំទ្រ និង លើកកម្ពស់ការយល់ដឹងពីតម្លៃ នៃការអប់រំឌីជីថល។

បើតាមក្រសួងអប់រំផ្អែកលើទិដ្ឋភាពជាក់ស្ដែងនៅតាមថ្នាក់រៀន លោកគ្រូ អ្នកគ្រូ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ទេរចំណេះដឹង ខណៈដែលសិស្សានុសិស្សកំពុងចូលរួមយ៉ាងសកម្ម និង សប្បាយរីករាយក្នុងការអនុវត្តផ្ទាល់លើកុំព្យូទ័រ។ សិស្សានុសិស្ស បានចាប់ផ្ដើមស្វែងយល់ពីការតម្រៀបប្លុកកូដបញ្ជាកម្រិតដំបូង ការរៀបចំសាច់រឿង និង ការបង្កើតគំនូរជីវចលដោយខ្លួនឯង ដែលធ្វើឲ្យបរិយាកាសសិក្សាមានភាពរីករាយ។

តាមរយៈការអនុវត្តកម្មវិធីនេះ សិស្សានុសិស្ស កំពុងទទួលការអភិវឌ្ឍការគិតបែបតក្កវិជ្ជា និង វិភាគ ដែលជួយបណ្ដុះកុមារឲ្យចេះបំបែកបញ្ហាស្មុគស្មាញ និង ដោះស្រាយបញ្ហាជាជំហានៗ តាមលំដាប់លំដោយ។ បន្ថែមពីនេះ កម្មវិធី បានជំរុញភាពច្នៃប្រឌិត និង ការសហការ ដោយផ្ដល់ឱកាស និង សេរីភាព ឲ្យកុមារបញ្ចេញគំនិតថ្មីៗ បង្កើតគម្រោងផ្ទាល់ខ្លួន និង ចេះពិភាក្សាធ្វើការងារជាក្រុម ព្រមទាំងជួយប្រែក្លាយផ្នត់គំនិតរបស់ពួកគេ ផ្លាស់ប្ដូរទម្លាប់ពីការត្រឹមតែជា «អ្នកប្រើប្រាស់បច្ចេកវិទ្យាទូទៅ» ទៅជា «អ្នកបង្កើតសមិទ្ធផលបច្ចេកវិទ្យា» ប្រកបដោយភាពជឿជាក់៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម