Connect with us

សេដ្ឋកិច្ច

ចរន្តពហិការផលិតថៃ នាំឱ្យសហគ្រាសផលិតប្រេងកូឡា និងប្រេងខ្យល់ក្នុងស្រុកមានទីផ្សារល្អ

បានផុស

នៅ

បច្ចុប្បន្នគេសង្កេតឃើញថា ចរន្តពហិការផលិតផលថៃរបស់ប្រជាជនខ្មែរ​បាននាំឱ្យសហគ្រាសផលិតប្រេងកូឡា និងប្រេងខ្យល់ក្នុងស្រុកកាន់តែមានទីផ្សារល្អជាងមុន ប្រសិនបើធៀបនឹងប៉ុន្មានឆ្នាំកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ឹម ម៉េងទ្រី ម្ចាស់សិប្បកម្ម «ខ្មែរម៉េងទ្រី៩៩៩» ប្រាប់ កម្ពុជាថ្មី ថា មួយរយៈចុងក្រោយមកនេះ ផលិតផល ប្រេងកូឡា និងប្រេងខ្យល់ នៅក្នុងសិប្បកម្មរបស់លោកកំពុងទទួលបានការគាំទ្រយ៉ាងច្រើនគួរសម ខណៈប្រជាជនខ្មែរបន្តពហិការទំនិញរបស់ប្រទេសថៃ។

លោកបន្តថា ទាក់ទងនឹងផលិតប្រេងកូឡា និងប្រេងខ្យល់ របស់សិប្បកម្មក្នុងស្រុកបច្ចុប្បន្នហាក់មិនចាញ់នឹងផលិតផលរបស់ប្រទេសជិតខាងនោះឡើយ។ តួយ៉ាង ប្រេងកូឡា និងប្រេងខ្យល់របស់លោក បច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរ ខណៈសិប្បកម្មបានបើកដំណើរតាំងពីឆ្នាំ ២០០២មកម្ល៉េះ។

លោក ស៊ឹម ម៉េងទ្រី បានឱ្យដឹងទៀតថា «ដើមឡើយផលិតផលខ្មែរហាក់ពុំសូវមានការគាំទ្រច្រើនបែបនេះទេ នេះពីព្រោះតែកាលនោះផ្នត់គំនិតខ្មែរយើងច្រើនឱ្យតម្លៃផលិតផលរបស់បរទេសច្រើនជាងផលិតផលក្នុងស្រុក ប៉ុន្តែជាង១ឆ្នាំចុងក្រោយនេះ ផលិតផលខ្មែរដែលផលិតបានក្នុងស្រុកកំពុងតែផ្ទុះការគាំទ្រយ៉ាងច្រើនកុះករ ខណៈសហគ្រាស និងសិប្បកម្មមួយចំនួនផលិតស្ទើរតែមិនទាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារ»។

យ៉ាងណាមិញ ស្របជាមួយប្រជាជនខ្មែរពហិការផលិតថៃ លោក ស៊ឹម ម៉េងទ្រី ក្នុងនាមជាម្ចាស់សិបកម្មក្នុងស្រុកក៏សូមស្នើសុំរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ មេត្តាជួយជំរុញបន្ថែមដល់សហគ្រាស និងសិប្បកម្មក្នុងស្រុកទាំងអស់ ខណៈកន្លងមកក៏មានបញ្ហាមួយចំនួន ដូចជា៖ ការខ្វះខាតវត្ថុធាតុដើម និងសម្ភារៈវេចខ្ជាប់មួយចំនួនដែលតម្រូវឱ្យម្ចាស់សហគ្រាស និងសិប្បកម្ម សម្រេចចិត្តទិញវាពីប្រទេសចិនផងដែរ។

សិប្បកម្មផលិតប្រេងកូឡា និងប្រេងខ្យល់របស់លោក ស៊ឹម ម៉េងទ្រី ជាសិប្បកម្មខ្នាតតូចមួយដែលបានបើកដំណើរកាលពីឆ្នាំ ២០០២។ បច្ចុប្បន្នមានទីតាំងស្ថិតនៅ ភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម