Connect with us

សេដ្ឋកិច្ច

សហគ្រិនខ្មែរសាកល្បងផលិតខ្ទិះដូងកំប៉ុងដាក់លក់លើទីផ្សារជំនួសឱ្យផលិតផលថៃ 

បានផុស

នៅ

បច្ចុប្បន្នដោយសារចរន្តពហិការទំនិញរបស់ប្រទេសថៃ បាននឹងកំពុងនាំឱ្យសហគ្រាស និងសិប្បកម្មក្នុងស្រុកទាំងអស់កាន់តែមានសមត្ថភាពអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងក៏អាចផលិតបានរាល់ផលិតផលដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។

ស្របជាមួយគ្នានោះ សិប្បកម្មផលិតគ្រឿងទេសក្នុងស្រុកមួយ ​បាននឹងកំពុងសាកល្បងផលិតខ្ទិះដូងកំប៉ុងដាក់លក់លើទីផ្សារ ដើម្បីជំនួសឱ្យផលិតផលដែលនាំចូលពី​ប្រទេសជិតខាង ខណៈខ្ទិះដូងកំប៉ុងនេះកំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ភោគ ហឿង អ្នកគ្រប់គ្រងទូទៅ នៃសហគ្រាស Khmer Food enterprise ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នសហគ្រាសរបស់អ្នកស្រី បានសាកល្បងផលិតនូវខ្ទិះដូងកំប៉ុងសម្រាប់ដាក់លើទីផ្សារជំនួសឱ្យផលិតថៃ ដ្បិតអីផលិតផលមួយនេះមានគុណភាពមិនចាញ់របស់នាំចូលនោះទេ។

អ្នកស្រី បន្តថា ខ្ទិះដូងកំប៉ុងខ្មែរ ផលិតឡើងដើម្បីជួយសម្រួលដល់ការងារដាំស្លរបស់ស្រ្ដីមេផ្ទះ ពិសេសគឺប្រជាជនខ្មែរដែលតែងតែនិយមប្រើប្រាស់ខ្ទិះដូងកំប៉ុងសម្រាប់ធ្វើម្ហូប ឬបង្អែមផ្សេងៗទៀតផងដែរ។

ម្ចាស់សហគ្រាសរូបនេះ បានឱ្យដឹងទៀតថា ខ្ទិះដូងកំប៉ុងខ្មែរ គឺសុទ្ធសឹងកើតចេញពីផ្លែដូងរបស់កសិករដែលរស់នៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖​ កំពត កំពង់ស្ពឺ កំពង់ចាម​ និងខេត្តកណ្ដាល ជាដើម។
ចំពោះគុណភាព និងស្ដង់ដាវិញ ខ្ទិះដូងកំប៉ុងផលិតក្នុងស្រុករបស់សហគ្រាសអ្នកស្រី ភោគ ហឿង គឺមិនចាញ់ផលិតផលរបស់ប្រទេសជិតខាងនោះឡើយ។

ក្រៅពីការសាកល្បងផលិតខ្ទិះដូងកំប៉ុង បច្ចុប្បន្នសហគ្រាស Khmer Food enterprise កន្លងមកក៏ធ្លាប់បានផលិតម្សៅស៊ុប និងប្រេងដូង សម្រាប់ដាក់លើទីផ្សាររួចមកហើយផងដែរ។​ អ្នកស្រី ភោគ ហឿង ក្នុងនាមជាម្ចាស់សហគ្រាសសុំស្នើចិត្តប្រជាជនខ្មែរសូមបន្តពហិការផលិតផលថៃជួយគាំទ្រ និងងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនជាងមុន។
 
តាមរយៈការគាំទ្រផលិតផលក្នុងស្រុកនឹងជួយជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម រួមទាំងសិប្បកម្មក្នុងស្រុកទាំងអស់អាចមានឱកាសពង្រីក និងពង្រឹងសមត្ថភាពផលិតរបស់ខ្លួនឈានទៅមុខមួយកម្រិតទៀតផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម