Connect with us

សេដ្ឋកិច្ច

​រដ្ឋាភិបាល​ដាក់​ទិស​ដៅ ​ប្រែក្លាយ​ខេត្ត​កំពង់ធំ​ ទៅ​ជាមូលដ្ឋានផលិតកម្ម ​និង​ទេសចរណ៍

បានផុស

នៅ

លោក ​វង្សី វិស្សុត ​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការ​ងាររាជរដ្ឋាភិបាល ​ចុះមូលដ្ឋាន ​ខេត្តកំពង់ធំ​មានប្រសាសថា ​គោលដៅ ​និង​ចក្ខុវិស័យ​របស់​សម្ដេច​មហា​បវរធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា​ ​គឺចង់​ឃើញ​ខេត្ត​កំពង់​ធំ​ក្លាយ​ទៅ​មូលដ្ឋាន​ផលិត​កម្ម ​វិនិយោគ ​និង​ទេសចរណ៍ ​ដែល​អាច​បង្កើត​ការ​ងារ​ មុខរបរ ប្រាក់​ចំណូល និង​លើក​​​កម្ពស់​ជីវភាព​ប្រជាជន​ឱ្យ​កាន់​តែល្អប្រសើរឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​វង្សី វិស្សុត ​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ ​«ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់​គាំទ្រ​ដល់សិស្ស-និស្សិត ធុរកិច្ចថ្មី​ កសិករខ្នាតតូច ​និង​សហគ្រាសធុនមីក្រូ តូច និងមធ្យម​នៅ​ខេត្តកំពង់ធំ» នៅថ្ងៃទី ០៦ មិថុនា ២០២៦។​

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​បានវាយតម្លៃខ្ពស់ ​ដល់សហគ្រិនខ្មែរ រដ្ឋបាលខេត្តកំពង់ធំ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​និងវិស័យឯកជន ​ដែលបានរៀបចំកម្មវិធីដ៏សំខាន់នេះ ​ឡើង ​​សមត្ថភាព​របស់​អាជីវករ ពាណិជ្ជករ កសិករ ពិសេសសហគ្រិនវ័យក្មេង និងធុរកិច្ចថ្មីនៅក្នុងខេត្តកំពង់ធំ ឱ្យកាន់តែ​មាន​ភាពប្រកួតប្រជែង ​អាចបង្កើតផលិតផលថ្មី និងតម្លៃបន្ថែមថ្មី ហើយអាចឈរជើងបាន និងរីក​លូត​លាស់ទៅថ្ងៃមុខ ដើម្បីធ្វើពិពិធកម្មមូល ដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំ ក្លាយជាចន្ទល់សេដ្ឋកិច្ច​មួយ​របស់​កម្ពុជា។​

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ​បន្តថា​ ថ្វីត្បិតខេត្តកំពង់ធំមានសក្តានុពលច្រើន មានផ្ទៃដីក៏ធំ ហើយ​ចំនួន​ប្រជាជនក៏ច្រើនគួរសមពិតមែន ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តកំពង់ធំ ដូចជា ចំណូលប្រជាជនម្នាក់ធៀបនឹង ផ.ស.ស មានសន្ទុះទាប ហើយអត្រានៃភាពក្រីក្រខ្ពស់ ក្នុង​ខណៈដែលចំនួនសហគ្រាសពាណិជ្ជកម្មនៅមានតិចនៅឡើយធៀបនឹងខេត្តដទៃ។

តួលេខនេះ គូសបញ្ជាក់ឱ្យឃើញថា បងប្អូនខេត្តកំពង់ធំយើងជា ច្រើននៅប្រកបរបរធ្វើស្រែចម្ការ ជាលក្ខណៈគ្រួសារនៅឡើយ និងពុំទាន់មានកម្រិតសហគ្រិនភាពច្រើននៅឡើយទេ។ ដូចនេះ យើងត្រូវលើកស្ទួយសហគ្រិនភាព ដែលជាមេទ័ពក្នុងសេដ្ឋកិច្ចឱ្យបានច្រើន ដើម្បីជំរុញការអភិវឌ្ឍ កំណើន និងការបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច សម្រាប់ធ្វើបែងចែកផ្លែផ្កានៃកំណើន ក្នុងគោលដៅ​លើកកម្ពស់ជីវភាពប្រជាជន។

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលមានទស្សនវិជ្ជា​ចាត់ទុកវិស័យ​ឯកជន ​រួមមានបងប្អូនកសិករ ​សិប្បករ អាជីវករទាំងអស់​ ដែលកម្ពុជាយើងមានកម្លាំង​ពលកម្ម​ប្រមាណ ១០លាននាក់ ​គឺជាអ្នកបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ ​ហើយកម្មវិធីនាថ្ងៃនេះ​ មានគោល​ដៅ​គាំទ្រសហគ្រិនភាព ដើម្បីបណ្តុះ ទាំងអ្នកដែលមានទេពកោសល្យពីកំណើត និងទាំងអ្នកដែល​ចង់ចេះ ចង់ដឹង និងចង់ចាប់ផ្តើមអាជីវកម្ម ឱ្យក្លាយទៅជា «មេទ័ពសេដ្ឋកិច្ច»។​

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ​បន្ថែមថា ​សហគ្រិនភាពគឺជាទេពកោសល្យសំខាន់មួយ ទាមទារឱ្យ​មានចរិត អាកប្បកិរិយា ឥរិយាបថតស៊ូ ព្យាយាមចង់ចេះ ចង់ដឹង ចង់ធ្វើអាជីវកម្ម ប៉ុន្តែក៏ត្រូវពឹង​ផ្អែកលើឱកាស បរិស្ថាន​សង្គម បរិស្ថានសេដ្ឋកិច្ច ឬប្រព័ន្ធអេកូឡូស៊ីអំ​ណោយ​ផល ទើបសហគ្រិនទាំងនោះអាចងើបឡើងរួច។

វិស័យ​សាធារណៈត្រូវដើរតួជាអ្នកតម្រង់ផ្លូវ គាំទ្រសហគ្រិន មិនខ្ទប់សក្តានុពលវិស័យឯកជន ​និងជាពិសេសកសាងលក្ខខណ្ឌឱ្យវិស័យឯកជនមានឱកាសងើបឈរខ្លាំងឡើង ទាំងក្នុងកត្តា​គោល​នយោបាយ អប់រំ ហិរញ្ញវត្ថុ ច្បាប់ទម្លាប់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ក្នុងបរិការណ៍ដែលពិភពលោក រួមទាំង​ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច បច្ចេកវិទ្យា បរិយាកាសបរិស្ថាន​ផ្លាស់ប្តូរឥតឈប់ឈរ យើងត្រូវគិតគូរឡើងវិញអំពីការរៀបចំ ឬធ្វើបច្ចុប្បន្នកម្មក្របខ័ណ្ឌនៃការបណ្តុះមេទ័ព ឬបណ្តុះទ័ពស្រួច​ក្នុងវិស័យឯកជន ឱ្យទាន់សភាពការណ៍ ជាពិសេសសម្រាប់សហគ្រិនថ្មីៗ។

ក្រៅពីនេះ សង្គ្រាមឈ្លានពានរបស់ថៃបានគូសបញ្ជាក់ពីភាពចាំបាច់ និងភាពបន្ទាន់ថែមទៀត របស់ប្រទេស កម្ពុជា ក្នុងការចេះរៀនសូត្រពង្រឹងសមត្ថភាពផលិតដោយខ្លួនឯង ប្រកួតប្រជែង​ជាមួយគេ ជាពិសេសបន្ថយការនាំចូល បង្កើនការផលិត និងសេវាកម្ម។ ដូច្នេះ កម្មវិធីនេះក៏អាច​ចាត់ទុកថា​ជាការកសាងសមត្ថភាពផលិតទំនិញក្នុងស្រុក ដើម្បីប្រើប្រាស់ខ្លួនឯង ជំនួសការនាំចូល​ផង ហើយសម្រាប់បម្រើការនាំចេញទៅខាងក្រៅផង ព្រមទាំងជាការប្តូរផ្នត់គំនិតពីការពឹងផ្អែក ឱ្យទៅជាការជួយឱ្យមានសមត្ថភាពរកចំណូលដោយខ្លួនឯង ដែលពាក្យសាមញ្ញថា «បង្រៀនឱ្យចេះរកត្រី ជាជាងឱ្យត្រី»។ នេះទើបជាការធ្វើសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេស ហើយត្រូវអនុវត្តនៅគ្រប់ខេត្តទាំងអស់ ទើបយើងរឹងមាំបាន។

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យមានក្តីសង្ឃឹម កុំឱ្យគិតថា ​ភាពក្រីក្រ​ធ្វើ​ឱ្យយើងធ្វើអ្វីមិនកើត ផ្ទុយទៅវិញត្រូវយកភាពក្រីក្រមកបង្កើតជាឆន្ទៈ និងឥរិយាបថ​ដើម្បីឱ្យ​យើង​ក្លាយ​ជាមនុស្សខ្លាំង និងបានណែនាំឱ្យសិស្សានុសិស្ស «ស្រមៃឱ្យធំ តែចាប់ផ្តើម​ពីកិច្ចការ​តូចតាច​ជា​មុន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម