Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភាលើកឡើងពីជោគជ័យរបស់កម្ពុជាក្នុងកិច្ចការពារទឹកដីតាមផ្នែកការទូតលើឆាកអន្តរជាតិ

បានផុស

នៅ

អនុប្រធានទី២ព្រឹទ្ធសភា លោកបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងពីជោគជ័យរបស់កម្ពុជាក្នុងការប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ដែលកំពុងរងការឈ្លានពានពីប្រទេសថៃដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងក្នុងវេទិកាពិភាក្សាការងាររវាងសមាជិកាព្រឹទ្ធសភា និងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ថា កម្ពុជាទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី តាមផ្នែកការទូតសភា នៅឯវេទិកាសភាប្រើភាសាបារាំង។

តាមសំណើរបស់គណៈកម្មការនយោបាយនៃមហាសន្និបាតសភាប្រើភាសាបារាំង (APF) ក្នុ​ងសម័យ​ប្រជុំពេញ​អង្គនៅក្នុងប្រទេសកាមេរូន កាលពីថ្មីៗនេះ សភាប្រើភាសាបារាំង បានចេញសេចក្តីសម្រេចជាប្រវត្តិសាស្ត្រក្នុងការគាំទ្រ និងគោរពចំពោះអធិបតេយ្យភាព ព្រមទាំងបូរណភាពដែនដីរបស់កម្ពុជា ក្នុងទំនាស់ព្រំដែនកម្ពុជា-ថៃ។

សភាប្រើភាសាបារាំង បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹង និងសកម្មភាពនានា ដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ព្រំដែនក្រោមការកាន់កាប់ដោយខុសច្បាប់លើទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសថៃ។ សភាប្រើភាសាបារាំង បានអំពាវនាវថៃឱ្យគោរពអធិបតេយ្យ និងបូរណភាពទឹក​ដី​កម្ពុជា ហើយជៀសវាងរាល់សកម្មភាពឯកតោភាគីដែលបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរ។

លោកបណ្ឌិត ធន់ វឌ្ឍនា ចាត់ទុកថា នេះគឺជាជោគជ័យធំ និងជាការផ្តល់យុត្តិធម៌ដ៏ពិតប្រាកដដល់ប្រទេសកម្ពុជា ដែលបានរងការរំលោភបំពានពីយោធាថៃ។

ជាការកត់សម្គាល់ សភានិយាយភាសាបារាំង ដែលមានសមាជិកជាង៩៩ប្រទេស មានទាំងអង្គការអន្តរជាតិផងនោះ ក៏បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង ហើយបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ។

សភានិយាយភាសាបារាំង ក៏គាំទ្រចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ផ្អែកលើការទូត និងគោរពតាមច្បាប់អន្តរជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម