Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមេទ័ពអ៊ីរ៉ង់ អួតក្តែងៗថា អ៊ីរ៉ង់ មានសមត្ថភាព ចង់ចូលធ្វើឃាតលោក ត្រាំ ដល់ក្នុងសេតវិមាន ក៏បានដែរ

បានផុស

នៅ

សន្តិសុខ និងសុវត្ថិភាពរបស់ប្រធានាធិបតីអាមេរិក កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ត្រូវបានសារព័ត៌មានជាច្រើននៅលើពិភពលោក ចុះផ្សាយព្រោងព្រាត ស្របពេលសង្គ្រាមមជ្ឈិមបូព៌ា រីករាលដាលកាន់តែក្តៅគគុកឡើងៗ ហើយជុំវិញរឿងនេះ អតីតមេទ័ពអ៊ីរ៉ង់ ចេញមុខអួតក្តែងៗថា ប្រទេសរបស់លោក មានសមត្ថភាព ចូលធ្វើឃាតលោក ដូណាល់ ត្រាំ នៅក្នុងសេតវិមាន ផ្ទាល់តែម្តង ក៏បានដែរ។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

សម្តីនេះគឺចេញពីមាត់លោក Hossein Kanani Moghaddam ជាអតីតមេបញ្ជាការជាន់ខ្ពស់ម្នាក់ នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ដែលថ្លែងប្រាប់សារព័ត៌មានអ៊ីរ៉ង់ Fararu និងផ្សាយបន្តដោយទូរទស្សន៍ Sky News នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ថា៖ ប្រសិនបើគោលដៅ គឺត្រូវធ្វើឃាតលោក ត្រាំ មែន! សាធារណរដ្ឋឥស្លាម អាចធ្វើបានងាយៗ នៅក្នុងសេតវិមាន។ ឲ្យតែពេលណាចាំបាច់ យើងអាចធ្វើបានជានិច្ច»។

ការអះអាងបែបនេះ កើតឡើងបន្ទាប់ពី ប្រភពចារកម្មអ៊ីស្រាអែល បានប្រាប់ទៅសហរដ្ឋអាមេរិករួចហើយថា អ៊ីរ៉ង់ កំពុងរៀបផែនការថ្មី ធ្វើឃាតលោក ត្រាំ។

លោក Hossein Kanani Moghaddam (រូប៖ Channel 4)

យោងតាមប្រភពពីសារព័ត៌មានអន្តរជាតិធំៗ ដូចជា CNN, The Wall Street Journal, The New York Times និង The Express សុទ្ធតែផ្សាយដូចៗគ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ថា ​ផែនការនេះ ត្រូវបានអ៊ីស្រាអែលប្រាប់ទៅទីក្រុងវ៉ាស៊ីនតោន រួចហើយ ប៉ុន្តែមិនមានការទម្លាយជាសាធារណៈ នោះទេ។

យ៉ាងណា លោកត្រាំ ក៏គំរាមខ្លាំងៗដែរថា លោកទុកបណ្តាំឲ្យកងទ័ពអាមេរិក រួចជាស្រេច! បើរូបលោកពិតជាត្រូវអ៊ីរ៉ង់ធ្វើឃាតមែន មីស៊ីលអាមេរិក ១ ០០០គ្រាប់នឹងហោះទៅអ៊ីរ៉ង់ ហើយរាប់ពាន់គ្រាប់ទៀត នឹងហោះទៅតាមក្រោយជាបន្តបន្ទាប់ ដើម្បីកម្ទេចប្រទេសនេះឲ្យហ្មត់ឈឹងតែម្តង។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ​ប្រមុខសេតវិមាន បញ្ជាក់ច្បាស់ថា លោកផ្តាំទៅកងទ័ពអាមេរិក រួចអស់ហើយ ឲ្យបើកការវាយប្រហារទ្រង់ទ្រាយធំ ក្នុងរយៈពេលមួយឆ្នាំពេញ ឬអាចលើសនឹងទៀតក៏ថាបាន ប្រសិនបើខ្លួន រងគ្រោះថ្នាក់មែន។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

អ៊ីរ៉ង់បានប៉ុនប៉ង និងរៀបចំផែនការធ្វើឃាតលោក ត្រាំ យ៉ាងហោចណាស់ ២លើកធំៗមកហើយ ដោយលើកទី១ គឺក្នុងខែកក្កដា ឆ្នាំ២០២៤ ដែលបុរសជនជាតិប៉ាគីស្ថានម្នាក់ឈ្មោះ Asif Merchant មានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក ពីបទជួលខ្មាន់កាំភ្លើងដើម្បីធ្វើឃាតលោក ត្រាំ។

លើកទី២ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្រសួងយុត្តិធម៌អាមេរិក បានលាតត្រដាង និងចោទប្រកាន់បណ្តាញសម្ងាត់មួយផ្សេងទៀត បញ្ជាដោយរដ្ឋាភិបាលអ៊ីរ៉ង់ ឲ្យរៀបចំផែនការធ្វើឃាតលោក ត្រាំ មុន ការបោះឆ្នោតប្រធានាធិបតីអាមេរិក។

យ៉ាងណា ការប៉ុនប៉ងធ្វើឃាតដោយបាញ់ប្រហារ នៅរដ្ឋ Pennsylvania ក្នុងខែកក្កដា ២០២៤ និងនៅទីលានវាយកូនហ្គោល ក្នុងកញ្ញា ២០២៤ គឺធ្វើឡើងដោយខ្មាន់កាំភ្លើងឯកជនម្នាក់ៗ ហើយមិនមានព័ស្តុតាងណាមួយ បញ្ជាក់ថា មានការជាប់ពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់នោះទេ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម