Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងតេហេរ៉ង់ ព្រមានបណ្តារដ្ឋឈូងសមុទ្រ ថា៖ «កុំធ្វើជាសង្វៀន ឲ្យអាមេរិក វាយអ៊ីរ៉ង់ ឲ្យសោះ»

បានផុស

នៅ

ស្របពេលភ្លើងសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ផ្តើមឆាបឆេះ យ៉ាងសន្ធោសន្ធៅសាជាថ្មី, ទីក្រុងតេហេរ៉ង់ ​បានចេញការព្រមានដល់បណ្តារដ្ឋឈូងសមុទ្រថា សូមកុំយកខ្លួន ធ្វើជាសង្វៀនឲ្យអាមេរិក វាយខ្លួនឲ្យសោះ បើមិនដូច្នោះទេ ពួកគេនឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់ របស់ទីក្រុងតេហេរ៉ង់ ជាក់ជាមិនខានឡើយ។

(រូប៖ Reuters)

សារព័ត៌មាន ISNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ ដែលបញ្ជាក់ច្បាស់ៗ កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ថា​៖ ក្រសួង សូមថ្កោលទោសចំពោះការវាយប្រហារដ៏សាហាវយង់ឃ្នង របស់សហរដ្ឋអាមេរិក និងចោទប្រកាន់ បណ្តាប្រទេសរាជានិយមនៃតំបន់ឈូងសមុទ្រថា កំពុងប្រែក្លាយខ្លួន ឲ្យទៅជា «សង្វៀនសម្រាប់សង្គ្រាមខុសច្បាប់ និងឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជាតិអ៊ីរ៉ង់»។

ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei អះអាងថា សកម្មភាពរបស់ទីក្រុងតេហេរ៉ង់ គឺមានហេតុផលត្រឹមត្រូវ។ អ៊ីរ៉ង់មិនមែនជាអ្នក ផ្តើមមុនទេ។ ការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិយោធារបស់អាមេរិក ដែលឈរជើងនៅភាគខាងត្បូងឈូងសមុទ្រពែរ្ស គឺគ្រាន់តែតំណាងឲ្យការអនុវត្តសិទ្ធិស្វ័យការពារស្របច្បាប់អន្តរជាតិ ប៉ុណ្ណោះ។

(រូប៖ Reuters)

ការព្រមាននេះកើតឡើង បន្ទាប់ពីអ៊ីរ៉ង់ បើកការវាយប្រហារមិនត្រឹមកូវ៉ែត បារ៉ែន អូម៉ង់ និង ហ្ស៊កដានីទេ ប៉ុន្តែថែមទាំងបាញ់ធ្លាយដល់ កាតា ផងដែរ ដើម្បីជាការសងសឹក ចំពោះសហរដ្ឋអាមេរិក ដែលវាយសន្ធាប់លើខ្លួន មិនបន្ថយដៃសោះ។

កងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ក៏ប្រកាសក្តែងៗដែរថា ច្រកសមុទ្រ Hormuz នឹងត្រូវបិទ រហូតដល់មានការជូនដំណឹងថ្មី និងលុះត្រាអាមេរិក ឈប់យកខ្លួនមកបៀតនៅក្នុងតំបន់។

(រូប៖ Reuters)

យ៉ាងណា ក្រោយមកមិនបានប៉ុន្មានផង អាមេរិក ក៏ប្រតិកម្មទៅវិញ ដោយបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់នេះ មិនបានបិទដូចមាត់អ៊ីរ៉ង់ ទេ។ វានៅតែបើកចំហជានិច្ច ទោះមានការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាជាថ្មី នៅតំបន់មជ្ឈិមបូព៌ា ក៏ដោយ។

មុននោះដែរ អាមេរិក បានបើកការវាយប្រហារតាមអាកាសជុំទី៣ ត្រឹមមួយសប្តាហ៍ ទៅលើគោលដៅយោធាអ៊ីរ៉ង់ចំនួន ១៤០ កន្លែង រួម​មាន​​​ ទីតាំង​​​មីស៊ីលនិងដ្រូន,​ សមត្ថភាព​​​នាវាជើងទឹក, ​កន្លែង​សន្និធិ​​គ្រាប់​​​រំសេវ, ​បណ្តាញ​ទូរគមនាគមន៍ និង ទីតាំង​​ចាំឃ្លាំមើល​​​តំបន់​​សមុទ្រ​ ធ្វើឲ្យទីក្រុងតេហេរ៉ង់ សងសឹកវិញយ៉ាងខ្លាំងក្លា ដោយ​វាយ​ប្រហារ​ លើ​ច្រើន​គោល​ដៅ ​ទូទាំងតំបន់មជ្ឈិម​បូព៌ា សំដៅ​មូលដ្ឋាន​ទ័ព​អាមេរិក នៅ​ប្រទេសជាច្រើន៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម