Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក វាយប្រហារយ៉ាងសន្ធាប់ លើអ៊ីរ៉ង់ ៣យប់ជាប់គ្នា

បានផុស

នៅ

ឥតដកដៃទេ សហរដ្ឋអាមេរិក បានបើកការវាយប្រហារ ៣យប់ជាប់គ្នាហើយ លើគោលដៅជាច្រើន ក្នុងប្រទេសអ៊ីរ៉ង បញ្ឆេះភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ឲ្យកាន់តែផ្ទុះរោលរាលខ្លាំងឡើងៗ។

(រូប៖ CENTCOM)

តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦, នៅយប់ទី៣នេះ បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានធ្វើប្រតិបត្តិការតាមផ្លូវអាកាស ក្រោមបញ្ជារបស់លោកប្រ​ធានាធិបតី ដូណាល់ ត្រាំ ផ្ទាល់ ដោយផ្តោតជាពិសេស លើទីតាំងយោធាអ៊ីរ៉ង់ប្រហែល ១៤០កន្លែង។

សរុបជារួម ក្នុងរយៈពេលបីយប់នៃប្រតិបត្តិការ, កងកម្លាំងអាមេរិក បានវាយប្រហារលើគោលដៅជា​ង ៣០០ កន្លែង ក្នុងនោះ មានទាំងការកំណត់លើឃ្លាំងមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់, ស្ថានីយរ៉ាដាតាមប​ណ្តោយឆ្នេរ, សមត្ថភាពកងទ័ពជើងទឹក, បណ្តាញទំនាក់ទំនង និងទីតាំងស្តុកទុកគ្រាប់រំសេវ ផងដែរ។

(រូប៖ CENTCOM)

ទោះបីជាយ៉ាងណាក៏ដោយ លោកត្រាំ ប្រកាសថា ការវាយប្រហារឥតដកដៃនេះ គឺមានគោលបំណង កាត់ផ្តាច់សមត្ថភាពរបស់អ៊ីរ៉ង់ លែងឲ្យវាយប្រហារលើជនស៊ីវិលស្លូតត្រង់ និងកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។

សកម្មភាពយោធានេះទៀតសោត ធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់ថា អ៊ីរ៉ង់បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន ដែលទើបសម្រុះសម្រួលកាលពីពេលថ្មីៗនេះ តាមរយៈការបញ្ជូនដ្រូន ទៅវាយប្រហារកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ក្នុងច្រក Hormuz។

ក្រោយមក ទីក្រុងវ៉ាស៊ីនតោន ក៏ប្រញាប់ចេញមុខបញ្ជាក់ថា ច្រក Hormuz មិនបានបិទដូចមាត់អ៊ីរ៉ង់ ថាទេ! ផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ នៅតែបើកចំហជានិច្ច ទោះមានការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាជាថ្មី ក៏ដោយ។

(រូប៖ REUTERS)

តាមការប្រកាសរបស់ CENTCOM កាលពីថ្ងៃចន្ទ, ច្រកនេះ គឺបើកជានិច្ច សម្រាប់រាល់កប៉ាល់ទាំងឡាយណា ដែលចង់ធ្វើដំណើរឆ្លងកាត់ ដោយស្របច្បាប់។ អ៊ីរ៉ង់ គ្មានសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រអន្តរជាតិ មួយនេះឡើយ ហើយកងកម្លាំងអាមេរិក ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានូវសេរីភាព នៃការធ្វើនាវាចរណ៍។

ស្របពេលជាមួយគ្នានោះ លោក ត្រាំ ក៏បញ្ជាក់ពីជំហរនេះផងដែរ ដោយថ្លែងថា ច្រក Hormuz នៅតែបើកចំហ ដរាបណា វាស្ថិតក្រោមការយកចិត្តទុកដាក់របស់អាមេរិក៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម