Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ​រិះគន់​អង្គការ​សហប្រជាជាតិ​ ដែល​មិនទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទទួលខុសត្រូវ​​

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានរិះគន់អង្គការសហប្រជាជាតិ (UN) យ៉ាងចាស់ដៃ ចំពោះការខកខានមិនបានទាមទារឲ្យប្រទេស​ដែល​លោក ចាត់ទុក​ជា​​«អ្នកឈ្លានពាន»​ ទទួលខុសត្រូវ ដោយលោកបានពិពណ៌នាការស្តីបន្ទោសរបស់ស្ថាប័ននេះ ជុំវិញការវាយប្រហារការពារខ្លួនរបស់អ៊ីរ៉ង់ថា ជាទង្វើ គ្មានការទទួលខុសត្រូវ និងគ្មានហេតុផលទាល់តែសោះ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន telanganatoday, លោក Baghaei បានចេញសេចក្តីថ្លែងការណ៍មួយ​ផ្សព្វផ្សាយ​នៅលើគណនី X ផ្លូវការរបស់លោក ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យ UN ដែលបានសម្តែងការព្រួយបារម្ភចំពោះអ្វីដែល UN បានហៅថា «ការប៉ះទង្គិចគ្នាខាងយោធា» និងការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើបណ្តាប្រទេសក្នុងតំបន់ និងលើនាវាចរណ៍ផ្សេងៗ។

ដោយសំដៅ​​ត្រង់ៗទៅកាន់​អ្នកនាំពាក្យ UN, លោក Baghaei បានបដិសេធការកំណត់និយមន័យនៃភាពតានតឹងនាពេលបច្ចុប្បន្ន ដោយលោកបានអះអាងថា ស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន មិនមែនជាការបន្តប៉ះទង្គិចគ្នាខាងយោធា ទៅវិញទៅមកនោះទេ ប៉ុន្តែវាគឺជាផលវិបាកផ្ទាល់ ពីការឈ្លានពានខាង​យោធា ជាបន្តបន្ទាប់ និងជាក់ស្តែង ពីសំណាក់អាមេរិក និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ មកនោះ​។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបំភ្លឺថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់មិនបានផ្តួចផ្តើមការវាយប្រហារប្រឆាំងនឹងទឹកដីអធិបតេយ្យភាពរបស់ប្រទេសណាមួយ​នោះ​ទេ។ ផ្ទុយទៅវិញ លោកបានសង្កត់ធ្ងន់ថា ការវាយ​ប្រហារ​​សំដៅ​គោល​ដៅ​របស់ទីក្រុងតេហេរ៉ង់ទៅលើមូលដ្ឋានយោធា និងទ្រព្យសម្បត្តិរបស់អាមេរិក ដែល​ស្ថិតនៅតាមបណ្តោយឆ្នេរភាគខាងត្បូងនៃឈូងសមុទ្រពែរ្ស គឺជាការអនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់ដែលមានចែងក្នុងច្បាប់អន្តរជាតិ។

លោក Baghaei បានថ្លែងថា វាជារឿងគ្មានការទទួលខុសត្រូវទាំងស្រុង ក្នុងការរិះគន់អ៊ីរ៉ង់ចំពោះការការពារអធិបតេយ្យភាពរបស់ខ្លួន ជំនួសឲ្យការទាមទារឲ្យជនឈ្លានពានពិតប្រាកដទទួលខុសត្រូវចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ យ៉ាងណា លោកក៏បានជំរុញឲ្យ UN បង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់ដែលកំពុងផ្តល់ទីតាំងឲ្យកងកម្លាំងបរទេសស្នាក់នៅ ដោយថ្លែងថា UN គួរតែទាមទារឲ្យរដ្ឋទាំងនោះរារាំងអាមេរិកមិនឲ្យប្រើប្រាស់ទឹកដីអធិបតេយ្យ និងមូលដ្ឋានយោធារបស់ពួកគេ ដើម្បីរៀបចំ និងបើកប្រតិបត្តិការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។

ជាកិច្ចបញ្ចប់នៃសេចក្តីថ្លែងការណ៍របស់លោក, លោក Baghaei បានកែតម្រូវយ៉ាងម៉ឺងម៉ាត់នូវពាក្យបច្ចេក​ទេស​ផ្លូវ​ទឹករបស់អ្នកនាំពាក្យ UN ដោយរំលឹកដល់ស្ថាប័នពិភពលោកមួយនេះអំពីសាររដ្ឋបាលរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ឈ្មោះត្រឹមត្រូវ និងស្របច្បាប់តែមួយគត់សម្រាប់ផ្លូវទឹកនេះ គឺ «ឈូងសមុទ្រពែរ្ស» ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម