Connect with us

ព័ត៌មានជាតិ

យន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន អំពីប្រវត្តិនិងហេតុការណ៍ការទម្លាក់គ្រាប់បែកបំផ្លាញ «ស្ពានជ័យជម្នះ» (ដែលប្រជាពលរដ្ឋខ្លះហៅថា «ស្ពានមេទឹក») នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយយន្តហោះចម្បាំងថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

លោក ហេង រតនា បានលើកឡើងថា បន្ទាប់ពីបានអានសៀវភៅស្រាវជ្រាវចងក្រងប្រវត្តិនៃការទម្លាក់គ្រាប់បែកលើស្ពាននេះក្នុងសង្គ្រាមឈ្លានពានពីសំណាក់យោធាសៀម លោកបានបញ្ជាក់ថា គ្រាប់បែកដែលប្រើប្រាស់គឺប្រភេទ MK-82 ចំនួន ៧ គ្រាប់ ដែលមួយគ្រាប់ៗ មានទម្ងន់ប្រមាណ ២៣០ គីឡូក្រាម ហើយត្រូវបានយន្តហោះចម្បាំងទម្លាក់ជា ២ ដង។

តាមឯកសារស្រាវជ្រាវ ស្ពាននេះត្រូវបានកសាងដំបូងនៅឆ្នាំ ១៩៨៤ ក្រោមការដឹកនាំផ្ទាល់របស់ ប៉ុល ពត ហើយបានដាក់ឈ្មោះថា «ស្ពានប្តេជ្ញាឈ្នះ»។ នៅក្នុងយុទ្ធនាការរដូវប្រាំងឆ្នាំ ១៩៨៥ កងទ័ពរដ្ឋាភិបាលប្រជាមានិតកម្ពុជាបានវាយដណ្តើមយកជ័យជម្នះនៅទីតាំងនេះ ហើយបានសាងសង់ស្ពានដែកថ្មី ដោយប្តូរឈ្មោះជា «ស្ពានជ័យជម្នះ» រហូតមកដល់សព្វថ្ងៃ។

ក្រោយមក ស្ពានបេតុងនិងផ្លូវថ្មីនៅតំបន់នេះ ត្រូវបានរាជរដ្ឋាភិបាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០២០ ដែលជាគម្រោងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលចិន។

លោក ហេង រតនា បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសេចក្តីសង្ខេបរបស់ក្រុមស្រាវជ្រាវ ដែលមានខ្លឹមសារថា ៖

«នៅក្រោមចរន្តទឹកហូរកាត់ពីលើបំណែកបាក់បែកដោយសារគ្រាប់បែករបស់ខ្មាំង! ស្ពានមេទឹកកំពុងឈរយ៉ាងស្ងៀមស្ងាត់ក្នុងនាមជា «សាក្សី» នៃសោកវិនាសកម្មដែលមិនអាចបំភ្លេចបាន។ ការទម្លាក់គ្រាប់បែកកម្ទេចស្ពានពីសំណាក់ចោរសៀមឈ្លានពាននេះ មិនត្រឹមតែជាការកាត់ផ្តាច់រូបវន្តនៃផ្លូវគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកាត់ផ្តាច់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស និងការបំផ្លាញសេចក្តីសុខសាន្តនៃមាតុភូមិជាទីស្រលាញ់របស់យើង។»

លោកបានបន្ថែមថា បំណែកដែកនិងសសរស្ពានដែលបាក់បែកនោះ មិនមែនគ្រាន់តែជាកម្ទេចឥដ្ឋបេតុងទទេនោះទេ ប៉ុន្តែវាជា សាក្សីរស់នៃប្រវត្តិសាស្ត្រដ៏ឈឺចាប់ និងជាស្នាមរបួសពីសង្គ្រាមឈ្លានពាន ដែលត្រូវទុកជាភស្តុតាងសម្រាប់រំលឹកដល់ការលះបង់ និងបទពិសោធន៍ដ៏លំបាករបស់ជាតិ ព្រមទាំងជាមេរៀនដល់យុវជនជំនាន់ក្រោយឱ្យយល់អំពីតម្លៃនៃ «សន្តិភាព» ។

គួរបញ្ជាក់ថា ការទម្លាក់គ្រាប់បែកនេះបានកើតឡើងនាព្រឹកថ្ងៃទី១៣ ខែធ្នូ ដោយយន្តហោះចម្បាំងថៃ បានទម្លាក់គ្រាប់បែកចំនួនពីរលើកមកលើស្ពាន បណ្តាលឱ្យខូចខាតទាំងស្រុង និងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ ៥។ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើឈ្លានពាននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម