ព័ត៌មានជាតិ
CMAC រកឃើញថា យោធាថៃប្រើគ្រាប់បែកចង្កោមនៃកាំភ្លើងធំប្រភេទ155MM ខ្ទង់១៣ម៉ឺនគ្រាប់ក្នុងការឈ្លានពានកម្ពុជា
ក្រុមអ្នកជំនាញ CMAC ស្រាវជ្រាវឃើញថា យោធាថៃបានប្រើកាំភ្លើងធំប្រភេទ155MM ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM ក្នុងសង្គ្រាមឈ្លានពានលើកម្ពុជា កាលពីពេលកន្លងទៅ។ យោងតាមរបាយការណ៍ស្រាវជ្រាវនោះ CMAC បានដាក់ការសង្ស័យថា យោធាថៃអាចប្រើគ្រាប់បែកចង្កោមប្រភេទនេះខ្ទង់១៣ម៉ឺនគ្រាប់ ដោយបាញ់ផ្លោងទាំងមកលើទីតាំងយោធា និងតំបន់ស៊ីវិលរបស់កម្ពុជា។

នៅក្នុងសិក្ខាសាលាស្ដីពីគ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា នៅសាលសន្និសីទសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឱ្យដឹងថា គ្រាប់បែកចង្កោម ដែលយោធាថៃបានប្រើប្រាស់ក្នុងការបាញ់មកលើទឹកដីកម្ពុជា គឺមាន៣ប្រភេទសំខាន់ គឺM42 M46 និងM85។

លោកអគ្គនាយក CMAC អះអាងថា គ្រាប់បែកចង្កោមទាំងនេះបានបាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ សាលារៀន មន្ទីរពេទ្យ តំបន់ស៊ីវិល និងទីតាំងកងទ័ពរបស់កម្ពុជា។
ការបញ្ជាក់របស់លោក ហេង រតនា គឺដោយសំអាងទៅតាមលទ្ធផលស្រាវជ្រាវរបស់ក្រុមជំនាញអង្គភាព CMAC នៅតំបន់រងផលប៉ះពាល់ចំនួន៣៧១ភូមិនៃខេត្តចំនួន៦ តាមបណ្តោយព្រំដែនខ្មែរ-ថៃ រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងនោះ គឺបានកំណត់ជាតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមរបស់ថៃចំនួនប្រមាណ៣ ៦០០ទីតាំង លើផ្ទៃដីសរុបប្រមាណ២ ៣៦០គីឡូម៉ែត្រក្រឡា។

ផ្អែកតាមការស្រាវជ្រាវខាងលើ លោក ហេង រតនា បានសន្និដ្ឋានថា យោធាថៃអាចប្រើប្រាស់គ្រាប់បែកចង្កោមកាំភ្លើងធំប្រភេទ155MM មានចំនួនប្រមាណ១២ម៉ឺនទៅ១៣ម៉ឺនគ្រាប់ ដែលមានកូនគ្រាប់បែកចង្កោមពី៦លានទៅ៧លានគ្រាប់ឯណោះ។ ប៉ុន្តែយ៉ាងណា លោក ថា នេះជាការស្រាវជ្រាវជំហានបឋម ដោយការស្រាវជ្រាវមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយយទេ។

គ្រាប់បែកចង្កោមប្រភេទនេះ គឺបានបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ និងយូរអង្វែងដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់រងផលប៉ះពាល់ ហេីយអង្គភាព CMAC ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការបន្តបេសកកម្មមនុស្សធម៌របស់ខ្លួន ដើម្បីធានាថាទឹកដីកម្ពុជាក្លាយជាតំបន់សុវត្ថិភាព ដោយគ្មានមីន គ្មានសំណល់យុទ្ធភ័ណ្ឌបន្សល់ពីសង្គ្រាម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


