ព័ត៌មានជាតិ
ស៊ីម៉ាក់លើកយកភស្តុតាងច្បាស់ៗតបនឹងថៃជុំវិញករណីគ្រាប់បែក MK-84 ជិត១តោន
ក្រោយពីមានការចុះផ្សាយពីសំណាក់សារព័ត៌មានថៃមួយចំនួន ជុំវិញករណីរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-84 ទម្ងន់ជិត ១តោន នៅលើទឹកដីកម្ពុជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានចេញមុខបកស្រាយលម្អិតលើទិដ្ឋភាពបច្ចេកទេស និងច្បាប់ចំនួន ៣ ចំណុចសំខាន់ៗ ដើម្បីឆ្លើយតបនឹងការបង្វែរការពិតទាំងនោះ។

ក្រោយការផ្សព្វផ្សាយជាបន្តបន្ទាប់ពីសំណល់គ្រាប់បែករបស់ថៃនៅកម្ពុជា ប្រទេសថៃបានច្រានចោលពីការរកឃើញទាំងអស់នេះនឹងថាគ្រាប់បែករបស់ខ្លួនពេលទម្លាក់លើកម្ពុជាគឺផ្ទុះទាំងអស់ ហើយការរកឃើញគ្រាប់បែក MK-៨៤ កន្លងទៅនេះគឺជាគ្រាប់បែកដែលសល់ពីសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ ប៉ុណ្ណោះមិនពាក់ព័ន្ធនឹងថៃទេ។
អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានឆ្លើយតបថាការលើកឡើងរបស់ថៃនេះ គឺជាសក្ខីកម្មថ្មីមួយដែលទាហានថៃសារភាពបក្សពួកខ្លួនឯង ថាពិតជាបានប្រើប្រាស់គ្រាប់បែកទម្លាក់ពីយន្តហោះ រំលោភឈ្លានពានបូរណភាពទឹកដីកម្ពុជាពិតប្រាកដមែន។ ម្យ៉ាងវិញទៀត តាមបច្ចេកទេសយោធា គ្រាប់យុទ្ធភណ្ឌតែងតែមានអត្រាមិនផ្ទុះ (Failing rate)។ ការលើកឡើងនេះ មិនខុសពីកាលករណីគ្រាប់បែកចង្កោមថៃដែលធ្លាក់ស្លាប់កុមារកម្ពុជាកន្លងទៅ ដែលកាលនោះពួកគេអះអាងថាផ្ទុះទាំងអស់ តែធាតុពិត សំណល់ទាំងនោះនៅតែបន្តបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងត្រូវបានស៊ីម៉ាក់រកឃើញជាហូរហែ។
ទាក់ទងនឹងការទម្លាក់កំហុសលើសង្គ្រាមទសវត្សរ៍ ៦០-៧០ លោក ហេង រតនា ថា អាចពិនិត្យលើលេខកូដអត្តសញ្ញណបាន ដោយលេខគ្រាប់បែកមានកូដគ្រាប់៖ 30003-923AS105 និងលេខឡូតិ៍ (Lot Number)៖ IMI96G015-011 ដែលផលិតដោយក្រុមហ៊ុនឧស្សាហកម្មយោធាអ៊ីស្រាអែល (IMI) នៅឆ្នាំ១៩៩៦។

លោកបានចោទសួរជាចម្លើយបកវិញថា៖ «តើគ្រាប់បែកដែលផលិតក្នុងឆ្នាំ១៩៩៦ អាចយកទៅប្រើប្រាស់ក្នុងសង្គ្រាមសហរដ្ឋអាមេរិកនៅកម្ពុជា អំឡុងឆ្នាំ១៩៦២–១៩៧៥ យ៉ាងដូចម្តេចកើត?»
ចំពោះការលើកឡើងថាគ្រាប់បែកនេះ «មិនអាចផ្ទៀងផ្ទាត់ប្រភពបាន» ស៊ីម៉ាក់បានបញ្ជាក់ថា ការផ្ទៀងផ្ទាត់គឺធ្វើឡើងលើភស្តុតាងជាក់ស្តែង ដូចជា គ្រឿងបង្គំគ្រាប់បែក ទីតាំងរណ្តៅ សាក្សី និងទិន្នន័យហោះហើរ។
លោកថា កន្លងមករដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ទិន្នន័យទម្លាក់គ្រាប់បែកទាំងអស់នៅកម្ពុជាជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រការបោសសម្អាតជាលក្ខណៈមនុស្សធម៌។ ប៉ុន្តែ សម្រាប់ទីតាំងគ្រាប់បែកដែលស៊ីម៉ាក់បានរកឃើញក្នុងករណីនេះ គឺគ្មាននៅក្នុងទិន្នន័យទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះឡើយ ដែលនេះបញ្ជាក់ច្បាស់ថាជាគ្រាប់បែករបស់ទាហានថៃ។

លោក ហេង រតនា បញ្ជាក់ថារាល់គ្រាប់បែកទម្លាក់ពីយន្តហោះ MK-84 គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌដទៃទៀត ដែលស៊ីម៉ាក់ប្រមូលបាន សុទ្ធតែមានកំណត់ត្រាទីតាំង និងស្ថានភាពច្បាស់លាស់ ដែលបើកចំហឱ្យអ្នកជំនាញជាតិ និងអន្តរជាតិអាចមកពិនិត្យផ្ទៀងផ្ទាត់បានគ្រប់ពេល។ ភស្តុតាងទាំងនេះ នឹងត្រូវរក្សាទុកជាមរតកប្រវត្តិសាស្ត្រ ដើម្បីរំលឹកពីទុក្ខសោកនៃសង្គ្រាម និងផ្សព្វផ្សាយនូវវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិទៅថ្ងៃអនាគត។
លោកថា៖ «ការពិតនៅតែជាការពិត ដោយគ្មានការក្លែងបន្លំ លាបពណ៌ និងមួលបង្កាច់អ្វីឡើយ»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន


