សុខភាព
តើត្រូវសង្គ្រោះបែបណាពេលឃើញអ្នកគ្រោះថ្នាក់រលាកភ្លើង រលាកទឹកក្តៅ និងទឹកអាស៊ីត
មូលហេតុផ្សេងៗ ដែលបណ្តាលឲ្យរលាកដូចជាភ្លើង ទឹកក្តៅ ខ្លាញ់ក្តៅ ហ្គាសក្តៅ ឬឆេះសាំងរលាកដោយឆក់ខ្សែភ្លើង អាស៊ីត កាំរស្មី ជាដើម។ល។

ក) កម្រិតនៃការរលាក៖
ប្រសិនបើការរលាកស្បែកចាប់ពី ២០%ឡើងទៅ វាបណ្តាលឲ្យមាន៖
– ការឈឺចាប់ រលាកក្រហម ហើម រលួយ
– ក្តៅខ្លួន ឬត្រជាក់ខ្លួន បេះដួងដើរញាប់ ដង្ហើមញាប់ គ្រាប់ឈាមសឡើង
– បេះដូង និងសរសៃឈាម: វាបណ្តាលឲ្យសម្ពាធឈាមចុះ ឬ សុក
– ផ្លូវដង្ហើម: វាបណ្តាលឲ្យរលាកផ្លូវដង្ហើម រលាកសួត ឬហើមសួតធ្ងន់ធ្ងរ
– តម្រងនោម: វាបណ្តាលឲ្យខូចតម្រងនោមដោយសារ៖
+ បាត់បង់ជាតិទឹកនៅក្នុងខ្លួន
+ ការខូចសាច់ដុំនៅពេលរលាកដោយការឆក់ខ្សែភ្លើង
+ មេរោគនៅក្នុងឈាម
+ តម្រងនោមពុលដោយសារថ្នាំផ្សះ


ខ) មូលហេតុនៃការរលាកស្បែក៖
ការរលាកស្បែក គឺជាការបញ្ជូនថាមពលរវាងប្រភពកម្ដៅនឹងខ្លួនមនុស្សយើង។ មូលហេតុដែលបណ្តាលឲ្យរលាកស្បែកមាន:
– ការរលាកដោយកំដៅ (Brûlure thermique):
+ ប៉ះផ្ទាល់ជាមួយ ភ្លើង ទឹកក្តៅ ប្រេងក្តៅ ភ្លើងធ្យូង ដុំដែកក្តៅ ។ល។
+ ការឆាបសាំង អាល់កុល ហ្គាស
– ការឆក់ខ្សែភ្លើង (Brûlure électrique)
– អាស៊ីត: ភាពធ្ងន់ធ្ងរវាទាក់ទងទៅនឹងប្រភេទអាស៊ីត បរិមាណអាស៊ីត កំហាប់អាស៊ីត និងរយៈពេលនៃការប៉ះពាល់។
គ) កត្តាប្រឈមគ្រោះថ្នាក់ ដែលធ្វើឲ្យអ្នករងគ្រោះមានសភាពធ្ងន់ធ្ងរ៖
– អាយុៈ តិចជាង៥ឆ្នាំ ឬ ច្រើនជាង៦០ឆ្នាំ
– ភាគរយនៃការរលាក ចាប់ពី ៤០% ឡើងទៅ
– ការរលាកមានជម្រៅជ្រៅ
– ការរលាកដោយមានការបឺតចូលផ្លូវដង្ហើមនូវផ្សែងពុល
– មានការរលាកផ្លូវដង្ហើមរួមផ្សំ
– មានការប៉ះទង្គិចរួមផ្សំ
– ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយដូចជាៈ លើសឈាម ជំងឺទឹកនោមផ្អែម ជំងឺសួតរ៉ាំរ៉ៃ ។ល។

ឃ) វិធីជួយសង្គ្រោះ៖
ការជួយសង្គ្រោះបឋមគឺធ្វើឡើងដោយអ្នកឃើញហេតុការណ៍ផ្ទាល់ ឬអ្នកនៅជុំវិញជនរងគ្រោះទៅតាមប្រភេទ និងស្ថានការណ៍នីមួយៗ:
– អ្នកជួយសង្គ្រោះត្រូវមានសុវត្ថិភាពខ្លួនឯងជាចម្បងសិន។ ឧទាហរណ៍: ជនរងគ្រោះរលាកដោយសារការឆក់ខ្សែភ្លើង គឺយើងត្រូវបិទភ្លើងសិន។ បើរលាកដោយសារសារធាតុគីមី គឺយើងត្រូវពាក់ម៉ាស់ និងស្រោមដៃ។
– បញ្ឈប់រាល់មូលហេតុដែលបណ្តាលឲ្យរលាកស្បែក។ យកជនរងគ្រោះចេញឲ្យឆ្ងាយពីប្រភពរលាក ដោះសំលៀកបំពាក់ចេញ និងលាងសំអាតកន្លែងដែលរលាក។
– ប្រើប្រាស់ទឹកស្អាត ឬទឹកម៉ាស៊ីនដើម្បីបន្ថយកម្ដៅ និងការឈឺចាប់។
– ពន្លត់ភ្លើងក្នុងករណីមានការឆាបឆេះទៅលើជនរងគ្រោះ ដោយឲ្យជនរងគ្រោះដេកនៅលើដី រួចរមៀលឬយកអ្វីមួយមកគ្រប ឬយកទឹកមកបាចពន្លត់។
– ក្នុងករណីរលាកដោយសារសារធាតុគីមី ត្រូវលាងសំអាតនឹងទឹកឲ្យបានយូរ។
– ប្រសិនបើខ្ទាតចូលភ្នែក ក៏ត្រូវលាងសំអាតភ្នែកនឹងទឹកឲ្យបានយូរដែរ។
– ត្រូវគ្របដណ្តប់អ្នកជំងឺរលាកភ្លើងដោយក្រណាត់ស្អាត រួចបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។
– អ្វីដែលយើងមិនត្រូវធ្វើមាន:
+ មិនត្រូវយក ម្សៅ ប្រេង ឬអ្វីផ្សេងៗ មកលាបលើមុខរបួសទេ
+ មិនត្រូវប្រើប្រាស់ទឹកកកទេ
+ មិនត្រូវលាងទឹកយូរពេក ដែលនាំឲ្យអ្នកជំងឺត្រជាក់ខ្លួនខ្លាំង ក៏ជាកត្តាគ្រោះថ្នាក់មួយដែរ។


ង) ការព្យាបាល៖
ប្រសិនបើកម្រិតនៃការរលាក ចំពោះក្មេងចាប់ពី ១០% ឡើងទៅ មនុស្សចាស់ចាប់ពី ២០% ឡើងទៅ សូមនាំអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ និងព្យាបាលឲ្យបានត្រឹមត្រូវ ជៀសវាងផលវិបាក និងជំងឺផ្សេងៗ ដែលកើតមានដោយសារការរលាក។

ក្រុមការងារគ្រប់ជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សូមជម្រាបលោក លោកស្រីមេត្តាប្រយ័ត្នប្រយែងនឹងគ្រោះថ្នាក់ជាយថាហេតុ និងសូមមេត្តាប្រញាប់ប្រញាល់មកទទួលការសង្គ្រោះជាបន្ទាន់ ករណីជួបប្រទះស្ថានការណ៍រៀបរាប់ខាងលើ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហាត់ប្រាណទាំងមានអាការឈឺចាប់លើរាងកាយល្អ ឬអត់?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


