ព័ត៌មានជាតិ
ប្រធានាធិបតីវៀតណាម អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មី នៅវិមានរដ្ឋសភា
នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈពេលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយបន្ទាប់ពីជំនួបសម្តែងការគួរសម សម្តេចប្រធានរដ្ឋសភា និងលោកប្រធានរដ្ឋវៀតណាម បានអញ្ជើញជាអធិបតីភាពរួមគ្នា នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម នៅក្នុងបរិវេណវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់លោក ង្វៀន សួនហ៊្វុក និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកដែលនឹងរួមចំណែកទ្វេដងទៀត ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជានាពេលនេះ បានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលមានជាយូរមកហើយនោះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ទោះបីជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក្តី ក៏កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសបានចែករំលែកព័ត៌មាន និងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទាំងថវិកា និងសម្ភារបរិក្ខារពេទ្យ។ ជាមួយគ្នានេះ ក្នុងនាមរដ្ឋសភាកម្ពុជាសម្តេចបានថ្លែងអំណរគុណចំពោះជំនួយជាថវិកាចំនួន ២៥លានដុល្លារអាមេរិក ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនសម្រាប់កសាងអគាររដ្ឋបាលរដ្ឋសភា ដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះ។

លើកឡើងក្នុងឱកាសនោះដែរ លោក ង្វៀន សួនហ្វ៊ុក បានអបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ និងសំខាន់ៗដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបាននាពេលកន្លងមក ទាំងនៅស្ថាប័ននីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ។

បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សម្តេចប្រធានរដ្ឋសភានៅក្នុងការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឲ្យមានការរីកចម្រើនជាលំដាប់។ លោកប្រធានរដ្ឋសភា បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ នៃប្រទេសទាំងពីរ និងមានក្តីសង្ឃឹមថាក្រោមកិច្ចសហប្រតិបត្តិការជាប្រពៃណី និងបងប្អូននេះ ប្រទេសកម្ពុជា និងវៀតណាមនឹងសម្រេចបានសមិទ្ធផលធំៗបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា អគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមនេះ មានកម្ពស់១២ជាន់ និងមានចំណតរថយន្តចំនួនពីរជាន់ទៀត ជាសំណង់ដែលប្រកបដោយសោភ័ណភាព នឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាមជារៀងតទៅ។

នៅក្នុងរបាយការណ៍ ដែលបានលើកឡើងដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបង្ហាញថា នៅក្នុងគម្រោងអនុវត្តដ៏ធំក្នុងការសាងសង់អគាររដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាមនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចាត់ចែងអនុវត្តទៅតាមផែនការដែលមាន៤ ដំណាក់កាល គឺការដេញថ្លៃជ្រើសរើសទីប្រឹក្សា បន្ទាប់មកជ្រើសរើសក្រុមហ៊ុន Archetype បានផ្តើមកសាងប្លង់ទាំងឡាយ និងបន្ទាប់មកបានដាក់សុំការអនុញ្ញាតសាងសង់ជូនទៅក្រសួងដែនដីនគរូបនីយកម្ម ដំណាក់កាលទី៣ គឺដេញថ្លៃការសាងសង់អគារ និងការផ្គត់ផ្គង់បរិក្ខារទាំងឡាយ ដែលបានកំពុងអនុវត្ត និងដំណាក់កាលចុងក្រោយគឺត្រូវធ្វើការសាងសង់អគារ និងបំពាក់គ្រឿងបរិក្ខារឲ្យរួចរាល់ ក្នុងពេលឲ្យបានឆាប់ ជាការល្អ៕
ដោយ ៖ កោះកែវ



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


