Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម សង្ឃឹមថាការកំណត់ព្រំដែនដែលនៅសេសសល់១៦% នឹងត្រូវបានដោះស្រាយក្នុងពេលខាងមុខ

បានផុស

នៅ

ប្រមុខរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលសម្រេចបានប្រមាណ ៨៤% ហើយបានបង្ហាញក្តីសង្ឃឹមថា កំណាត់ព្រំដែនដែលនៅសេសសល់ ១៦% នឹងត្រូវបានដោះស្រាយជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ តាមរយៈយន្តការសន្តិវិធី និងបច្ចេកទេស។

ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរ បានកោតសរសើរចំពោះកិច្ចការរបស់គណៈកម្មការចម្រុះព្រំដែន និងបានសង្ឃឹមយ៉ាងមុតមាំថា កំណាត់ព្រំដែនដែលនៅសេសសល់ ១៦% និងត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយតួរលេខនេះនឹងថុយចុះក្នុងឆ្នាំខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរំលេចទៀតថា ថ្នាក់ដឹកនាំទាំងពីរ ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការពារជាតិនិង សន្តិសុខ ដោយប្តេជ្ញាបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយបានឯកភាពលើកកម្ពស់ទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ រួមទាំងការ កសាងសមត្ថភាពផងដែរ។ 

 
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា បង្គោលព្រំដែនរាប់រយដែលត្រូវបានបោះតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ គឺជាសក្ខីភាពនៃឆន្ទៈរបស់ភាគីទាំងពីរក្នុងការកំណត់ព្រំដែនឱ្យបានច្បាស់លាស់ សម្រាប់ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ប្រជាជាតិទៅថ្ងៃអនាគត។សម្តេចបានបញ្ជាក់ថា ការបោះបង្គោលព្រំដែនមិនត្រឹមតែជាការបញ្ចប់បញ្ហាបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការគ្រប់គ្រង និងការពារព្រំដែនរបស់កម្ពុជាក្នុងរយៈពេលវែង។

គួរបញ្ជាក់ថា កម្ពុជា និងវៀតណាម មានព្រំដែនគោករួមគ្នាប្រមាណ ១,២៧០គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះ ប្រទេសទាំងពីរបានសម្រេចការបោះបង្គោលព្រំដែន និងកំណត់ខ្សែព្រំដែនបានប្រមាណ ៨៤% ខណៈ ១៦% ដែលនៅសេសសល់ កំពុងត្រូវបានពិភាក្សា និងដោះស្រាយដោយគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ។

ជុំវិញបញ្ហានេះ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ធ្លាប់បានថ្លែងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ថា កម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាយកវិធីសាស្ត្រសន្តិវិធីជាគោលក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយមិនប្រើប្រាស់កម្លាំង ឬការគំរាមកំហែងនោះឡើយ។ លោកបញ្ជាក់ថា ការវាស់វែង និងកំណត់ព្រំដែនរវាងប្រទេសទាំងបី ត្រូវបានអនុវត្តដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ផែនទី និងយន្តការដែលមានស្រាប់ ដែលជាគំរូមួយនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងតាមបច្ចេកទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម