ព័ត៌មានជាតិ
គយ និងរដ្ឋាករខេត្តកោះកុង ទទួលបង់ពន្ធរថយន្ត គ្មានពន្ធចំនួន ៦៧គ្រឿង
គិតចាប់ពីខែកញ្ញា ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ មន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង បានប្រមូលថវិកាប្រមាណ ៦៤៦.០០០ដុល្លារ ពីម្ចាស់រថយន្តចំនួន ៦៧គ្រឿង ដែលបានស្ម័គ្រចិត្តចូលខ្លួន មកបំពេញកាតព្វកិច្ចបង់ពន្ធ ជូនរដ្ឋ។
តបនឹងសារអំពាវនាវ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងផ្តល់ភាពស្របច្បាប់ដល់អ្នកប្រើប្រាស់គ្មានពន្ធត្រឹមត្រូវ គេសង្កេតឃើញមាន ម្ចាស់រថយន្តតូចធំ ៦៧គ្រឿង ជ្រកក្រោមស្លាកលេខផ្សេងៗ បានចូលខ្លួន ទៅបង់ពន្ធនាំចូលនៅសាខាគយ និងរដ្ឋាករខេត្តកោះកុង។
ក្នុងចំណោមយានយន្តចំនួន ៦៧គ្រឿងនោះ មានរថយន្តចំនួន ៣០គ្រឿងបង់ពន្ធគ្រប់ចំនួន ស្មើនឹងថវិកាប្រមាណ ៣៨ម៉ឺនដុល្លារ និង ៣៧គ្រឿងផ្សេងទៀត បង់ប្រាក់កក់សិន ស្មើថវិកាប្រមាណ ២៦ម៉ឺនដុល្លារ។ នេះបើតាមការឲ្យដឹងរបស់លោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១។
ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានបន្ថែមទៀតថា ក្រោយម្ចាស់រថយន្តចង្កូតស្តាំ បានបង់ពន្ធរួចរាល់ គឺតម្រូវឲ្យចង្កូតពីស្តាំមកឆ្វេងវិញ ព្រមទាំងធ្វើស្លាកលេខថ្មី។ ជាគោលការណ៍ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធ នឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករ ១០ភាគរយទៀតឡើយ។
នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២តទៅ រថយន្តគ្មានពន្ធ នឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបាន ត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល។
ដូច្នេះសាខាគយ និងរដ្ឋាករខេត្តកោះកុង ក៏ជំរុញដល់ម្ចាស់រថយន្តគ្មានពន្ធទាំងអស់ ប្រញាប់ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករយ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០ភាគរយ។
ម្ចាស់រថយន្តគ្មានពន្ធ ដែលសុំមិនបញ្ចេញឈ្មោះ និយាយថា ពួកគាត់ប្រើរថយន្តដឹកទំនិញគ្មានពន្ធចំនួន ២ឆ្នាំ ដោយ សារកត្តាជីវភាព ទើបទិញរថយន្តបែបនេះ។ ខ្លះទៀត ថ្លែងថា គាត់ទិញទំនើបដែលកំពុងពាក់ស្លាកលេខ ខ.ម មកពីប្រទេសវៀតណាម ព្រោះតម្លៃទាប ជាងតម្លៃរថយន្ត មានពន្ធត្រឹមត្រូវលក់នៅលើទីផ្សារ។
ក្រុមម្ចាស់រថយន្តទាំងនោះ អះអាងថា ការដែលពួកគាត់ស្ម័គ្រចិត្ត បំពេញកាតព្វកិច្ចតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានមុនថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ក៏ព្រោះតែមិនចង់ ជិះរថយន្តគ្មានពន្ធ ពោល គឺចង់បានភាពស្របច្បាប់ មិនគេចវេសពីអាជ្ញាធរមន្រ្តីជំនាញ បន្តទៀតឡើយ៕
អត្តបទ៖ សិរី វឌ្ឍនៈ






-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


