Connect with us

ព័ត៌មានជាតិ

នៅសល់តែ ២ភូមិប៉ុណ្ណោះ ក្នុងខេត្តកំពង់ចាម ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់

បានផុស

នៅ

ខេត្តកំពង់ចាម នៅសល់តែភូមិចំនួន ២ប៉ុណ្ណោះ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ខណៈជាង ៩០០ភូមិទៀត មានប្រើប្រាស់រួចហើយ។ នេះបើតាមការឲ្យដឹងពីលោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។

លោក ខ្លូត ផន បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ចាម” នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈនេះថា វិស័យអគ្គិសនី ក្នុងខេត្តកំពង់ចាម បានភ្ជាប់បណ្ដាញចំនួន ៩១៤ភូមិ លើ ៩១៦ភូមិ ស្មើនឹង ៩៩.៧៨ភាគរយ ដែលមានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ២០១,៣៣៧ ខ្នងផ្ទះ។

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកឡើងបន្តថា មានតែក្នុងសម័យតេជោទេ ទើបខេត្តកំពង់ចាម មានអគ្គិសនីប្រើប្រាស់ស្ទើរគ្រប់ភូមិទាំងអស់ ពោលគឺនៅសល់តែ ២ភូមិប៉ុណ្ណោះ។ លោកថា «ព្រោះកម្ពុជាយើងអត់ដែលជួប ទើបសម័យនេះទេ សម័យតេជោទេ គ្រប់ភូមិនិយាយដល់ខេត្តកំពង់ចាម នៅសល់តែ ២ភូមិទៀតទេ រឿងអគ្គិសនី»។

បើតាមមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម បានឲ្យដឹងថា ចំពោះភូមិចំនួន ២ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់នោះ គឺស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ដែលភូមិទីមួយស្ថិតនៅតំបន់កោះតូច នៃឃុំពាមជីកង ស្រុកកងមាស។ ភូមិទីពីរ ស្ថិតនៅតំបន់នារី ក្នុងឃុំអូរម្លូ ស្រុកស្ទឹងត្រង់។ អាជ្ញាធរខេត្តកំពង់ចាម នឹងខិតខំដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធ ដើម្បីតភ្ជាប់ខ្សែបណ្ដាញអគ្គិសនី នៅក្នុងភូមិទាំង ២នេះ នាពេលខាងមុខ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម