Connect with us

នយោបាយ

សម្តេច ហ៊ុន សែន ៖ ការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន គឺបង្កើតទម្លាប់អាក្រក់ «អ្នកខ្លាំង គឺវាយអ្នកខ្សោយ»

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ បានប្រកាសចេញនូវគោលជំហរបស់កម្ពុជាមិនគាំទ្រចំពោះការលើកទ័ពរបស់រុស្ស៊ីទៅឈ្លានពានប្រទេសអ៊ុយក្រែន។ សម្តេចតេជោ បានហៅសកម្មភាពរបស់រុស្ស៊ី ថាជាការបង្កើតនូវទម្លាប់អាក្រក់នៅលើពិភពលោក គឺប្រទេសខ្លាំងវាយលើប្រទេសទន់ខ្សោយ។ ដូចនេះ​ហើយ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ទោះនៅទីណាក៏ដោយ ក៏កម្ពុជានៅតែបោះឆ្នោតប្រឆាំ​ង​នឹងសកម្មភាពនេះជានិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«អ្នកខ្លាំង គឺវាយអ្នកខ្សោយ» នេះ គឺជាទម្លាប់អាក្រក់លើពិភពលោកដែលប្រមុខដឹកនាំកម្ពុជាមិនចង់ឃើញទា​ល់តែសោះ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសជាសាធារណៈ និងបាញ់ឆ្ពោះទៅកាន់រុស្ស៊ីថា កម្ពុជា ប្រឆាំងនឹងការឈ្លានពាន ហើយ​ប្រឆាំងនឹងការប្រើប្រាស់កម្លាំងយោធាទៅលើប្រទេសអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នេះ គឺជាបន្ទាត់នយោបាយការបរទេសេរបស់កម្ពុជាដែលត្រូវតែប្រកាន់ និងអនុវត្តតាមជាដាច់ខាត។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ពីក្រុងតាខ្មៅទៅដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា៖ «រឿងនេះ មិនមែនជារឿងតូចតា​ចទេ រឿងបង្កើតឡើងនូវទម្លាប់អាក្រក់លើពិភពលោក អ្នកខ្លាំង គឺវាយអ្នកខ្សោយ។ អ៊ីចឹង បើថ្ងៃក្រោយ អ្នកខ្លាំងវាយអ្នកខ្សោយ វាយមកលើយើង អ្នកណាជួយយើងទៀត បើយើងមិននៅ…អាហ្នឹង និយាយគ្នាឲ្យ​ច្បាស់ អ៊ីចឹង បានយើងប្រកាន់គោលការណ៍មួយជាក់លាក់…»។ ជាមួយនឹងការលើកឡើងបែបនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជាទៅកាន់រដ្ឋមន្រ្តីការបរទេសកម្ពុជា ឲ្យបន្តបោះឆ្នោតជាលលក្ខណៈអន្តរជាតិប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែន ពោល គឺរក្សាគោលជំហរដូចនៅក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិអ៊ីចឹងដែរ។

ត្បិតថា ប្រឆាំងនឹងការលើកទ័ពឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ច្បាស់ៗម្តងជា២ដងរួចមកហើយដែរថា កម្ពុជា មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់ទៅចូលរួមធ្វើជាទាហានជួយដល់លកងទ័ពអ៊ុយក្រែនទប់ទល់នឹងកងទ័ពរុស្ស៊ី បើទោះបីជាមានការស្នើសុំដោយការស្ម័គ្រចិត្តយ៉ាងណាក៏ដោយ។ សម្រាប់សម្តេចតេជោ កម្ពុជា មិនអាចឲ្យប្រជាពលរដ្ឋរបស់ខ្លួនទៅស្លាប់នៅក្នុងប្រទេសអ៊ុយក្រែនឡើយ៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម