Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ពុកគឺជា សម្តេចពុករបស់ប្រជាជនកម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន​រម្លឹក​ពី​ដំណើរ​តស៊ូ​របស់​សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​រំដោះ​ជាតិ​ពី​របប​ខ្មែរ​ក្រហម​ និង​កសាង​ប្រទេស​កម្ពុជា​ពី​ផេះផង់​រហូត​អភិវឌ្ឍន៍​ដូច​បច្ចុប្បន្ន​គឺ​ជា​គុណ​បំណាច់​ដ៏​ធំធេង​ដែល​លើស​ពី​ឪពុក​ម្នាក់​ តែ​ជា​ពុក​របស់​ប្រជាជន​កម្ពុជា​ទាំង​មូល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ​ចំខួប​៤៩​ឆ្នាំ​​ នៃ​ការ​សម្រេច​ចិត្ត​របស់​សម្ដេច​តេជោ​ភៀស​ខ្លួន​ទៅ​វៀតណាម​ដើម្បី​ស្វែង​ជំនួយ​រំដោះ​ប្រទេស​កម្ពុជា​ពី​របប​ខ្មែរ​ក្រហម​ថា​សម្ដេច​តេជោ​ លើសពីឪពុកតែ​គឺជា​«សម្តេច​ពុក​របស់​ប្រជាជន​កម្ពុជា​»។ លោក​បាន​លើក​ឡើង​បន្ថែម​ថា​ថ្ងៃ​ទី​២០ ខែ​មិថុនា គឺ​ជា​របត់​ប្រវត្តិសាស្ត្រ​ដែល​ស្ទើតែ​ពេញ​មួយ​ជីវិត​របស់​សម្ដេច​តេជោ គឺ​ ជាតិ និង​ប្រជាជន។

លោក​សរសេរ​ថា៖ «បើគ្មានការសម្រេចចិត្តដ៏លំបាកនៅយប់ថ្ងៃទី២០ មិថុនា ១៩៧៧ នោះ​ក៏​មិន​អាច​នាំ​ទៅ​ដល់​ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ថ្ងៃទី១២ ឧសភា ១៩៧៨ និង​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិកម្ពុជា នៅថ្ងៃ២ ធ្នូ ១៩៧៨ ហើយ​ឈាន​ទៅ​សម្រេច​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រថ្ងៃ ៧ មករា ១៩៧៩ ដែរ»

ក្នុង​នាម​ជា​កូន​មួយ​រូប​សម្ដេច​តេជោ​ផង​នោះ លោក​ ហ៊ុន ម៉ានី ថា​ជិត​កន្លះ​សតវត្ស​មក​នេះ​ពលិកម្ម​និង​គុណបំណាច់​សម្ដេច​តេជោ ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន​របស់​កម្ពុជា​បាន​ កសាង​ប្រទេស​កម្ពុជា​ពី​បាត​ដៃ​ទទេ ឆ្ពោះ​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ ឯកភាពជាតិ ឯកភាព​ទឹកដី សន្តិភាព​ពេញលេញ ស្ថិរភាព និង​ការ​អភិវឌ្ឍ ព្រម​ទាំង​ផ្ដល់​ជីវិត​ថ្មី​ដល់​ប្រជាចន​កម្ពុជា​រាប់​លាននាក់ និងដឹកនាំ​ប្រទេស​ឱ្យមានការ​ទទួល​ស្គាល់​ស្មើមុខ​ស្មើមាត់​លើ​ឆាក​អន្តរជាតិ​។​


លោក​បាន​សរសេរ​បន្ថែម​ថា៖ «យើងខ្ញុំសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងប្រ​ណិ​ប័ត​តាម​គំរូ​វីរ​ភាព​ដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុន ដោយប្តេជ្ញាការពារសន្តិភាព និង​ថែរក្សា​សមិទ្ធផល ដែលថ្នាក់ដឹកនាំជំនាន់មុនបានកសាងឡើងដោយលំបាក ហើយហ៊ានចេញមុខការពារប្រទេសជាតិ ទោះក្នុងតម្លៃណាក៏ដោយ»

គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរ​តស៊ូ​ឆ្ពោះ​ទៅ​រកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និង​ប្រជាជន​កម្ពុជា​ចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹង​យុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេច​ចិត្តក្នុង​ស្ថានភាពដ៏តាន់តឹង​បំផុតលា​ចាក​ទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃ​ជាទីស្រឡាញ់​ធ្វើដំណើរជ្រែ​កស្បៃ​រាត្រីឆ្លង​កាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បីស្វែង​រកគាំទ្រ​ក្នុង​ការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញ​ពីក្រញាំ​បិសាច​ដ៏សែន​ឃោរឃៅ ប៉ុលពត។


ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំ​ឱ្យមាន​ការរំ​ដោះ​ប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់​ការបែក​បាក់​ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង​អភិវឌ្ឍប្រទេស​ឱ្យរីក​ចម្រើនដូចពេលបច្ចុប្បន្ន។

ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និង​ដើម្បីគាសរំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និង​ប្រជាជន​​សម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ ចាប់តាំង​ពីឆ្នាំ២០១៧​នោះមក ក្រសួងការពារជាតិ ក៏បានទទួល​ភារកិច្ចរៀប​ចំប្រារព្ធ​ពិធី​ដើម្បី​រម្លឹក​ដល់​ទិវា​នេះ​ជារៀង​រាល់​ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់​ប្រវត្តិ​សាស្ត្រ​មួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម