Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ចង់ឱ្យរដ្ឋសមាជិកអង្គការហ្រ្វង់កូហ្វូនីពង្រីកកិច្ចសហការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម

បានផុស

នៅ

ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យប្រទេសជាសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយការពង្រីកក្របខណ្ឌកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ បំណងបែបនេះរបស់សម្ដេចតេជោ បានធ្វើឡើងនៅចំពោះមុខបេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី លោក Dacian Julien Cioloş និងជាទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបទល់មុខនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ សម្ដេចតេជោ បានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយនឹងលោក Dacian Julien Cioloş អំពីប្រព័ន្ធពហុភាគីនិយម ពិសេសក្នុងក្របខណ្ឌនៃតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាងណាក្នុងនាមជាអង្គការដែលមានសមាជិកដ៏ច្រើន សមាជិកទាំងអស់នោះត្រូវតែពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។

ក្នុងគោលគំនិតនេះ សម្ដេចតេជោ បានចែករំលែកនូវទស្សនៈទាក់ទងទៅនឹងការពង្រីកកិច្ចសហការក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី តាមរយៈការប្រាស្រ័យទាក់ទង ឬក៏កិច្ចការសេដ្ឋកិច្ចជាមួយគ្នា ដែលប្រទេសជាសមាជិកគួរតែពង្រឹងបន្ថែមក្នុងកិច្ចសហការសេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្ម និងវិនិយោគ។

ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ សម្ដេច ថា ដើម្បីឱ្យមានការគាំទ្រដល់នយោបាយនៃទំនាក់ទំនងរវាងប្រទេសដែលជាសមាជិក។ ម្យ៉ាង គឺធ្វើឱ្យតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល ឬក៏កាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ ក៏ចង់ឱ្យអង្គការដែលបណ្ដុំក្រុមប្រទេសនិយាយភាសាបារាំងមួយនេះ គប្បីពិចារណាគាំទ្រសមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិផងដែរ។ ចំពោះវត្តមានរបស់លោក Dacian Julien Cioloş នៅកម្ពុជានាពេលនេះ សម្ដេច សង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី កាន់តែរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអង្គការហ្វ្រង់កូហ្វូនី កាន់តែល្អប្រសើរបន្ថែមទៀត។

ជាការឆ្លើយតប លោក Dacian Julien Cioloş បានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងបន្ថែមទៀត។ ទាក់ទងនឹងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី លោកបានគូសរំលេចជូនសម្ដេចតេជោពីតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ដែលបានដើរតួយ៉ាងសំខាន់ក្នុងការពង្រីកពង្រឹងនូវពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀត។

នៅក្នុងក្របខ័ណ្ឌកិច្ចការអន្តរជាតិនេះ លោក ក៏បានអបអរសាទរចំពោះកម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងខែវិច្ឆិកាខាងមុខនេះ ដែលលោកចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះគឺជាឱកាសដ៏ល្អសម្រាប់កម្ពុជានៅក្នុងការចូលរួមចំណែកក្នុងក្របខណ្ឌនៃអង្គការហ្វ្រង់កូហ្វូនីនេះ។

បើតាមទីប្រឹក្សាពិសេសរូបនេះ ក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខាងមុខ ប្រធានាធិបតីរ៉ូម៉ានី នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា រួមទាំងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួនទៀត។ សម្ដេចតេជោបានបញ្ជាក់ទៅវិញដោយរង់ចាំស្វាគមន៍ចំពោះវត្តមានរបស់ប្រធានាធិបតី និងអ្នកធុរកិច្ចទាំងអស់មកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម