ព័ត៌មានជាតិ
តំបន់ប្រាសាទកោះកេរ មានអំណោយផលកសិកម្មផ្លែឈើ ពិសេសក្នុងឱកាសចូលឆ្នាំ និងខែឧសភា
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ក្រៅពីតំបន់អង្គរដែលកម្ពុជាមាន និងល្បីល្បាញទាំងក្នុងប្រទេស និងឆាកអន្តរជាតិជាយូរមកហើយនោះ ប្រជាពលរដ្ឋគួរតែឈ្វេងយល់បន្ថែមទៀតនៅតំបន់រមណីដ្ឋានកោះកេរ ព្រោះជាអតីតរាជធានីមួយដែរ នៅសម័យអង្គរ ហើយក៏មានសក្ដានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍កសិកម្ម។

លោក គង់ ពុទ្ធិការ មានប្រសាសន៍បន្តថា៖ “ក្នុងតំបន់កោះកេរ មានកសិផលមួយចំនួនដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចទៅជាវ និងទទួលទានបានដូចជា ទុរេន សាវម៉ាវ ទៀប ល្ហុង ចន្ទី និងផ្លែឈើក្នុងស្រុកមួយចំនួនទៀត ជាពិសេសក្នុងខែមេសា និងខែឧសភា ដែលសម្បូរផ្លែឈើ អ៊ីចឹងភ្ញៀវទេសចរអាចទៅកម្សាន្តនៅប្រាសាទកោះកេរ និងទទួលទានផ្លែឈើក្នុងតំបន់ផងដែរ”។
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រូបនេះបញ្ជាក់ថា តំបន់ប្រាសាទកោះកេរ ជាតំបន់ដីក្រហម ដីមានជីជាតិ ដាំដុះបានល្អ ជាពិសេសដំណាំទុរេន និងសាម៉ាវ ដែលប្រជាពលរដ្ឋដាំលក្ខណៈចម្ការគ្រួសារ ក្នុងមួយគ្រួសារដាំ ៣ ទៅ ៥ ហិចតា ដែលអាចទទួលភ្ញៀវទេសចរគ្រប់គ្រាន់។

លោក គង់ ពុទ្ធិការ មានប្រសាសន៍ឆ្លើយតបបន្ថែមថា៖ តំបន់ប្រាសាទកោះកេរ កាលឆ្នាំ ២០០៤ ២០០៥ គឺធ្វើដំណើរចេញពីខេត្តសៀម ១ថ្ងៃវាល់ល្ងាចទើបដល់ ប៉ុន្តែក្រោយពីរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ឥឡូវអ្នកសៀមរាបអាចមកលេងតំបន់ប្រាសាទកោះកេរវិលល្ងាចបាន។
លោក គង់ ពុទ្ធិការ បញ្ជាក់ថា៖ “ចំណែកអ្នកមកពីភ្នំពេញ អាចមកលេងប្រាសាទកោះកេរហើយ សម្រាកនៅទីរួមខេត្តព្រះវិហារ១យប់ ហើយអាចបន្តទៅប្រាសាទព្រះវិហារ និងខេត្តសៀមរាបបាន ខណៈនៅតំបន់ប្រាសាទកោះកេរមានផ្ទះសំណាក់ចំនួន២ មានជាង ២០ បន្ទប់ស្នាក់”។

សូមជម្រាបថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។
ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត។

កម្ពុជាបានដាក់ឯកសារស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោកកាលពីដើមឆ្នាំ២០២១ ចំណែកខាងគណៈកម្មការបេតិកភណ្ឌពិភពលោក បានទទួលឯកសារ និងបានបញ្ជូនអ្នកជំនាញមកពិនិត្យ និងវាយតម្លៃរួចហើយ កាលពីឆ្នាំ២០២១កន្លងទៅ ដោយយើងនៅរង់ចាំលទ្ធផលប្រជុំសម្រេចពី គណៈកម្មការបេតិកភណ្ឌពិភពលោក នៅកំឡុងខែ មិថុនា ឬ ខែកក្កដា ខាងមុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


