Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញ រកឃើញជាលើកដំបូងនូវទីតាំងគ្រឹះប្រាសាទបុរាណមុនសម័យអង្គរ ក្នុងខេត្តមណ្ឌលគិរី

បានផុស

នៅ

ក្រុមមន្រ្តីជំនាញដឹកនាំដោយលោក សុខ ទីឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានចុះពិនិត្យ សិក្សា និងវាយតម្លៃទីតាំងបុរាណមួយកន្លែងស្ថិតនៅភូមិអបួន ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្រោយចុះពិនិត្យផ្ទាល់ តាមការសិក្សាបឋមបានបង្ហាញថា ទីតាំងនេះអាចជាគ្រឹះប្រាសាទបុរាណដែលមានអាយុកាលមុនសម័យអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ទីឃាវុឌ្ឍ បានប្រាប់កម្ពុជាថ្មីថា ភស្តុតាងសំខាន់ដែលត្រូវបានរកឃើញ រួមមានបំណែកឥដ្ឋ បំណែកថ្ម និងជើងទម្រលិង្គព្រះឥសូរ ដែលជារូបសញ្ញាសាសនាហិណ្ឌូពាក់ព័ន្ធនឹងព្រះឥសូរ។ ការរកឃើញលិង្គនេះបង្ហាញពីសក្ខីកម្មនៃការគោរពសាសនាហិណ្ឌូនៅតំបន់នេះក្នុងអតីតកាល។ លើសពីនេះ ការរៀបចំឥដ្ឋជាជួរថ្នាក់ៗ ដូចជាជញ្ជាំង បញ្ជាក់ពីបច្ចេកទេសស្ថាបត្យកម្មដែលត្រូវបានប្រើប្រាស់ក្នុងការសាងសង់ប្រាសាទបុរាណ។ តាមការវាយតម្លៃបឋម ប្រាសាទដែលសាងសង់ដោយឥដ្ឋភាគច្រើនស្ថិតក្នុងអំឡុងពេលមុនសម័យអង្គរ ដែលជាចំណុចមួយគាំទ្រសន្និដ្ឋាននេះ។

យ៉ាងណាមិញ ការសន្និដ្ឋានបច្ចុប្បន្នគ្រាន់តែជាការវាយតម្លៃបឋមប៉ុណ្ណោះ ព្រោះការសិក្សាបុរាណវិទ្យាមិនអាចផ្តល់នូវភាពច្បាស់លាស់១០០% បានទេ ហើយត្រូវការស្រាវជ្រាវបន្ថែមទៀត។ ដំណាក់កាលបន្ទាប់នឹងផ្តោតលើការវាស់វែងទំហំទីតាំង កំណត់ដែនការពារ និងសហការជាមួយអាជ្ញាធរដែនដី និងម្ចាស់ដី ដើម្បីធានាការអភិរក្សយ៉ាងមានប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់បន្ថែម។

តំបន់បុរាណដែលត្រូវបានរកឃើញ

លោក សុខ ទីឃាវុឌ្ឍ ពន្យល់ថា ៖«ជាធម្មតាការសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្ត មិនប្រាកដ១០០%នោះទេ ដោយសារយើងមិនមែនជាមនុស្សនៅក្នុងសម័យនោះ យើងជាមនុស្សនៅសម័យក្រោយ ចឹងហើយយើងមិនដឹងថាសម័យមុនបែបណាទេ។ ឥឡូវនេះយើងរកឃើញបែបនេះ អាចសន្និដ្ឋានបឋមបែបនេះ»។

ការរកឃើញនេះក៏បង្ហាញពីបញ្ហាប្រឈមក្នុងការអភិរក្សបេតិកភណ្ឌបុរាណផងដែរ។ ព្រោះបំណែកថ្ម និងឥដ្ឋជាច្រើនត្រូវបានរាយប៉ាយនៅតាមវាលស្រែ ដោយសារប្រជាពលរដ្ឋមិនបានដឹងពីតម្លៃបុរាណវិទ្យានៃទីតាំងនេះ ហើយបានប្រើប្រាស់ដីភ្ញួរស្រែសម្រាប់កសិកម្ម។ ស្ថានភាពនេះបង្ហាញពីតម្រូវការបន្ទាន់ក្នុងការកំណត់ដែនការពារ និងផ្សព្វផ្សាយចំណេះដឹងដល់សហគមន៍មូលដ្ឋានអំពីសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌។

យកបំណែកថ្មទៅសិក្សាបន្ថែម

បើតាមលោក សុខ ទីឃាវុឌ្ឍ ការរកឃើញទីតាំងបុរាណនេះមានន័យសំខាន់យ៉ាងខ្លាំងចំពោះការសិក្សាប្រវត្តិសាស្រ្តកម្ពុជា ពិសេសនៅខេត្តមណ្ឌលគិរី ដែលពីមុនមកមិនធ្លាប់មានការកត់ត្រាអំពីប្រាសាទបុរាណនោះទេ។ ដូច្នេះ វាបង្ហាញពីសក្តានុពលក្នុងការរកឃើញបេតិកភណ្ឌផ្សេងទៀតនៅតំបន់នេះ និងអាចជួយបន្ថែមចំណេះដឹងអំពីការរីកចម្រើននៃសង្គម និងសាសនានៅមុនសម័យអង្គរ៕

ដោយ៖ សុខ ហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម