ព័ត៌មានជាតិ
ធនាគារជាតិ និងដៃគូសហការបង្កើតយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ«សង្គ្រោះជីវិតខ្ញុំ»
ដោយមើលឃើញពីតម្រូវការឈាម ដើម្បីសង្រ្គោះអាយុជីវិត មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការផ្គត់ផ្គង់ឈាមបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យធនាគារ និងសមាគមធនាគារកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ«សង្គ្រោះជីវិតខ្ញុំ»។ កម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ អគារខេមរានី វិថីវិចិត្រសិល្បៈ ខណ្ឌជ្រោយចង្វារ ដោយមានអ្នកចូលរួមប្រមាណ ៧០០នាក់។

បន្ថែមលើនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបរិច្ចាគថវិកាចំនួន ៤ម៉ឺនរៀលបន្ថែម សម្រាប់ឈាមមួយប្លោកជូនដល់មន្ទីរពេទ្យគន្ធបុប្ឋាផងដែរ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ក្រោមកិច្ចសហការពីស្ថាប័នទាំងបួន យុទ្ធនាការបរិច្ចាគឈាម«សង្គ្រោះជីវិតខ្ញុំ» មានគោលបំណងធំៗចំនួនបី គឺទី ១ កៀរគរការបរិច្ចាគឈាម ពីមជ្ឈដ្ឋាននានា ទី២ បរិច្ចាគថវិកាសប្បុរសធម៌ ដល់មន្ទីរពេទ្យគន្ធបុប្ឋា និងទី៣ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម។

លោកស្រី តិមា វិច្ឆិកាល សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងថា ការចូលរួមពីគ្រប់កោសិការបស់សង្គមកម្ពុជា ក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ គឺជាចលនាសង្គ្រោះអាយុជីវិតរបស់ប្រជាជន និងកុមារ ដែលកំពុងមានតម្រូវការឈាមជាចាំបាច់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ដើម្បីរស់រានមានជីវិត។ លោកស្រី បានបន្ថែមផងដែរថា
«យុទ្ធនាការបរិច្ចាគឈាម និង ការបរិច្ចាគថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះ នឹងវិវត្តក្លាយទៅជាចលនាជាតិ ដែលមានភាពសកម្មរស់រវើក និងរីកសាយភាយទូទាំងផ្ទៃប្រទេស ដើម្បីជាចំណែកនៃការចូលរួមលើកកម្ពស់មនសិការខ្មែរជួយខ្មែរ និងស្មារតីនៃវប្បធម៌ចែករំលែក ព្រមទាំងធានាឱ្យបាននូវខឿនសុវត្ថិភាពនៃ វិស័យសុខភាពសាធារណៈ ក្នុងគោលដៅអភិវឌ្ឍន៍គុណភាពធនធានមនុស្សដែលមានភាពធន់ និងរឹងមាំសម្រាប់អនាគតកម្ពុជា»។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ វិស័យហិរញ្ញវត្ថុបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ វិស័យនេះមានឫសគល់ នៅក្នុងការ បម្រើបេសកម្មសង្គម ដើម្បីធ្វើឱ្យប្រទេសមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបង្កើតឱកាសដល់ ប្រជាជនក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ដែលមានការការពារ អតិថិជន ដែលក្នុងន័យនេះវិស័យបានរួមចំណែក ក្នុងការលើកកម្ពស់ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅ ក្នុងប្រទេសកម្ពុជា៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


