ព័ត៌មានជាតិ
ចំណោទរឿងគប់ស្បែកជើង ទូតអាមេរិកមិនទាន់មានពាក្យពេចន៍ឆ្លើយតបសម្តេចតេជោទេ
មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតប “កម្ពុជាថ្មី” នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តាមរយៈសារអេឡិចត្រូនិច (Email) អំពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសហរដ្ឋអាមេរិក ប៉ុន្តែជុំវិញករណីបុគ្គលម្នាក់គប់ស្បែកជើងលើសម្តេច អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាមិនបានធ្វើការអធិប្បាយទេ។

+ សំណួរ របស់ កម្ពុជាថ្មី៖ នៅកម្ពុជាថ្ងៃនេះ (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យស្ងប់ស្ងាត់ បន្ទាប់ពីមានឧប្បត្តិហេតុមួយក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលមានពលរដ្ឋខ្មែរអាមេរិកាំងម្នាក់បានគប់ស្បែកជើងមកលើលោក។
សម្ដេចតេជោ បានគូសបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា នឹងមិនធ្វើកំណត់ទូតណាមួយ ដែលទាមទារឱ្យសហរដ្ឋអាមេរិក ចាត់វិធានការផ្លូវច្បាប់លើបុរសនោះទេ ប៉ុន្តែវាអាស្រ័យលើច្បាប់សហរដ្ឋអាមេរិក និងការសម្រេចរបស់សហរដ្ឋអាមេរិក។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “តើសហរដ្ឋអាមេរិកចាត់ទុកថានេះជាសិទ្ធិបញ្ចេញមតិ ឬអំពើហិង្សា? ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកទង្វើបែបនេះជាផ្នែកនៃសេរីភាពនៃការបញ្ចេញមតិ វាអាចរីករាលដាលដល់ប្រទេសផ្សេងទៀត រួមទាំងប្រទេសកម្ពុជាផងដែរ។ នេះមិនមែនជាការគំរាមកំហែងទេ ប៉ុន្តែគ្រាន់តែជាការវិភាគប៉ុណ្ណោះ”។
យើងខ្ញុំចង់ដឹង៖
១. តើសហរដ្ឋអាមេរិកមានទស្សនៈ និងស្រាវជ្រាវករណីនេះយ៉ាងដូចម្តេច?
២. សូមផ្តល់ព័ត៌មានបន្ថែម។
+ ចម្លើយ របស់ លោក Chad Roedemier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ សហរដ្ឋអាមេរិកបានស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខរដ្ឋអាស៊ានផ្សេងទៀតទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន ប្រកបដោយជោគជ័យ។

កិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន បានរំលឹកខួប ៤៥ ឆ្នាំនៃទំនាក់ទំនង អាមេរិក-អាស៊ាន និងបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះភាពជាកណ្តាលរបស់អាស៊ាន ក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់។
សហរដ្ឋអាមេរិក និងអាស៊ាន បានប្តេជ្ញាបង្កើត ASEAN-U.S. ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានអត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នៅខែវិច្ឆិកា ឆ្នាំ២០២២។
ខាងលើនេះជាចម្លើយរបស់ លោក Chad Roedemier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយលោកមិនមានការបកស្រាយបញ្ជាក់បន្ថែម ជុំវិញករណីគប់ស្បែកជើងមកលើសម្តេច ហ៊ុន សែន នោះទេ។
គួររំលឹកថា ក្នុងការអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ហើយខណៈសម្ដេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅប្រទេសកាណាដា និងសហរដ្ឋអាមេរិកប្រមាណជាង ២០០០នាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែមានបុគ្គលម្នាក់បានយកស្បែកជើងគប់ទៅលើសម្ដេចតេជោ តែមិនបានប៉ះសម្ដេចនោះទេ ហើយនៅពេលមានហេតុការណ៍នោះកើតឡើង ក្រុមអ្នកគាំទ្រទាំងអស់ មិនត្រូវបានអនុញ្ញាតឱ្យតបនោះទេ។ ចំណែកបុគ្គលនោះ ត្រូវបានក្រុមសន្តិសុខជម្លៀសចេញពីទីតាំងកើតហេតុ ដោយមិនមានការចាប់ខ្លួនឡើយ។ បុគ្គលនេះត្រូវបានគេស្គាល់ថា មានឈ្មោះ អ៊ុក ទូច ជាពលរដ្ឋខ្មែរអាមេរិកកាំង អាយុ ៧១ឆ្នាំ៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៤ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ចិន ត្រៀមបញ្ចេញ យន្តហោះផ្ទុកដ្រូនដំបូងគេលើលោក ដ៏អស្ចារ្យ