សេដ្ឋកិច្ច
ក្រសួងសុខាភិបាលគ្រោងទិញឱសថព្យាបាលជំងឺថ្លើមប្រភេទបេ និងសេ នៅចុងឆ្នាំនេះ
លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងមានគម្រោងទិញឱសថព្យាបាលជំងឺថ្លើមប្រភេទ បេនិងសេ នៅចុងឆ្នាំ២០២២នេះដើម្បីធ្វើយ៉ាងណាឈានទៅសម្រេចក្នុងការលប់បំបាត់ជំងឺរលាកថ្លើមទាំងពីរប្រភេទនេះ នៅឆ្នាំ២០៣០ខាងមុខ។
ថ្លែងបិទសិក្ខាសាលាស្តីពីការពិនិត្យការវិវត្តន៍នៃសកម្មភាពលប់បំបាត់ជំងឺរលាកថ្លើមដោយសារវីរុសប្រភេទបេនិងសេក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ លោកស្រីបានបន្តថា ឱសថព្យាបាលជំងឺថ្លើមប្រភេទ បេនិងសេនេះក្រសួងបានបញ្ចូលទៅក្នុងផែនការលទ្ធកម្មសម្រាប់ឱសថរួចហើយតែនៅមិនទាន់បានទិញនៅឡើយ។ យើងទិញឱសថសម្រាប់អ្នកជំងឺអេដស៍ដែលមានជំងឺថ្លើមប៉ុណ្ណោះ។
លោកស្រីបានបន្តទៀតថា« ឱសថទាំងពីរនេះសម្រាប់ឆ្នាំ២០២២ ហាក់ដូចជាខើចពេលវេលាតែយើងនឹងខិតខំព្យាយាមរិះរកថវិកាចុងឆ្នាំ ដើម្បីទិញឱសថនេះ មួយចំនួនហើយក្នុងផែនការឆ្នាំ២០២៣ ដែលក្រសួងកំពុងធ្វើផែនការថវិកាយើងនឹងដាក់បញ្ចូលការងារនេះហើយយើងនឹងទៅការពារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយសារជំងឺរលាកថ្លើមវាសំខាន់មួយក្នុងចំណោមជំងឺឆ្លងជាច្រើនទៀត»។
លោកស្រីបានបន្ថែមថា « ជំងឺថ្លើមនេះប្រសិនបើយើងអាចការពារនិងទប់ស្កាត់បានវាចំណេញច្រើនធ្វើឱ្យប្រជាពលរដ្ឋសល់ថវិកាច្រើនហើយក៏ជួយដល់សេដ្ឋកិច្ចឱ្យរីកចម្រើនផងដែរ»។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិបានបញ្ជាក់ថា ការព្យាលបាលជំងឺថ្លើមនេះយើងគ្រោងនឹងបញ្ចូលទៅក្នុងកម្មវិធីមួយចំនួនដូចជាបេឡាជាតិរបបសន្តិសុខសង្គម(បសស)ដោយសារបច្ចុប្បន្ននេះ បសស មិនមានការព្យាបាលជំងឺថ្លើមនេះទេ ពោលគឺនៅពេលដែលអ្នកប្រើប័ណ្ណបសសមានជំងឺថ្លើមត្រូវចេញថ្លៃព្យាបាលដោយខ្លួនឯង។
លោកស្រីបានឱ្យដឹងទៀតថា យើងនឹងជជែកជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងបសសជាមុនសិនថាតើគួរបញ្ចូលទៅក្នុងអេចគ្រុបឬតាមប្រជាជនចំណុចនីមួយៗ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលនិងជាប្រធនាក្រុមបច្ចេកទេសសម្រាប់ជំងឺថ្លើម បានមានប្រសាសន៍ថា ជំងឺថ្លើមប្រភេទបេនិងសេនេះ ប្រសិនបើអ្នកជំងឺមិនស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរទេ គឺយើងអាចព្យាបាលជាសះស្បើយបានរហូតជិតដល់៩៨ភាគរយសម្រាប់ជំងឺថ្លើមរលាកសេ ហើយបច្ចុប្បន្នតម្លៃនៃការព្យាបាលមានត្រឹមខ្ទង់រយប៉ុណ្ណោះ ខណៈពីមុនត្រូវចំណាយប្រមាណ៥ពាន់ទៅ១ម៉ឺនដុល្លារចំពោះរលាកថ្លើមប្រភេទសេ តែបើរលាកថ្លើមប្រភេទបេថ្លៃខ្ពស់ជាងនេះ។
គួរបញ្ជាក់ថា តាមការប៉ាន់ស្មាននៅឆ្នាំ ២០១៧ របស់អង្គការសុខភាពពិភពលោកនៅប្រទេសកម្ពុជាចំនួនអ្នកដែលមានជំងឺរលាកថ្លើមប្រភេទវីរុសបេគឺមាន៣ ភាគរយស្មើនឹង៤៧ម៉ឺន៥ពាន់នាក់និងអ្នកកំពុងរស់នៅជាមួយជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទសេចំនួន ១,៦ភាគរយស្មើនឹង២៥ម៉ឺន៧ពាន់នាក់ ដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជាជំងឺក្រិនថ្លើម និងមហារីក៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ