ព័ត៌មានជាតិ
លោកស្រី បាន ស្រីមុំ ស្ត្រីទីពីរទទួលតំណែងជាអភិបាលខេត្ត មានប្រវត្តិបែបណា?
បន្ទាប់ពីខេត្តកោះកុង រដ្ឋាភិបាលបានសម្រេចតែងតាំងស្រ្តីមួយរូបទៀតកាន់តួនាទីជាអភិបាលខេត្ត។ ស្រ្តីរូបនោះគឺលោកស្រី បាន ស្រីមុំ ដែលត្រូវបានរដ្ឋាភិបាលប្រកាសឲ្យកាន់តំណែងជាអភិបាលខេត្តប៉ៃលិននៅចុងឆ្នាំ ២០២០។
តើលោកស្រី បាន ស្រីមុំ ដែលកាន់តួនាទីជាអភិបាលខេត្តប៉ៃលិនមានប្រវត្តិបែបណា?

គ្រួសារ
លោកស្រី បាន ស្រីមុំ កើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ១៩៧៥ និងមានស្រុកកំណើតនៅខេត្តប៉ៃលិនតែម្តង។ លោកស្រីជាភរិយាលោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន ដែលសព្វថ្ងៃជារដ្ឋលេខាធិការក្រសួងការពារជាតិ។

ប្រវត្តិការងារ
មុនទទួលការតែងតាំងជាអភិបាលខេត្ត លោកស្រី បាន ស្រីមុំ មានតួនាទីសំខាន់ៗជាច្រើនទាំងក្នុងខេត្តនិងជួររដ្ឋាភិបាល។ លោកស្រីជាតំណាងរាស្រ្តមណ្ឌលប៉ៃលិនមកពីគណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិទី ៥ នៃរដ្ឋសភាពីឆ្នាំ២០១៣- ២០១៨ និងជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៅខេត្តប៉ៃលិនក្នុងអាណត្តិទី ៦ ពីឆ្នាំ២០១៨។
លោកស្រីក៏មានតួនាទីជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ប្រចាំខេត្តប៉ៃលិនផងដែរ។
ការសិក្សា
ប្រវត្តិការសិក្សាវិញ លោកស្រី បាន ស្រីមុំ
- ឆ្នាំ២០០៧ បានទទួលសញ្ញាប័ត្រ បរិញ្ញាប័ត្រគណនេយ្យ
- បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លី-មធ្យម ក្នុងនិងក្រៅប្រទេសជាបន្តបន្ទាប់
- បានទទួលសញ្ញាប័ត្រអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មនៅមហាវិទ្យាល័យ Institute Prima Bestari Faculty នៃ Pine Academy Group នៃទីក្រុងហុងកុង
- ឆ្នាំ២០១៣ បានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកគ្រប់គ្រងរដ្ឋបាលពី មហាវិទ្យាល័យអន្តរជាតិ IUE សហរដ្ឋអាមេរិក និងសញ្ញាប័ត្របណ្ឌិតរដ្ឋបាលពាណិជ្ជកម្ម (Fellow of OXCELL) ពីមជ្ឈមណ្ឌលអ៊ុស៊្វត នៃភាពល្អប្រណិត នៃចក្រភពអង់គ្លេស។
សារលោកជំទាវ បាន ស្រីមុំ
ក្រោយទទួលការតែងតាំងជាអភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ថ្លែងថា ការទទួលបានមុខតំណែងនេះគឺជាឱកាសផង ក៏ដូចជាតួនាទីដែលត្រូវប្រឹងប្រែងរៀនសូត្រផង។

អភិបាលខេត្តជាស្រ្តីរូបនេះ ក៏ប្រកាសប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងចំណាយវេលាដើម្បីសម្រេចការងារឲ្យអស់ពីសមត្ថភាព លទ្ធភាព ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។ ជាពិសេសទៅទៀតនោះ គឺការពារសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងខេត្តឲ្យខានតែបាន។
គួរបញ្ជាក់ថា ខេត្តប៉ៃលិនបានប្តូរពីក្រុងប៉ៃលិនមកខេត្តប៉ៃលិន ដែលមានថ្នាក់ប្រហែលនឹងរាជធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/១២០១៨/១៣៨៤ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។
លោក អ៊ី ឈាន អតីតមេទ័ពខ្មែរក្រហម បានកាន់តំណែងជាអភិបាលក្រុង និងក្រោយមកជាអភិបាលខេត្តប៉ៃលិន ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣។ ក្រោយមកទៀតលោក កើត សុធា កាន់តំណែងជាអភិបាលខេត្តពីឆ្នាំ២០១៤-ឆ្នាំ២០១៨ និងលោក ផាន់ ចាន់ធុល ពីឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
លោកស្រី បាន ស្រីមុំ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណអភិបាលខេត្តប៉ៃលិន ជំនួសឯកឧត្តម ផាន់ ចាន់ធុលនៅចុងឆ្នាំ ២០២០៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


