ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ នៅ សាលាធម្មសភាវត្តបុទុមវតីរាជវរារាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក។

នៅចំពោះព្រះភក្រព្រះបរមរូប និងព្រះអដ្ឋិធាតុ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តដោយសេចក្តីសោកសង្វេគយ៉ាងពន់ពេក ចំពោះការយាងចូលទិវង្គតរបស់ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ។

សូមបញ្ជាក់ថា ក្នុងសារលិខិតរំលែកព្រះមរណទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បង្គំទូលថ្វាយអ្នកម្នាង យិន នរោត្តម យុវនាថ ចុះថ្ងៃ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានទូលថ្វាយយ៉ាងដូច្នេះថា ខណៈនេះ រូបសម្តេច និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក ក្នុងជន្មាយុ ៧៨ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ រូបសម្តេច និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយអ្នកម្នាង រួមទាំងបុត្រាបុត្រី ប្រកបដោយអនិច្ចលក្ខណធម៌សង្វេគ សោកស្តាយ ស្រណោះអាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាការបាត់បងព្រះស្វាមី ប្រកបដោយសង្គហធម៌ និងការបាត់បង់ព្រះបិតា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ ពិសេសគឺការបាត់បង់អង្គព្រះរាជវង្ស ទ្រង់ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ មួយអង្គដ៏ល្អឆ្នើមបំផុតផងដែរ។ ជាមួយគ្នានេះ រូបសម្តេច និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងយោនយកកំណើតកើត ក្នុងសុគតិភពគ្រប់ៗព្រះជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


