Connect with us

ព័ត៌មានជាតិ

មុនចេញពីកម្ពុជា ឯកអគ្គរាជទូតជប៉ុនចប់អាណត្តិសរសើរពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

បានផុស

នៅ

មុននឹងចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីផុតអាណត្តិជាឯកអគ្គរាជទូតប្រចាំកម្ពុជា លោក​ អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) បានចូលជម្រាបលាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានសាមគ្គីភាព កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងជំនួបនោះ លោក​ អ៊ូអិណុ អាត់ស៊ូស៊ី បានលើកសរសើរចំពោះភាពរីកចម្រើនបស់ប្រទេសកម្ពុជា ដែលលោកមិននឹកស្មានថាបានដូចសព្វថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លើកឡើងថា រយៈពេលជាង៣០ឆ្នាំមកនេះមិននឹកស្មានថាកម្ពុជាអាចដើរមកដល់ពេលនេះបានទេ បន្ទាប់ពីលោកបានមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១មកម្ល៉េះ មុននឹងធ្វើជាឯកអគ្គរាជទូតនេះទៅទៀត។

លើកឡើងពីភាពរីកចម្រើនរបស់កម្ពុជានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចពីការចូលរួមចំណែកយ៉ាងសកម្មរបស់ជប៉ុនក្នុងការជួយដល់ប្រទេសកម្ពុជា។ ការគាំទ្ររបស់ជប៉ុន ពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា សម្ដេច ថា មិនអាចកាត់ផ្ដាច់បានឡើយពីតួនាទីរបស់ជប៉ុន ដូចជាការកសាងផ្លូវ ស្ពាន និងកំពង់ផែជាដើម។ សម្ដេចតេជោ បានអរគុណចំពោះជប៉ុន ដែលតែងតែគាំទ្រ និងជួយដល់កម្ពុជាកន្លងមក។  

សម្ដេចប្រធានព្រឹទ្ធសភា ក៏បានអរគុណផងដែរចំពោះលោក អ៊ូអិណុ អាត់ស៊ូស៊ី ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

បើទោះបីជាពេលនេះត្រូវបានផុតអាណត្តិជាឯកអគ្គរាជទូតប្រចាំនៅកម្ពុជាក៏ដោយ តែសម្ដេចតេជោ សង្ឃឹមថា លោក អ៊ូអិណុ អាត់ស៊ូស៊ី នៅតែនឹកឃើញអនុស្សាវរីយ៍ ដែលលោកបានខិតខំប្រឹងប្រែងក្នុងការកសាងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរីកចម្រើន ដែលប្រទេសទាំងពីរបានក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។

សម្ដេចបានបញ្ជាក់ពីការរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្នុងវិស័យសន្តិសុខ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន គឺមានភាពផុសផុល និងរីកចម្រើនជាលំដាប់។ ការណ៍នេះ សម្ដេច ថា បានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែរឹងមាំបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម