ព័ត៌មានជាតិ
តើលោក ឌិត ទីណា អនាគតរដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម គឺជានរណា?
លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាលស្នើរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានបញ្ចប់មុខតំណែង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។
តើលោក ឌិត ទីណា ដែលនឹងក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី នាពេលឆាប់ៗនេះ គឺជានរណា? ហើយអនាគតរដ្ឋមន្ត្រី វ័យក្មេងរូបនេះ មានប្រវត្តិសិក្សា និងឆ្លងកាត់បទពិសោធការងារអ្វីខ្លះ ទើបត្រូវបានជ្រើសឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ?

លោក ឌិត ទីណា កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅរាជធានីភ្នំពេញ។ លោក គឺជាកូនប្រុសរបស់លោក ឌិត មុន្ទី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានតុលាការកំពូល។ និយាយអំពីប្រវត្តិសិក្សា លោក ឌិត ទីណា ទទួលបានការសិក្សាអប់រំទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសបារាំង។ នៅចន្លោះឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៤ លោក បានចូលរៀនកម្រិតវិទ្យាល័យ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ប៉ុន្តែក្រោយមក លោកបានផ្លាស់ទៅរៀននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅសាលា Gerard de Nerval ដោយនៅឆ្នាំ១៩៩៦ លោក បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។

បន្ទាប់ពីបញ្ចប់កម្រិតថ្នាក់វិទ្យាល័យ លោក ឌិត ទីណា បានបន្តការសិក្សាកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅ ទីក្រុងប៉ារីស ប្រទេសបារាំងដដែល។ អំឡុងសិក្សានៅទីក្រុងប៉ារីសនេះ គឺលោក ឌិត ទីណា បានទទួលសញ្ញាបត្រគ្រប់កម្រិត ពោល គឺសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យ Orsay។ រហូតដល់ឆ្នាំ២០០២ លោក ក៏ទទួលបានសញ្ញាបត្រវិស្វកររ៉ែ ពីសាលាជាតិរ៉ែ ទីក្រុងប៉ារីស ប្រទេសបារាំង។

បើក្រឡេកមកមើលប្រវត្តិការងារវិញ គឺនៅឆ្នាំ២០០៩ លោក ឌិត ទីណា ត្រូវបានតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ នៅឆ្នាំ២០១៣ លោក ចាប់ផ្ដើមប្រឡូកចូលឆាកនយោបាយតាមរយៈការឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកណ្ដាល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥។ ប៉ុន្តែ ជាលទ្ធផល លោកមិនបានជាប់ឆ្នោតជាតំណាងរាស្ត្រឡើយ។ តែបើទោះជាមិនបានជាប់ធ្វើជាសមា ជិករដ្ឋសភាយ៉ាងណាក្ដី លោក ឌិត ទីណា នៅតែបន្តបម្រើការងារនៅជួររាជរដ្ឋាភិបាល ដោយមានមុខតំណែងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ ក្រោយកាន់តំណែងនៅក្រសួងពាណិជ្ជកម្មបានប្រមាណ១ឆ្នាំ សម្រាប់អាណត្តិថ្មី លោក ឌិត ទីណា បានផ្លាស់ទៅបម្រើការងារនៅក្រសួងរ៉ែ និងថាមពលវិញ ក្នុងមុខតំណែងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល រហូតលោកត្រូវបានជ្រើសឲ្យធ្វើជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម នាពេលនេះ។

គួរជម្រាបជូនថា នៅក្នុងមុខតំណែងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អស់រយៈពេលប្រមាណ៨ឆ្នាំកន្លងទៅនេះ លោក ឌិត ទីណា មានភារកិច្ចទទួលបន្ទុកលើការងារអាជីវកម្មរ៉ែខ្សាច់ ការងារត្រួតពិនិត្យប្រតិបត្តិធនធានរ៉ែ ការងារបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


