Connect with us

ព័ត៌មានជាតិ

តម្លៃដំឡូងមី​កំពុងធ្លាក់ថ្លៃ​ពេលកសិករប្រមូលផល​

បានផុស

នៅ

តម្លៃដំឡូងមីស្រស់​នៅខេត្តឧត្តរមានជ័យ​កំពុងធ្លាក់ចុះ​ពេលកសិករប្រមូលផល​។ ក្រុមជួយកសិករដាំដំឡូងមី​នៅខេត្តឧត្តរមានជ័យ លោក អិល ឈិញ ​បានប្របា់ថា​ តម្លៃដំឡូង​មីស្រស់​នៅខែតុលា ឆ្នាំ ២០២២នេះ មានការធ្លាក់ចុះ​បន្តិច បើប្រៀបធៀប​នឹងឆ្នាំមុន។

ចំពោះ​មូលហេតុ​នៃការធ្លាក់ចុះ​ត្រូវបាន​ លោក អិល ឈិញប្រាប់ថា ដោយសារបរិមាណ​ទឹកភ្លៀង​ច្រើន​ធ្វើឲ្យខូចគុណភាពដំឡូង ហើយទិន្នផលក៏ចុះដូចគ្នាដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមលោក អិល ឈិញ​តម្លៃនៅខែតុលានេះ បានធ្លាក់មកត្រឹម ២០០ រៀល ក្នុង១គីឡូ ខណៈឆ្នាំ​មុន​មានតម្លៃខ្ទង់ ២៥០ ទៅ ២៩០ រៀល ក្នុង១ គីឡូ។ ទោះយ៉ាងណា​ លោកអះអាងថា ​ការធ្លាក់តម្លៃនេះ គឺចំពោះតែដំឡូងមីស្រស់ប៉ុណ្ណោះ ​ខណៈដំឡូងមីក្រៀម​តម្លៃនៅមានលំនឹងខ្ទង់ ៧២០ ទៅ ៧៧០រៀលក្នុងមួយគីឡូ។

ប៉ុន្តែយ៉ាងណា​លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ កសិកម្ម រុក្ខប្រមាញ់ និងនេសាទ ​ខេត្តឧត្តរមានជ័យប្រាប់ថា ស្ថានភាពទីផ្សារដំឡូងមីមានភាពល្អប្រសើរដូចឆ្នាំមុនៗដែរដែលមានតម្លៃ ២៩០ រៀល ហើយកសិករបន្តដាំ និងពង្រីកផ្ទៃដីដាំដំឡូងមីដល់ជាង ៧ ម៉ឺនហិកតា នៅខេត្តឧត្តរមានជ័យ។

ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបង្ហាញថា ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ ការនាំចេញដំឡូងមីស្រស់​មានចំនួនជាង ៨ សែនតោន (៨៤៦ ៣០០) កើនឡើង ១០០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០២១​។ ប្រភពដដែលបញ្ជាក់ថា ការនាំចេញចំណិតដំឡូងមីក្រៀមមានចំនួនជាង១លានតោន (១ ៥៧៣ ៨៤០) កើនឡើងជាង ២៥ ភាគរយដែលមានប្រទេសថៃ និងវៀតណាមជាទីផ្សារធំរបស់កម្ពុជា។

ទោះយ៉ាងណាក៏មានការត្អូញត្អែរ​ពីកសិករមួយចំនួននៅឯខេត្តស្ទឹងត្រែងថា ដំឡូងមីស្រស់កម្ពុជាឆ្នាំនេះ បានធ្លាក់តម្លៃខ្លាំងដែលឆ្នាំមុនគាត់ធ្លាប់លក់បានតម្លៃ ៤២០ រៀល ក្នុង១ គីឡូ ធ្លាក់មកនៅត្រឹម ២៩០ ទៅ ៣០០ រៀល ក្នុង១គីឡូ។

ទិន្នន័យ​ក្រសួង​កសិកម្មឆ្នាំមុនបង្ហាញថា ការនាំចេញ​ដំឡូងមី និង​ផលិតផល​ដំឡូងមី ក្នុង​ឆ្នាំ​ ២០២១ សម្រេចបានជិត៣ លានតោន (២ ៧៩៣ ៧២៩,៩២) ក្នុងនោះ​ចំណិត​ដំឡូងមី​ក្រៀមមានជាង ១ លានតោន (១ ៦៤៤ ៥៩១,៦៨) កើន ៨,៤៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០, ដំឡូង​មី​ស្រស់ ១ ១០៤ ២២០ ​តោន កើន ៥២,៦ ​ភាគរយ​, ម្សៅដំឡូង​មី ៣៥ ៨៦២,៧៤ ​តោន កើនឡើង ២,៦៦ ​ភាគរយ​, និង​កាកសំណល់​ដំឡូង​មី ៩ ០៥៤, ៥០ ​តោន ថយចុះ ៣៣,០៦ ​ភាគរយ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម