Connect with us

វប្បធម៌ ជំនឿ

ព្រឹទ្ធាចារ្យគុនខ្មែរ លះបង់ផលិតភាពយន្ត បង្ហាញជីវិតគ្រូល្បុក្កតោសម័យបុរាណ មិនមានអ្នកដឹង

បានផុស

នៅ

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន បានតស៊ូជាង ២០ឆ្នាំ ទម្រាំ​ស្រាវជ្រាវឱ្យក្បាច់គុនខ្មែរ ល្បុក្កតោឱ្យរស់ឡើងវិញ ដោយបានធ្វើការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និងតាៗជាគ្រូ និងសិស្សគុន។ ជាមួយគ្នានេះ លោកខិតខំសម្រេចផលិតភាពយន្ត ដើម្បីរំលឹកវប្បធម៌អតីតមហានគរជាព្រលឹង​បុព្វបុរស​ និងជាបេតិកភណ្ឌជាតិ ដែលបានបាត់បង់អស់ជាង ២០០០ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត សាន គឹមស៊ាន បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា រឿង ព្រលឹងល្បុក្កតោ ជាស្នាដៃ និពន្ធ ដឹកនាំសម្ដែង កាត់តលោក ដែលខិតខំបង្កើតភាពយន្តនេះ ក្នុងនាម​ជាអ្នកស្រឡាញ់ ជាអ្នកខំស្នងក្បាច់គុនខ្មែរបន្តពីគ្រូៗជំនាន់មុនដោយមានការលំបាកជាច្រើន។

ព្រឹទ្ធាចារ្យ សាន គឹមស៊ាន មានប្រសាសន៍បន្តថា៖ “ទោះខ្ញុំមាន​ជីវភាព​មិនគ្រប់គ្រាន់ តែព្រលឹងបុព្វបុរសនៅជាមួយខ្ញុំរាល់ពេល ខ្ញុំមិនដែលបោះបង់ចោលទេ។ ក្នុង​ភាពយន្ត​នេះ ខ្ញុំចង់ឱ្យកូនចៅជំនាន់ក្រោយដឹង ការរស់នៅរបស់គ្រូៗដែលជាគ្រូរបស់ខ្ញុំ ដែលខ្ញុំ​បាន​រៀនសូត្រ បានយល់ដឹងប្រវត្តិពីពួកគាត់ គឺកាប់មិនមុត ដុតមិនឆេះ ក្បាច់គុននេះក្បាច់​គុននោះ គឺមានបង្ហាញនៅក្នុង ភាពយន្ត ព្រលឹងល្បុក្កតោ នេះ”។

ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងថា៖ “ភាពយន្តរឿង ព្រលឹងល្បុក្កតោនេះ បង្កើតឡើងដើម្បីបង្ហាញក្បាច់មួយចំនួនក្នុងគុនខ្មែរបុរាណ ដែលល្បុក្កតោជាក្បាច់គុនសំខាន់ក្នុងជួរកងទ័ព ក្នុងស្រទាប់ប្រជាជន ក្នុងការការពារទឹកដី។ តួសម្ដែង គឺជាអ្នកគុនល្បុក្កតោពិតៗ ​ដើម្បីបង្ហាញក្បាច់គុនខ្មែរច្បាស់លាស់ ហើយខ្ញុំបានពិនិត្យពិច័យ​នូវក្បាច់​នីមួយៗដែលសម្ដែងនេះ ដោយបានបង្ហាត់ និងកែគ្រប់យ៉ាង ដើម្បីបញ្ជាក់ជូន​កូនចៅ​ជំនាន់ក្រោយ​ឱ្យបានឃើញថា ល្បុក្កតោជាក្បាច់គុនរបស់ដូនតាខ្មែរពិតៗ មិនលួចចម្លងពី​ក្បាច់​គុន​​បរទេសណាទេ ដោយក្បាច់គុននេះ មានកំណើតតាំងពីមុនសម័យ​អង្គរទៅទៀត”។ ​

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន បានឱ្យដឹងបន្ថែមថា លោកធ្លាក់ខ្លួនពីមាន មកក្រ គឺដើម្បីកសាង ទ្រទ្រង់  ក្បាច់គុនវប្បធម៌​ជាតិ។ លោក លើកឡើងថា ការផលិតភាពយន្តនេះ មានការលំបាកច្រើន ហើយលោកបានសរសេររឿងនេះចប់ដោយទុកចោលអស់រយៈពេល២ឆ្នាំ ដោយសារ​មិនមានថវិកា។ ភាពយន្តនេះត្រូវបានចាប់ផ្ដើមដំណើរការថតចាប់ពីឆ្នាំ២០១៨ និងបញ្ចាំង ចាប់ពីថ្ងៃទី១៦ ខែមីនា នេះ នៅគ្រប់រោងភាពយន្តនៅកម្ពុជា។

ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន មានប្រសាសន៍ថា ទោះបីការផលិតភាពយន្តមិនបានល្អ ១០០% ដោយសារកង្វះធនធានថវិកា លោកសូមសំណូមពរប្រជាពលរដ្ឋ​យោគយល់ ចូលរួមគាំទ្រ រិះគន់ស្ថាបនា ដោយយកព្រលឹងជាតិដាក់ក្នុងបេះដូង ដើម្បី​ឈានដល់ការផលិតភាពយន្តពីក្បាច់គុនល្បុកតោបន្តទៀត។​

គួរបញ្ជាក់ថា ភាពយន្ត រឿង ព្រលឹងល្បុកតោ ថ្លែងពីសម័យបុព្វកាលដ៏យូរលង់ គ្រាភូមិស្រុកប៉ែកខាងតំបន់ភ្នំមានការទន្ទ្រានលុកលុយដោយក្រុមចោរព្រៃដ៏សាហាវយង់ឃ្នង មានបុរសចាស់ម្នាក់ឈ្មោះតាស៊ាន ត្រឡប់ចុះពីលើភ្នំវិញ ជួបរឿងគួរឱ្យរន្ធត់ស្មារតី គឺ មរណភាពបុរសៗក្នុងភូមិ និងភូមិស្រុកត្រូវបានប្លន់ និងបំផ្លាញក្លាយជាផេះផង់។

ភាពយន្តនេះ បង្ហាញ ពីការស្តារឡើងវិញ ការសាងសង់ភូមិស្ថានមករកភាពសុខដុមរមនាជាច្រើនឆ្នាំ និងសេចក្តីស្នេហារបស់កំលោះក្រមុំជនបទព្រៃភ្នំ ជាពិសេសវប្បធម៌ប្រពៃណីដូនតាខ្មែរ។ បញ្ហាប្រឈមដ៏ធំនៃសាច់រឿងគឺការត្រឡប់មកសារជាថ្មីនៃ ពួកចោរព្រៃ បណ្តាលឱ្យយុវជន យុវតីក្នុងភូមិត្រូវក្រោកឈរឡើងរួមគ្នាការពារបូរណភាពទឹកដីខ្លួន ជាពិសេស ក្បាច់គុណល្បុក្កតោ ដែលជា ដួងព្រលឹងនៃជាតិខ្មែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម