ព័ត៌មានជាតិ
ពីមន្ត្រីរាជការ លោកស្រី ម៉ាលី សុជាតា ក្លាយជា អនុរដ្ឋលេខាធិការពាក់ផ្កាយ៣
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លោកស្រី ដាំ ដារីនី និងលោកស្រី ម៉ាលី សុជាតា។ ក្នុងនោះ លោកស្រី ម៉ាលី សុជាតា គឺជាអតីតភាពមន្ត្រីក្រសួងកិច្ចការនារី បានក្លាយជាអនុរដ្ឋលេខាធិការស្ត្រីនៃក្រសួងការពារជាតិដែលបានពាក់ផ្កាយ៣។

លោកស្រី ម៉ាលី សុជាតា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅក្នុងអំឡុងឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។ មុនការតែងតាំងជាអនុរដ្ឋលេខាធិការនេះ លោកស្រី ធ្លាប់បានបម្រើការងារជាមន្ត្រីនៅក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ពោលគឺបន្ទាប់ពីលោកស្រីបានប្រឡងជាប់ក្របខណ្ឌជាមន្ត្រីរាជការនៃក្រសួងកិច្ចការនារី តាំងពីឆ្នាំ២០០៦មក។
បើតាមសំណេររៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ឲ្យដឹងថា៖ «ចាប់ផ្ដើមពីមន្រ្តីកម្មសិក្សានៅក្រសួងកិច្ចការនារី នៅពេលនោះ គឺលោកស្រីទទួលបានការបង្ហាត់បង្រៀន ការណែនាំ និងការផ្តល់ឱកាសជាច្រើនដែលអនុញ្ញាតឲ្យលោកស្រីអាចចូលរួមចំណែកក្នុងតួនាទីបានយ៉ាងពេញទំហឹង រួមទាំងបានដុសខាត់ និងហ្វឹកហាត់រហូតក្លាយខ្លួនជាបុគ្គលម្នាក់ដែលកាន់តែមានសមត្ថភាពក្នុងការទទួលបានឱកាសដូចសព្វថ្ងៃនេះ។

តែយ៉ាងណាក្ដី ក្នុងតំណែងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ រយៈពេលប្រមាណ២អាណត្តិមកនេះ គឺទើបតែនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ប្រគល់ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកដល់លោកស្រីជាផ្លូវការ ក្រោយការទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ត្រង់ចំណុចនេះ សម្តេចតេជោ បានបញ្ជាក់ថា ការប្រគល់ឋានន្តរស័ក្តិដល់លោកស្រី ម៉ាលី សុជាតា ក៏ដូចជាលោកស្រី ដាំ ដារីនី នៅពេលនេះ គឺធ្វើឡើងក្នុងគោលដៅរក្សាស្ត្រី២រូបនេះបម្រើក្នុងវិស័យការពារជាតិរយៈពេលវែង ដែលចាំបាច់ត្រូវរៀបចំជានាយទាហានអាជីពតែម្តង។

ជាការដឹងឧបការគុណនេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកដល់លោកស្រី។ លោកស្រី បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលតែងតែសណ្តោសប្រោសប្រណី ផ្តល់ជំនឿទុកចិត្ត និងផ្ដល់ឱកាសឲ្យលោកស្រីបានចូលរួមចំណែកក្នុងបុព្វហេតុបម្រើជាតិមាតុភូមិកម្ពុជា។ ទន្ទឹមនេះ លោកស្រី ម៉ាលី សុជាតា ក៏ថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ប្រមុខការពារជាតិកម្ពុជា ដែលតែងតែបានណែនាំតម្រង់ទិស និងគាំទ្រដល់លោកស្រីក្នុងការបំពេញភារកិច្ចចាប់តាំងពីឆ្នំា២០១៣ រហូតមកទល់ពេលបច្ចុប្បន្ននេះ។

លោកស្រីអនុរដ្ឋលេខាធិការ បានលើកឡើងដែរថា ការផ្តល់ឋានន្តរស័ក្តិដល់ថ្នាក់ដឹកនាំជាស្ត្រី នៅថ្ងៃនេះ ជាការលើកទឹកចិត្ត និងការផ្តល់សេចក្តីសង្ឃឹមដល់ស្ត្រីជាច្រើនទៀតដែលមានសមត្ថភាព ហើយក៏បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់តួនាទីស្រ្តីក្នុងការធ្វើសេចក្តីសម្រេច ជាពិសេសលើវិស័យការពារជាតិ ដោយឈរលើគោលការណ៍រក្សាចាស់បង្កើនក្មេង។
ជាការតបស្នងគុណដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចពិជ័យសេនា លោកស្រីឧត្តមសេនីយ៍ឯក រូបនេះ បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពមិនខ្លាចនឿយហត់ និងអនុវត្តរាល់បទបញ្ជាទាំងអស់របស់ថ្នាក់ដឹក នាំក្នុងការការពារ ថែរក្សាសុខសន្តិភាព ស្ថេរភាព និងភាពរីកចម្រើននៃប្រទេសជាតិ បើទោះបីក្នុងតម្លៃណាក៏ដោយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


