ព័ត៌មានជាតិ
សម្តេចតេជោ៖ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញធ្វើឱ្យស្ករត្នោតកំពង់ស្ពឺ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ធ្វើឱ្យមានការកើនឡើងតម្រូវការទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលបាននាំចេញទៅកាន់ សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក កូរ៉េ ជប៉ុន និងថៃ ជាដើម។

តាមរយៈកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានតម្រូវការខ្ពស់នេះ ដោយសារស្ករត្នោតកំពង់ស្ពឺ បានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០១០ ហើយបន្ទាប់មកបានចុះបញ្ជីការពារនៅបណ្តាប្រទេសចំនួន២៩ផ្សេងទៀត។
ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ស្ករត្នោតកំពង់ស្ពឺ បានកំណត់យកតំបន់ភូមិសាស្ត្រចំនួន៣ រួមមាន៖ ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គ ស្នួល ដែលមានដើមត្នោតសរុបប្រមាណ ៣០ ០០០ (សាមសិបពាន់)ដើម ប៉ុន្តែបច្ចុប្បន្ននេះ មានដើមត្នោតតែចំនួន ៣ ៦៣៧ (បីពាន់ប្រាំមួយរយសាមសិបប្រាំពីរ)ដើម អាចផលិតស្ករត្នោតបានបរិមាណ ២៥០ តោនប៉ុណ្ណោះ ដែលបាននិងកំពុងអាស្រ័យផល ដោយគ្រួសារចំនួន ១៥៣ ជាសមាជិកសមាគមលើកកម្ពស់ស្ករ ត្នោតកំពង់ស្ពឺ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញស្ករត្នោតកំពង់ស្ពឺ បានរួមចំណែកបង្កើនតម្លៃស្ករត្នោតកំពង់ស្ពឺ បង្កើតការងារ លើកកម្ពស់ជីវភាព និងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមអភិរក្សដើមត្នោត ដែលជាអត្តសញ្ញាណជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីការអភិរក្សធនធានដើមត្នោត ប្រជាពលរដ្ឋបានបន្តថែរក្សា កេរដំណែលចំណេះដឹងជាប្រពៃណី និងឧបករណ៍បុរាណពាក់ព័ន្ធនឹងការផលិតស្ករត្នោត ដែលជាសម្បត្តិវប្បធម៌ សម្រាប់ការពារអត្តសញ្ញាណជាតិ និងជាគោលដៅទាក់ទាញទេសចរណ៍។
ទោះបីយ៉ាងនេះក្តី អាស្រ័យដោយការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឱ្យមានកំណើនវិស័យ ឧស្សាហកម្ម និងសេវាកម្ម ដែលស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន និងផ្តល់ប្រាក់ឈ្នួលខ្ពស់ ព្រមទាំងការឡើងថ្លៃអចលនទ្រព្យ បានធ្វើឱ្យប្រជាពលរដ្ឋបោះបង់មុខរបរផលិតស្ករត្នោត ដែលបង្កឱ្យមានការព្រួយបារម្ភចំពោះការធ្លាក់ចុះផលិតផលស្ករត្នោត និងការបាត់បង់ដើមត្នោតដែលជាអត្តសញ្ញាណជាតិ។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកឱ្យបានខ្ពស់បំផុត ក្នុងការចូលរួមការពារអភិរក្សដើមត្នោត និងពង្រីកការដាំដុះដើមត្នោតបន្ថែមទៀត ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីដើមត្នោតនេះ។
ការលើកឡើងរបស់សម្តេចតេជោ បែបនេះតាមរយៈលិខិតចូលរួមអបអរទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើឡើងក្រោមមូលបទ “ស្រ្តី និងកម្មសិទ្ធិបញ្ញា៖ ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ” នៅថ្ងៃទី ២៦ ខែ មេសា នេះ៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


