ព័ត៌មានជាតិ
ផលិតផល ៣មុខ របស់កម្ពុជា ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាផ្លូវការ
ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជា ចំនួន៣ជាបន្ថែមទៀត រួមមាន៖ អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ នៅថ្ងៃទី ២៦ មេសានេះ ត្រូវនឹងទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ ២០២៣។ ជាមួយគ្នានេះ ក្រសួងក៏បានចុះបញ្ជីម៉ាកសមូហភាពចំនួន៤ ផ្សេងទៀតរួមមាន៖ អំបុកកំពង់ធំ ដូងខ្ទះបាត់ដំបង ក្រូចថ្លុងកោះពីរ និង នំបញ្ចុកសៀមរាប។

លោក ប៊ុន ណារិន អ្នកផលិតអំបិលខេត្តកំពត បានលើកឡើងថា ការដាក់សម្ពោធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ អំបិលកំពតកែប និងទឹកត្រីកំពតកែបនេះ គឺជាកិត្តិយសមួយរបស់ខេត្តកំពត បន្ទាប់ពីម្រេចកំពត។ លោកបានបន្តថា ការដាក់ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់កសិករផលិតអំបិលឱ្យទទួលបានតម្លៃបន្ថែម ព្រមទាំងជំរុញការនាំចេញអំបិលជាផ្លូវការ ទៅទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្ននេះអំបិលកំពត កែប បាននាំចេញទៅទីផ្សារក្រៅប្រទេសខ្លះហើយ ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះ។
លោក ណារិន បានឱ្យដឹងទៀតថា បច្ចុប្បន្នផ្ទៃដីផលិតអំបិលផ្លូវការ ដែលរដ្ឋទទួលស្គាល់នៅខេត្តកំពត មានចំនួនជាង ៣៧០០ហិកតា និងមានអ្នកផលិតចំនួន ១៣៩ក្រុម។
លោក តុង ក្លឹង អ្នកផលិតអំបិលមួយរូបទៀត បានលើកឡើងថា អំបិលលេខ១ មានតម្លៃ ១៨០០០រៀល ក្នុងមួយបាវ(៥០គីឡូ), លេខ២ តម្លៃ ១៦០០០រៀល និងលេខ៣ តម្លៃ ១៤០០០០រៀល។
ចំណែកបង្កងតាកែវ ក្រសួងពាណិជ្ជកម្ម បានដាក់ក្តីសង្ឃឹមថា តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «បង្កងតាកែវ»នេះ នឹងអាចជួយដល់ផលិតករ អាជីវករ និងប្រតិបត្តិករក្រុមហ៊ុនកែច្នៃវេចខ្ចប់ ក្នុងការនាំចេញទៅលក់នៅទីផ្សារអន្តរជាតិបន្ថែមទៀត។

យោងតាមលិខិតរបស់រាជរដ្ឋាភិបាល ចូលរួមអបអរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២៣ បានគូសបញ្ជាក់ថា ការកសាងច្បាប់កម្មសិទ្ធិបញ្ញាគឺជាមូលដ្ឋានគ្រឹះសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារ ដោយផ្តោតសំខាន់លើវិស័យឯកជនជាកម្លាំងចលករ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា ដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់មានសារៈសំខាន់ណាស់ ដល់ភាពរីកចម្រើនរបស់វិស័យឯកជន តាមរយៈការបង្កើតផលិតផលដែលមានម៉ាករបស់កម្ពុជា ការបង្កើតស្នាដៃ ការបង្កើនផលិតភាព លើកទឹកចិត្តឱ្យមានការផ្ទេរបច្ចេកវិទ្យាចាំបាច់ និងជំរុញនវានុវត្តន៍នៅគ្រប់វិស័យ។ នៅក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា រួមមាន ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ កិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាដទៃទៀត។
រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងរៀបចំគោលនយោបាយជាតិ ស្ដីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ដែលមានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់កម្ពុជា
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីកសាងកេរ្តិ៍ឈ្មោះ ផលិតផលកម្ពុជា ជាពិសេសលើកកម្ពស់ទំនិញកសិផល ទំនិញកសិចំណំអាហារ ទំនិញសិប្បកម្ម តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលបានចុះបញ្ជីរួចហើយ មានដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងក្រូចថ្លុងកោះទ្រង់ ជាដើម។ ដោយឡែកការចុះបញ្ជីម៉ាកសមូហភាព រួមាន គុយទាវភ្នំពេញ អង្ករព្រះវិហារ អង្ករ ក្រអូប SKO អង្ករដំណើប DSMK និងម៉ាកវិញ្ញាតកម្មអង្គរម្លិះ (Angkor Malys) ដែលជាផលិតផល មានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយផ្សារភ្ជាប់ទៅនឹងកត្តាភូមិសាស្ត្រ និងចំណេះដឹងបែបប្រពៃណី ព្រមទាំងជំនាញ នៃការផលិតផងដែរ៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល