ព័ត៌មានជាតិ
សម្ដេចតេជោស្នើសមាគមជប៉ុន-កម្ពុជា បន្តជួយអភិវឌ្ឍធនធានមនុស្សដែលកម្ពុជាកំពុងមានគម្រោងបណ្ដុះបណ្ដាលជនក្រីក្រប្រមាណ១លាន៥សែននាក់
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំ ឯកឧត្តម តាកាហាស៊ី បន្តជួយអភិវឌ្ឍធនធានមនុស្សដែលពេលនេះ កម្ពុជាកំពុងមានគម្រោងបណ្ដុះបណ្ដាលជនក្រីក្រ ប្រមាណ១លាន៥សែននាក់ ដើម្បីឲ្យពួកគាត់ងាយរកការងារធ្វើ។

ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្ដេចតេជោនៅឯវិមានសន្តិភាព លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់សមាគម ជប៉ុន-កម្ពុជា ដែលក្នុងនោះ ៖

ទី១-កំពុងរៀបចំវេទិកាព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុងស្វែងរកការវិនិយោគនៅក្រៅប្រទេស។
ទី២-កំពុងជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យកែសម្ផស្ស, លើវិស័យជួសជុលយានយន្ត និងលើវិស័យ បដិសណ្ឋារកិច្ច។
ទី៣-កំពុងរៀបចំខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលក្នុងនោះនឹងមានការអុចកាំជ្រួចអបអរសាទរផងដែរនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ។
ទី៤-ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់ដាក់លក់លើកទីផ្សារ។
ទី៥-គោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ី ដែលបានធ្វើរបាយការណ៍ជូនសម្ដេច ហើយបានលើកទឹកចិត្តឱ្យបន្តការខិតខំចលនាអ្នកវិនិយោគមកកម្ពុជា ដែលជាអាទិភាពរបស់កម្ពុជា ហើយនៅពេលនេះ កម្ពុជា ក៏មានច្បាប់វិនិយោគថ្មីដែរ ដែលច្បាប់វិនិយោគនោះ នឹងផ្ដល់នូវភាពអនុគ្រោះច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា។

ជាមួយគ្នានោះដែរ សម្ដេចតេជោ បានស្នើសុំឲ្យឯកឧត្តម តាកាហាស៊ី ជំរុញការនាំផលិតផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន។ សម្ដេចបានមានប្រសាសន៍ថា ផលិតផលរបស់កម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមីច្រើនទេ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ីដែលបានអបអរសាទរចំពោះការដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្ដេច ថា នៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ គឺស្ថានភាពមានការពិបាកច្រើន ទាំងនៅក្នុងតំបន់ និងទាំងក្នុងពិភពលោក ព្រោះថា នៅពេលនោះ គឺមានបញ្ហាពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា, ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាតៃវ៉ាន់, បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាការប្រឈមមុខខាងផ្នែកភូមិសាស្ត្រនយោបាយផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានដឹកនាំកិច្ចប្រជុំដោយរក្សាបាននៅមជ្ឈភាពអាស៊ាន, សាមគ្គីភាពអាស៊ាន និងរក្សាបាននូវឥទ្ធិពលអាស៊ាន ក៏ដូចជាបានចេញសេចក្ដីថ្លែងការណ៍ និងឯកសារទាំងអស់ ដោយគ្មានការប្រឈមមុខដាក់គ្នាឡើយ៕







-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


