ព័ត៌មានជាតិ
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ចាន់ សុឃាំង បានឱ្យដឹងថា ការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារកម្ពុជា មានកត្តារួមផ្សំជាច្រើន ដែលបង្កឱ្យកើតមានបញ្ហានេះ។

ថ្លែងប្រាប់កម្ពុជាថ្មី លោកឧកញ៉ា ចាន់ សុឃាំង បានលើកឡើងថា ចំណុចទី១ តម្លៃស្រូវមានការប្រែប្រួលទៅតាមគុណភាព ដោយសារកសិករ ប្រញាប់ប្រមូលផលទាំងស្រូវនៅខៀវច្រើន មិនទាន់ទុំល្អ។ ចំណុចទី២ ស្រូវរបស់កសិករសើម ធ្វើឱ្យតម្លៃមានការប្រែប្រួល។ លោកឧកញ៉ា បានលើកឡើងដូច្នេះថា« ប្រជាកសិករ ឬឈ្មួញ ប្រមូលទិញស្រូវតាមវាលស្រែខ្លះ បាញ់ទឹកថែម ដើម្បីឱ្យធ្ងន់ ឬច្រូតស្រូវនៅខ្ចីពេក ធ្វើឱ្យមានសំណើមខ្ពស់»។

ប្រធានសហព័ន្ធស្រូវអង្ករបានបន្តថា ជាទូទៅស្តង់ដារសំណើម គឺមានចន្លោះពី ២១-២៨ភាគរយ។ ប៉ុន្តែមានសំណើមខ្លះឡើងដល់ ៣៣-៣៥ភាគរយ ហើយសំណើមនេះ គឺជាទម្ងន់ដែលត្រូវកាត់កងតម្លៃជាសាច់ប្រាក់រវាងអ្នកលក់ និងអ្នកទិញ។ នៅពេលដែលមានសំណើមខ្ពស់ នឹងកាត់ជាសាច់ប្រាក់អស់ច្រើនផងដែរ។
ក្រៅពីការលើកឡើងខាងលើនេះ ក៏មានបញ្ហាពាក់ព័ន្ធផ្សេងទៀត មានដូចជា ការសម្រុកប្រមូលផលច្រើនពេកបញ្ចេញទៅលើទីផ្សារ ឬឈ្មួញពីប្រទេសជិតខាងចូលមកទិញមួយភ្លែត ដើម្បីកូរតម្លៃឱ្យខ្ពស់ កុំឱ្យមានការនាំចេញបានជាដើម។ នេះជាការបន្ថែមរបស់លោកឧកញ៉ា ចាន់ សុឃាំង។

ដើម្បីរួមចំណែកជួយទប់ស្កាត់ការប្រែប្រួលតម្លៃ និងរក្សាទីផ្សារស្រូវសម្រាប់កសិករ លោកឧកញ៉ា ចាន់ សុឃាំង បានជំរុញដល់សមាជិកសហព័ន្ធស្រូវអង្ករ និងរោងម៉ាស៊ីនកិនស្រូវទាំងអស់ ជួយប្រមូលទិញពីប្រជាកសិករ។ ទន្ទឹមនឹងនេះ សហព័ន្ធ ក៏បានលើកនូវបញ្ហាមួយចំនួនជុំវិញការឡើងចុះតម្លៃស្រូវនេះ ដាក់ជូនទៅរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំយោបល់បន្ថែមក្នុងការដោះស្រាយបញ្ហានេះ។
ប្រធានសហព័ន្ធស្រូវអង្ករ បានសង្កត់ធ្ងន់ថា បើទោះជាមានការប្រែប្រួលតម្លៃបន្តិចក្តី ប៉ុន្តែមកដល់ពេលនេះ ស្រូវនៅតែមានតម្លៃថ្លៃជាងឆ្នាំណាៗទាំងអស់។ ស្របជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករបាន និងកំពុងពង្រឹកទីផ្សារ តាមរយៈការផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីអង្ករកម្ពុជា ផងដែរ។

យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ឆ្នាំ ២០២៣ បានបង្ហាញថា ស្រូវ IR នៅក្នុងខែកញ្ញានេះ មានតម្លៃ ១២៧៥រៀល ក្នុងមួយគីឡូក្រាម បើធៀបនឹងខែ កញ្ញា ឆ្នាំមុនមានតម្លៃ ៨២០រៀលប៉ុណ្ណោះ, ស្រូវសែនក្រអូប មានតម្លៃ ១៣៦៥រៀល ឆ្នាំមុនមានតម្លៃ ១១៤០រៀល, ស្រូវ OM 5451 មានតម្លៃ ១២៤០រៀល ឆ្នាំមុនមានតម្លៃ ៨១៥រៀល ដោយតម្លៃនេះ ខ្ពស់ជាងឆ្នាំមុនៗទាំងអស់៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២០ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា