Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ ព្រួយបារម្ភពីការនាំចូលសាច់បង្កក​ខូចគុណភាព

បានផុស

នៅ

ពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានសម្តែងក្តីព្រួយបារម្ភពីបញ្ហាសុខភាព ក្រោយពីទទួលបានព័ត៌មាន​បង្រ្កាបបទ​ល្មើសឃាត់បានសាច់​បង្កករាប់តោនជាបន្តបន្ទាប់ ដែលនាំចូលកម្ពុជា ខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ កុសល រស់នៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ការហូរចូលសាច់បង្កក ដែលគ្មានប្រភពច្បាស់លាស់ អាចនាំឲ្យមានបញ្ហាដល់សុខភាព ឬបង្កជាជំងឺផ្សេងៗ ដល់អ្នកបរិភោគ។ លោក កុសល បានលើកឡើងថា ការចំ​ណាយរបស់ពលរដ្ឋទិញត្រីសាច់ បន្លែ ផ្លែឈើ ដើម្បីបរិភោគទ្រទ្រង់សុខភាពរាងកាយ។ ផ្ទុយទៅវិញ ការចំ​ណាយនេះ អាចនឹងមិនចំគោលដៅ ពោលគឺទៅទិញជំងឺពីផ្សារមកវិញ ប្រសិនបើសាច់បង្កក បន្លែ ផ្លែឈើទាំង​នោះខូចគុណភាព នៃការប្រើប្រាស់។

ដូចគ្នានេះដែរ កញ្ញា ញឹម សោភា បានលើកឡើងដូច្នេះថា «ខ្ញុំឧស្សាហ៍ទៅទីផ្សារទិញសាច់ បន្លែ និងគ្រឿងទេសផ្សេងៗ ទៀតសម្រាប់ធ្វើម្ហូប។ ខ្ញុំពិតជាមានការបារម្ភជាខ្លាំងក្នុងការទិញ ព្រោះខ្លាចប៉ះចំរបស់ហួសដឺឡែ ឬសាច់បង្កក ដែលអាចនាំ ឲ្យប៉ះពាល់ដល់សុខភាព មិនថាចំពោះតែខ្ញុំ និងក្រុមគ្រួសារ ប៉ុណ្ណោះនោះទេ»។

កញ្ញា សោភា បានបន្តថា សម្រាប់ប្រជាពលរដ្ឋទូទៅ ប្រហែលក៏គិតដូចគ្នាដែរ អំពីបញ្ហាខាងលើនេះ។ ម្យ៉ាងទៀត សាច់ បង្កកអាចមានតម្លៃសមរម្យ ដូច្នេះចំពោះពលរដ្ឋដែលមានកម្រិតជីវិតក្រោមមធ្យម ពួកគាត់មិនសូវបានគិតពិចារណាបាន វែងឆ្ងាយនោះទេ សម្រាប់ផលប៉ះពាល់នាពេលខាងមុខ។ ដ្បិតពួកគាត់រកចំណូលបានតិចតួច តែត្រូវចំណាយច្រើនមុខ ដូច្នេះ ការប្រើប្រាស់ ក៏មានការសន្សំសំចៃ និងទិញរបស់ណាដែលមានតម្លៃសមរម្យប៉ុណ្ណោះ។ នេះជាការបន្ថែម​របស់កញ្ញា សោភា។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា សាច់​បង្កក​កំពុងមាន​វត្តមាន​យ៉ាងច្រើន​នៅតាម​ហាង​លក់​ម្ហូបអាហារ ពិសេស​ហាង​ធំៗ​។ លោកលើកឡើងដូច្នេះថា «ជា​ធម្មតា​ថៅកែ​តែង​ផ្តល់ប្រាក់​ឱ្យ​មេការ ឬ​បុគ្គលិក​ទៅ​ទិញ​សាច់​​បន្លែ យកមក​ស្តុក​ទុក ដូច្នេះ​អ្នក​ទៅ​ទិញ​ភាគច្រើន​នឹង​ទិញ​សាច់​បង្ក​កមក​ (​មានតម្លៃ​ទាប​) ដែល​សាច់​បង្កក​ភាគច្រើន គឺ​មិន​មានគុណ​ភាព និង​ប្រភព​ច្បាស់លាស់​ឡើយ​»​។​

ប្រធានសមាគ បានសង្កត់ធ្ងន់ថា ឥទ្ធិពល​នៃ​ការនាំ​ចូល​សាច់​បង្កក​ ដែល​គ្មាន​ច្បាប់ និង​គ្មាន​ប្រភព​ច្បាស់លាស់ ក៏បានធ្វើឱ្យ​តម្លៃ​ជ្រូក​រស់​ចិញ្ចឹម​ក្នុងស្រុក​ធ្លាក់ចុះ​។ ការធ្លាក់ចុះតម្លៃនេះ ធ្វើឱ្យអ្នកចិញ្ចឹមខាតច្រើន ឈានដល់ការបោះបង់អាជីពនេះផងដែរ។

ទោះយ៉ាងណា ទាក់ទិននឹងបញ្ហានេះ សមត្ថកិច្ចបានចេញបង្ក្រាបជាបន្តបន្ទាប់ និងឃាត់បានសាច់បង្កក​ជាច្រើន​តោនផងដែរ ក្នុងមួយឆ្នាំៗ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម