Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកអង្គរបូរី ចាប់បានសាច់បង្កកលួចនាំចូល​ពីវៀតណាមខុសច្បាប់ជិត២តោនតាមច្រកបាក់ដៃ

បានផុស

នៅ

ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរស្រុកអង្គរបូរី ក្រោមបទបញ្ជាពីលោក កង អាណាន់ អភិបាលស្រុក សហការជាមួយកម្លាំងគយចល័ត និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះប្រតិបត្តិការចាប់ឃាត់ការនាំចូលសាច់បង្កកខុសច្បាប់ដែលត្រូវបានសង្ស័យថា លួចនាំចូលពីប្រទេសវៀតណាម តាមច្រកបាក់ដៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកអង្គរបូរី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីមន្ត្រីនៅកន្លែងកើតហេតុ បានឱ្យដឹងថា សាច់បង្កកទាំងនោះ ត្រូវបានដឹកជញ្ជូនដោយមិនមានឯកសារត្រឹមត្រូវ និងគេចវេសពីការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញ។ ក្រោយទទួលបានព័ត៌មាន អាជ្ញាធរបានចុះស្ទាក់ចាប់ និងធ្វើការត្រួតពិនិត្យភ្លាមៗ ដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពស្បៀងអាហារ។

បច្ចុប្បន្ន សាច់បង្កកដែលត្រូវបានចាប់ឃាត់ ត្រូវបានរក្សាទុកជាបណ្តោះអាសន្ន ខណៈមន្ត្រីជំនាញកំពុងបន្តអនុវត្តនីតិវិធី ត្រួតពិនិត្យគុណភាព និងឯកសារពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្ដែងការគាំទ្រចំពោះវិធានការរបស់អាជ្ញាធរស្រុក ដោយចាត់ទុកថា ជាការចូលរួមទប់ស្កាត់ការហូរចូលនៃផលិតផលគ្មានគុណភាព និងការពារសុខុមាលភាពអ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ក្រុមអាជីវករ និងអ្នកដឹកជញ្ជូនទំនិញទាំងអស់ ឱ្យគោរពតាមច្បាប់ និងជៀសវាងការនាំចូលទំនិញខុសច្បាប់ ដែលអាចប្រឈមចំពោះការផាកពិន័យ និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម