Connect with us

ព័ត៌មានជាតិ

ពេលនេះ អង្គការ-សមាគមប្រមាណជាង ៦ពាន់ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ

បានផុស

នៅ

គិតមកដល់បច្ចុប្បន្ន អង្គការមិនមែនរដ្ឋាភិបាល និងសមាគមប្រមាណជាង ៦ពាន់ ត្រូវបានចុះបញ្ជីស្របតាមច្បាប់នៅក្រសួងមហាផ្ទៃ។ នេះបើតាមការឱ្យដឹងរបស់ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ខ្ជាប់ការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលរហូតមកដល់បច្ចុប្បន្ន មានចំនួន៦ ២៧៩ ក្នុងនោះ សមាគមមានចំនួន២ ៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ៥៣២ ត្រូវបានចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ។

បើតាមការគូសបញ្ជាក់របស់ក្រសួងមហាផ្ទៃ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បាននិងកំពុងធ្វើសកម្មភាពដោយសេរីស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃកម្ពុជា ដោយក្រសួង បញ្ជាក់ថា វត្តមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើសកម្មភាពលើវិស័យជាច្រើននៅទូទាំងប្រទេស។

តែយ៉ាងណាមិញ ក្រសួងមហាផ្ទៃ ក៏បានពិនិត្យឃើញថា ក្នុងនោះមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានបំពេញកាតព្វកិច្ចបានខ្ជាប់ខ្ជួន និងមួយចំនួនទៀតមិនបានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៅឡើយ ទោះបីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់ក្រើនរំលឹកអំពីការបំពេញកាតព្វកិច្ចចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក រួចមកហើយក៏ដោយ។

ឈរលើមូលដ្ឋាននេះ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅ កម្ពុជា ការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជាមួយអាជ្ញាធរសាធារណៈ ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់បំពេញកាតព្វរបស់ខ្លួនឱ្យល្អ ស្របតាមច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម