ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះ អភិវឌ្ឍវិស័យអប់រំនៅខេត្តបន្ទាយមានជ័យ
លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ មាតាបិតា សហគមន៍ ឤជ្ញាធរដែនដី ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស ក្នុងការអភិវឌ្ឍវិស័យអប់រំនៅខេត្តបន្ទាយមានជ័យ ឱ្យមានការរីកចម្រើនស្របតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។

ការថ្លែងនេះ ធ្វើឡើងខណៈ លោក សេរី ជំនះ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ជាមួយគ្នានេះ លោក សេរី ជំនះ បានរំលេចនូវចំណុចសំខាន់ៗមួយចំនួនជូនអង្គសន្និបាតមានដូចជា៖ វិធានការគន្លឹះទាំង៤ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី, ស្តង់ដាសាលារៀនគំរូ និងយន្តការអនុវត្តសាលារៀនគំរូ, ក្របខណ្ឌនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការក្នុងវិស័យអប់រំ យុវជន និងកីឡា, ការរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) ឆ្នាំ២០២២ របស់កម្ពុជា។

សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាខេត្ត ដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃនេះ គឺជាការចាប់ផ្តើមដ៏ល្អមួយក្នុងឆ្នាំសិក្សា នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្ស ឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

លោក សេរី ជំនះ បានថ្លែងជម្រាបជូនអង្គសន្និបាតអំពីវិធានការគន្លឹះចំនួន៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ១. ការពង្រឹងអភិបាលកិច្ចសាលារៀន ២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីល ធម៌ និងឥរិយាបថរបស់សិស្ស ៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈ កម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុង ការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

បន្ថែមពីនេះទៀត ក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យឡើងវិញលើស្តង់ដាសាលារៀន ដែលបានដាក់ចេញនាពេលកន្លងមក ដោយបញ្ជ្រាបចំណុចគន្លឹះទាំង៤ ខាងលើទៅក្នុង “ស្តង់ដាសាលារៀន គំរូ” ចំនួន ៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា រួមមាន៖ ស្តង់ដាទី១ ផ្តោតលើលទ្ធផលសិក្សារបស់សិស្ស ស្តង់ដាទី២ ផ្តោតលើការបង្រៀននិងរៀន ស្តង់ដាទី៣ ផ្តោតលើការចូលរួមរបស់សហគមន៍ ស្តង់ដាទី៤ ផ្តោតលើដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និង ស្តង់ដាទី៥ ផ្តោតលើគណនេយ្យភាពរបស់សាលារៀន។

ក្រៅពីនេះទៀត ក្រសួងបានបង្កើតក្រុមការងារវាយតម្លៃសាលារៀន ដើម្បីចុះវាយតម្លៃសាលារៀន ដោយប្រើប្រាស់ស្តង់ដា និងសូចនាករដែលបានរៀបចំក្នុងគោលដៅផ្តល់ការគាំទ្រ និងការចុះជួយនៅតាមសាលារៀនគោលដៅដែលមិនសម្រេចបានតាមស្តង់ដា និងរៀបចំផ្តល់ការលើកទឹកចិត្ត ចំពោះសាលារៀនដែលសម្រេចបានតាមស្តង់ដា។ ក្រសួងអប់រំ យុវជន និងកីទ្បា នឹងអនុវត្តគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ឱ្យបានជោគជ័យប្រកបដោយផ្លែផ្កា ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយត្រូវប្រែក្លាយគ្រឹះស្ថានសិក្សាយ៉ាងហោចណាស់ចំនួន ៥០០សាលា ទៅ ១០០០សាលា ឱ្យក្លាយទៅជាសាលារៀនគំរូ ដោយចាប់ផ្តើមពីការរៀបចំសាលារៀនគំរូ សម្រាប់ប្រកាសនៅក្នុងសន្និបាតអប់រំ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាខែមេសា ឆ្នាំ២០២៤ ខាងមុខ ឱ្យបានពី ៥០សាលា ទៅ ១០០សាលា។

គួរបញ្ជាក់ថា សន្និបាតនេះ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តបន្ទាយមានជ័យ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ឤជ្ញាធរដែនដី តំណាងសហគមន៍ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបជាង ២៥០នាក់៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ