ព័ត៌មានជាតិ
បណ្ឌិតពីររូប៖ ការប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ ប៉ះពាល់តម្លៃអប់រំកម្ពុជា និងកិត្តិយសជាតិនៅឆាកអន្តរជាតិ
បណ្ឌិតពីររូបនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងស្រដៀងគ្នាថា ការប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ មិនត្រឹមតែប៉ះពាល់ដល់ប្រព័ន្ធអប់រំជាតិ និងទំនុកចិត្តរបស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងភាពជឿជាក់របស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ការប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ គឺជាទង្វើដែលប៉ះពាល់ដល់គុណភាពនៃការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា កិត្តិយសជាតិ និងនីតិរដ្ឋ។ លោកអំពាវនាវឱ្យបុគ្គលដែលប្រើប្រាស់ ឬទិញសញ្ញាបត្រក្លែងក្លាយ បញ្ឈប់សកម្មភាពនេះ ព្រោះសញ្ញាបត្រជាភស្តុតាងបញ្ជាក់ពីចំណេះដឹង និងសមត្ថភាពពិតប្រាកដ មិនមែនជាវត្ថុសម្រាប់លម្អកិត្តិយសផ្ទាល់ខ្លួននោះទេ។
លោកបញ្ជាក់ថា ការប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ អាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល ស្ថាប័នអប់រំ និងប្រទេសជាតិទាំងមូល ដោយធ្វើឱ្យសាធារណជន និងអន្តរជាតិមានការសង្ស័យចំពោះគុណភាពនៃការអប់រំ និងធនធានមនុស្សនៅកម្ពុជា។ លោក យង់ ពៅ ក៏បានរិះគន់ទស្សនៈមួយចំនួនក្នុងសង្គមដែលចង់បានងារជាបណ្ឌិត ដោយមិនឆ្លងកាត់ដំណើរការសិក្សាត្រឹមត្រូវ ដោយចាត់ទុកថា ជាការប្រមាថដល់វិជ្ជាជីវៈ អ្នកសិក្សាស្រាវជ្រាវ និងក្រមសីលធម៌វិជ្ជាជីវៈ។ លោកថា សញ្ញាបត្រកម្រិតខ្ពស់ គួរតែជាលទ្ធផលនៃការសិក្សា ស្រាវជ្រាវ និងការខិតខំប្រឹងប្រែងពិតប្រាកដ។

បន្ថែមពីនេះ លោកបានលើកឡើងថា ៖ករណីក្លែងសញ្ញាបត្រ អាចធ្វើឱ្យអន្តរជាតិវាយតម្លៃអវិជ្ជមានលើប្រព័ន្ធអប់រំកម្ពុជា ព្រោះពិបាកបែងចែកថា សញ្ញាបត្រណាពិត និងសញ្ញាបត្រណាក្លែងក្លាយ។ ដូច្នេះ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគួរតែចាត់វិធានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងអនុវត្តច្បាប់ចំពោះអ្នកប្រើប្រាស់ និងអ្នកផលិតសញ្ញាបត្រក្លែងក្លាយ»។
ស្រដៀងគ្នានេះដែរ បណ្ឌិតឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ ដើម្បីទទួលបានការងារ ឋានៈ ឬផលប្រយោជន៍ផ្ទាល់ខ្លួន មិនត្រឹមតែជាទង្វើអសីលធម៌ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទល្មើសព្រហ្មទណ្ឌផងដែរ។ លោកបានបញ្ជាក់ថា៖« ទង្វើនេះជាការដណ្តើមឱកាសពីអ្នកដែលបានខិតខំសិក្សាពិតប្រាកដ ដោយសញ្ញាបត្រមួយចំនួនត្រូវការពេលវេលាសិក្សាជាច្រើនឆ្នាំ ទើបទទួលបាន។ ការក្លែងបន្លំដូច្នេះ គឺជាការបំផ្លាញគោលការណ៍យុត្តិធម៌ក្នុងវិស័យអប់រំ»។
ចំពោះផលប៉ះពាល់ លោក ឈត ប៊ុនថង បានគូសបញ្ជាក់ថា ករណីប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ អាចធ្វើឱ្យមានការធ្លាក់ចុះនៃទំនុកចិត្តលើប្រព័ន្ធអប់រំជាតិ និងបង្កឱ្យមានការសង្ស័យលើប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្ទៀងផ្ទាត់សញ្ញាបត្ររបស់ស្ថាប័នពាក់ព័ន្ធ។

លោកបន្តថា ករណីបែបនេះក៏អាចប៉ះពាល់ដល់តម្លៃសញ្ញាបត្រកម្ពុជានៅលើឆាកអន្តរជាតិ និងប៉ះពាល់ដល់ទំនុកចិត្តរបស់ដៃគូអភិវឌ្ឍន៍ និងវិនិយោគិន ដែលត្រូវការធនធានមនុស្សមានជំនាញ និងសមត្ថភាពពិតប្រាកដ។ លើសពីនេះ វាអាចបង្កើតគំរូអវិជ្ជមានសម្រាប់យុវជន ដោយធ្វើឱ្យមានការយល់ច្រឡំថា មិនចាំបាច់ខិតខំសិក្សាក៏អាចទទួលបានសញ្ញាបត្រ និងឱកាសការងារបានដែរ។
បណ្ឌិតទាំងពីររូប បានអំពាវនាវឱ្យក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធ ពង្រឹងការត្រួតពិនិត្យ ស៊ើបអង្កេត និងអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះអ្នកប្រើប្រាស់ និងអ្នកផលិតសញ្ញាបត្រក្លែងក្លាយ ដើម្បីការពារកិត្តិយសប្រព័ន្ធអប់រំ និងភាពជឿជាក់របស់កម្ពុជាទាំងមូល។
សូមជម្រាបថា ថ្មីៗនេះ មានការចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងបុគ្គលមួយរូប ដែល បានប្រើប្រាស់សញ្ញាបត្រក្លែងក្លាយពាក់ព័ន្ធនឹង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលករណីនេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


