Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ ការ​វិនិយោគលើវិស័យអប់រំ ជា​ការ​វិនិយោគ​ដ៏​មាន​តម្លៃ​បំផុត​ក្នុងការអភិវឌ្ឍមូលធនមនុស្ស

បានផុស

នៅ

លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា​បាន​អះអាង​ថា ការ​វិនិយោគ​លើ​វិស័យអប់រំ គឺ​ជា​ការ​វិនិយោគ​ដ៏​មាន​តម្លៃបំផុតសម្រាប់អនាគតបុត្រធីតា ដែលជាគ្រឹះក្នុងការអភិវឌ្ឍមូលធនមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ប្រគល់សញ្ញាបត្រ ដល់សិស្សានុសិស្ស នៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ក្នុងបរិបទដែលក្រសួងកំពុងបន្តលើកកម្ពស់គុណភាពសាលារៀនសាធារណៈ ព្រមទាំងជំរុញ និងគាំទ្រដល់ការអភិវឌ្ឍសាលារៀនឯកជនការបញ្ចប់ការសិក្សានាកម្រិតសិក្សានេះ គឺគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ដោយការឈានជើងចូលដល់សាកលវិទ្យាល័យ គឺជាការចាប់ផ្តើមនៃដំណើរសិក្សាថ្មីមួយទៀត ដែលទាមទារឱ្យក្មួយៗសិស្សានុសិស្ស ត្រូវប្រើប្រាស់ និងអភិវឌ្ឍចំណេះដឹងរបស់ខ្លួនដែលទទួលបានពីការសិក្សានាពេលកន្លងមកនេះ ឱ្យក្លាយជាជំនាញឯកទេសពិតប្រាកដមួយ។

បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់​អនុសាសន៍​គន្លឹះ​ដល់​សិស្សានុសិស្ស​ឱ្យបន្តចាប់យកជំនាញឯកទេសស្របទៅតាមចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន ព្រមទាំងឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ដោយត្រូវពង្រឹងសមត្ថភាពវិភាគ និងការគិតស៊ីជម្រៅ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល។ លើសពីនេះ ក្មួយៗត្រូវប្រកាន់ខ្ជាប់នូវស្មារតី ការរៀនសូត្រពេញមួយជីវិត ដើម្បីស្វែងរករបកគំហើញថ្មីៗ និងអភិវឌ្ឍខ្លួនឱ្យបានពេញលេញទាំងវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។

ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គឺ​ទាមទារ​នូវការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធរួមមាន កត្តារាជរដ្ឋាភិបាលក្នុងការដាក់ចេញគោលនយោបាយ និងការគាំទ្រនានា។ កត្តាសាលារៀនក្នុងការកសាងបរិស្ថានសិក្សា និងកម្មវិធីសិក្សាល្អៗ។ កត្តានាយកសាលាក្នុងការដឹកនាំនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិង កត្តាលោកគ្រូ អ្នកគ្រូក្នុងការផ្ទេរចំណេះដឹងនិងវិន័យ
– កត្តាសិស្សានុសិស្សផ្ទាល់ ក្នុងការខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ៕


អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម