សុខភាព
អ្នកជំនាញ បង្ហាញសញ្ញាព្រមាន ៧ ចំណុច បញ្ជាក់ថា កុមារ អាចនឹងមាន អូទីស្សឹម
អ្នកជំនាញ បង្ហាញសញ្ញាព្រមានចំនួន ៧ ចំណុច បញ្ជាក់ថា កុមារ អាចនឹងមានអូទីស្សឹម ដែលចាំបាច់អាណាព្យាបាលមាតាបិតា ត្រូវនាំកូនៗ ទៅរកអ្នកជំនាញ ដើម្បីធ្វើការពិគ្រោះយោបល់ជាបន្ទាន់។
កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ ថ្លែងក្នុងទិវាអូទីស្សឹមពិភពលោក លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានមានប្រសាសន៍ថា តាមការសិក្សាមួយបានឱ្យដឹងថាសញ្ញាព្រមានចំនួន ៧ ចំណុច ដែលបង្ហាញកុមារអាចនឹងមានអូទីស្សឹម ក្នុងនោះ ៖ ១.កុមារមានរោគសញ្ញាមិននិយាយ ឬយឺតយ៉ាវក្នុងការនិយាយស្តី ក្នុងរយៈពេល ២៤-៣៦ ខែ ដែលជាដើមចម នៃការលូតលាស់ទូទៅផ្នែកភាសា និងទំនាក់ទំនងជាមួយសង្គមគ្រួសារ។ ២.កុមារមានបញ្ហាផ្នែកអារម្មណ៍ ហើយកម្របំផុតក្នុងការយល់ពីអារម្មណ៍អ្នកដទៃដែលនៅជុំវិញខ្លួន។ ៣.កុមារសម្តែងចេញមកនូវសកម្មភាពដដែលៗ ដូចជា យោលខ្លួនទៅមុខ ទៅក្រោយ បង្វិលខ្លួន បោកក្បាល គ្រលាស់ចុងដៃ ដើរចុងជើង ចាក់ទឹកពីកែវមួយ ទៅកែវមួយទៀត ជាដើម។ ៤.កុមារអូទីស្សឹមមួយចំនួនមិនពេញចិត្តទៅនឹងការឱប ឬប៉ះ ចាប់កាន់ពីអ្នកដទៃ ជាពិសេសមនុស្សដែលគាត់ទើបតែជួបជាលើកដំបូង លុះណាតែស្គាល់ជាមុនសិន ទើបអាចប៉ះពាល់គាត់បាន។ ៥.កុមារមានទំនាក់ទំនងភ្នែកបានតិចតួច ឬ ពេលខ្លះគ្មានសោះក៏មាន ហើយមិនសម្លឹងចំមុខនរណាម្នាក់នោះឡើយ។ ៦.កង្វះចំណាប់អារម្មណ៍លើទំនាក់ទំនងមិត្តភ័ក្ដិដែលនៅជុំវិញខ្លួន និងចូលចិត្តនៅម្នាក់ឯង ហើយជីវិតបានផ្តាច់
ចេញពីសង្គម និងគ្រួសារ ហាក់បីដូចជានៅលើកោះដែលផ្តាច់ចង្វាក់ទំនាក់ទំនងតែម្ដង និង ៧.យំស្រែក បោកប្រាស់ ប្រតិកម្មញាណចំពោះពន្លឺ សំឡេង ក្លិន រត់ចុះ រត់ឡើង នៅមិនស្ងៀម ដែលពេលខ្លះមានបញ្ហាខ្លាំងទៅនឹងដំណេក និងពេលញាំអាហារជាដើម ដែលបានធ្វើឱ្យឪពុកម្តាយមានការពិបាកខ្លាំង និងមានការព្រួយបារម្ភឱ្យតែដល់ពេលម៉ោងដែលត្រូវគាត់ធ្វើទុកម្តងៗ។
លោកបានបន្តថា មានអ្នកជំនាញបាននិយាយខុសៗ គ្នា តែពុំទាន់មានឡើយពីភាពប្រាកដប្រជា មូលហេតុអូទីស្សឹម ការសន្និដ្ឋានមួយចំនួនដែលត្រូវបានរកឃើញភាពខុសគ្នានៅក្នុងរចនាសម្ព័ន្ធខួរក្បាលរបស់អ្នកមានអូទីស្សឹមនេះ ដោយអ្នកវិទ្យាសាស្ត្រខ្លះបានផ្តោតលើកត្តាហ្សែនខ្លះ និងបរិស្ថានជាតួនាទីដ៏សំខាន់មួយ តែទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាកាសន្និដ្ឋានមួយជ្រុងតូចប៉ុណ្ណោះ។
លោកបានបន្តទៀតថា លោក Leo Kanner ទោះបីជាគាត់រកឃើញអូទីស្សឹមជាលើកដំបូង នៅឆ្នាំ ១៩៤៣ ក៏ដោយ តែរយៈពេល ៨១ ឆ្នាំ មកនេះ ភាពច្បាស់លាស់ នៃមូលហេតុបណ្តាលឱ្យកុមារមានអូទីស្សឹម គឺស្ថិតក្នុងភាពអាថ៌កំបាំងដដែល អ្នកវិទ្យាសាស្ត្រមានក្តីរំពឹងថា បញ្ហានេះ នឹងត្រូវបានរកឃើញក្នុងឆ្នាំ ២០៣០។
លោកបានបន្ថែមថា បញ្ហាអូទីស្សឹម គឺជាប្រធានបទដ៏ក្តៅមួយដែលមានការបកស្រាយ និងវែកញែក ខុសៗ គ្នា នៅក្នុងបណ្តាញសង្គម និងបានក្លាយជាកង្វល់ដ៏ធំរបស់អ្នកជាអាណាព្យាបាល។ ពិតហើយថា បុគ្គលអូទីស្សឹមមានលក្ខណៈស្មុគស្មាញ នៃប្រព័ន្ធប្រាសាទ និងបញ្ហាជាច្រើនដែលគេចាត់ចំណាត់ថ្នាក់ជាបញ្ហា នៃការលូតលាស់ទូទៅដែលមិនជាក់លាក់ ហើយកុមារមាន អូទីស្សឹម នេះ ត្រូវបានគេកំណត់តាមរយៈការលំបាកជាប្រចាំក្នុងការប្រាស្រ័យទំនាក់ទំនងសង្គម បញ្ហាវិបត្តិភាសា និងបញ្ហាវិបត្តិ អាកប្បកិរិយាជាដើម ជាពិសេសជាមួយមនុស្សជុំវិញខ្លួន សហគមន៍ និងគ្រួសារ។
លោក ចាន់ សារិន បានបញ្ជាក់ថា សាលាកុមារអូទីស្សឹមកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងបម្រើដល់កូនចៅរបស់ប្រជាពលរដ្ឋដែលមានកូនអូទីស្សឹម និងពិការភាពសតិបញ្ញាក្នុងរយៈពេលជិត ១១ ឆ្នាំ មកហើយ នៅក្នុងខេត្តកណ្តាល ជាពិសេសបានជួយគាំទ្រដល់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រមូលកុមារមានតម្រូវការពិសេស ឱ្យបានចូលរៀនស្របតាមច្បាប់អប់រំជាតិ ដែលការចាប់ផ្តើមក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានរៀបចំសាលាអប់រំ ពិសេសក្នុងខេត្តកណ្តាលចំនួន ៤ ទីតាំង ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋមានកូនពិការសតិបញ្ញា និងអូទីស្សឹម និងបានចូលរួមយ៉ាងសកម្មជាមួយគ្រួសារកុមារអូទីស្សឹមក្នុងការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ ដែលសាលានេះបានផ្តោតលើការសិក្សាអប់រំពិសេសដល់សិស្សពិការពេញ ១ ថ្ងៃ។
លោកបានបន្ថែមទៀតថា បច្ចុប្បន្នសាលាមានសិស្សចំនួន ២៦០ នាក់ ស្រី ៦១ នាក់ លោកគ្រូ អ្នកគ្រូចំនួន ៧២ នាក់ ស្រី ៤០ នាក់ និងបានផ្តល់អាហារ ៣ ពេល ក្នុង ១ ថ្ងៃ ការថែទាំស្នាក់នៅពេលថ្ងៃ ដោយមានការយកចិត្តទុកដាក់បំផុតស្របតាមស្តង់ដារបច្ចេកទេសផ្នែកអប់រំពិសេស ហើយបានជួយដល់អ្នកអាណាព្យាបាលទៅបំពេញការងារពេញមួយថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដើម្បីបង្កើនជីវភាពគ្រួសារ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
KPT+២ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ចរាចរណ៍៥ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផ្លូវប្របមាត់ព្រែកពីគល់ស្ពានថ្មីដល់ស្ពានចាស់ រួមជាមួយសួនកម្សាន្ត និងលេចរូបរាងឆាប់ៗក្នុងខេត្តកំពត