ព័ត៌មានជាតិ
អគារសិក្សាថ្មី ៥ខ្នង ត្រូវបានផ្តល់ជូនសាលារៀននៅតំបន់ដាច់ស្រយាលចំនួន ៥ ក្នុងខេត្តព្រះវិហារ
អង្គការទស្សនៈពិភពលោក (World Vision) បានផ្តល់ជំនួយអគារសិក្សាថ្មី ៥ខ្នង ដល់សាលាបឋមសិក្សាចំនួន ៥ផ្សេងគ្នា នៅតំបន់ដាច់ស្រយាលក្នុងខេត្តព្រះវិហារ ដើម្បីឱ្យកុមារនៅតំបន់ដាច់ស្រយាលមានឱកាសបានរៀនសូត្រសម្រាប់អនាគតរបស់ពួកគេ។

នាព្រឹកថ្ងៃទី២៦ អគារសិក្សាចំនួន ៥ខ្នង មាន២១បន្ទប់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ដែលប្រព្រឹត្តទៅ ក្នុងបរិវេណសាលាបឋមសិក្សាសំបូរ ខេត្តព្រះវិហារ ។ អគារសិក្សាចំនួន ៥ខ្នង នេះ រួមមានអគារសិក្សា នៅសាលាបឋមសិក្សាសំបូរ បឋមសិក្សារំដោះ បឋមសិក្សាបង្កន បឋមសិក្សាអូរក្សាន្ត និងបឋមសិក្សាកំប្រាក់ ដែលស្ថិតក្នុងស្រុកគូលែន ស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ។
បើតាមក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញសេចក្តីរីករាយ ចំពោះការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន ៥ខ្នង។ រដ្ឋមន្ត្រីបញ្ជាក់ថា សមិទ្ធផលថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងពីតួនាទីដ៏មានសារៈសំខាន់របស់ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋានដែលបានរួមគ្នាអភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើឱ្យកុមារគ្រប់រូប ជាពិសេស កុមារដែលរស់នៅទីជនបទដាច់ស្រយាល មានឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងទទួលបានអារម្មណ៍កក់ក្តៅចេញពីសហគមន៍មូលដ្ឋាន។

ជាមួយគ្នានេះ លោក ជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា ៖ “អគារសិក្សាទាំងនេះ ដែលមានទីតាំងនៅតំបន់ដាច់ស្រយាល និងពិបាកទៅដល់ គឺជាខ្សែជីវិតសម្រាប់កុមារ។ រួមគ្នាជាមួយដៃគូរបស់យើង យើងធានាថាកុមារគ្រប់រូបមានកន្លែងសុវត្ថិភាពក្នុងការសិក្សាររៀនសូត្រ ការស្តារឡើងវិញ និងការកសាងអនាគតកាន់តែប្រសើរ។ នេះមិនត្រឹមតែជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងក្តីសង្ឃឹម ភាពធន់ និងការផ្លាស់ប្រែជីវិត”។
បើតាមអង្គការទស្សនៈពិភពលោក អាគារសិក្សានេះ ត្រូវបានសាងសង់នៅតំបន់ដាច់ស្រយាលបំផុតមួយចំនួន ហើយរំពឹងថានឹងគាំទ្រដល់ការរៀនសូត្ររបស់កុមារជាង ៥០០ នាក់ នៅក្នុងភូមិចំនួន ៥ ជារៀងរាល់ឆ្នាំ រួមទាំងអ្នកដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សា និងអនាគតរបស់ពួកគេ។ ជាមួយគ្នានេះ តាមរយៈអាគារសិក្សាទាំងនេះនឹងផ្តល់កន្លែងសិក្សាប្រកបដោយសុវត្ថិភាព ងាយស្រួលដល់កុមារ និងមានភាពធន់សម្រាប់កុមារដែលប្រឈមមុខនឹងការរំខានដោយសារតែការផ្លាស់ទីលំនៅ និងអស្ថិរភាព។ បន្ថែមពីនេះ គម្រោងនេះ ក៏បានបំពាក់អគារសិក្សាជាមួយនឹងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងបង្គន់អនាម័យ ធានាឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ និងលើកកម្ពស់អនាម័យសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ។ សាលារៀនត្រូវបានគេរំពឹងថា នឹងជួយបង្កើនអត្រាចុះឈ្មោះចូល កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនលទ្ធផលសិក្សានៅក្នុងសហគមន៍ដែលខ្វះខាត។

ក្នុងឱកាសនោះ ក្រសួងអប់រំ បានដាក់ចេញអនុសាសន៍ ៤ ចំណុច ដើម្បីលើកកម្ពស់គុណភាពការអប់រំ នៅកម្រិតបឋមសិក្សា។ ទី១.ខិតខំកសាង «បណ្តាញគ្រូបង្រៀនល្អ-នាយកល្អ តាមស្រុកខេត្ត» ឱ្យបានរឹងមាំ ដើម្បីលើកទឹកចិត្តដល់ការផ្លាស់ប្តូរបទពិសោធឧត្តមានុវត្តន៍ និងការដោះស្រាយបញ្ហាប្រឈមប្រកបដោយទស្សនច្នៃប្រឌិត លើការងារដឹកនាំគ្រប់គ្រងសាលារៀន និងវិធីសាស្ត្របង្រៀនថ្មីៗ។ ទី២ ជំរុញ និងលើកទឹកចិត្តការចូលរួមរបស់ដៃគូអភិវឌ្ឍ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍» ដើម្បីការអប់រំនៅក្នុងមូលដ្ឋាន។ ទី៣ បន្តកសាងប្រព័ន្ធលើកទឹកចិត្តនៅថ្នាក់ក្រោមជាតិ ដើម្បីលើកទឹកចិត្តដល់គ្រូល្អ នាយកល្អនៅតាមសាលារៀនក្នុងតំបន់របស់ខ្លួន។ ចំណុចចុងក្រោយ ក្រសួងនឹងនៅតែបន្តជំរុញ និងពង្រឹងភាពជាដៃគូរវាងស្ថាប័នពាក់ព័ន្ធជាមួយសាលានៅតាមព្រំដែន ដើម្បីផ្ដល់អាទិភាព និងឱកាសដល់ការអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យមានភាពរីកចម្រើន។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារដែលជាអាណាព្យាបាល សូមចូលរួមសម្របសម្រួល និងគាំទ្រ បន្ថែម ដើម្បីធានាការអនុវត្តអនុស្សរណៈនៃយោគយល់គ្នានេះ ឱ្យមានប្រសិទ្ធភាពផងដែរ៕



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


