ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ឱ្យបង្កើនការប្រុងប្រយ័ត្នជំងឺពងបែកដៃ ជើង និងមាត់ ខណៈជំងឺនេះកើនឡើងខ្ពស់នៅលើកុមារ
ក្រសួងសុខាភិបាល បានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺពងបែកដៃ ជើង និងមាត់ ខណៈជំងឺនេះមានការកើនឡើងនៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម ៥ ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាល។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញការកើនឡើង នៃជំងឺពងបែក ដៃ ជើង និងមាត់ ចេញផ្សាយកាលពីល្ងាចថ្ងៃទី ១៦ កញ្ញា ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក លាងដៃកុមារឱ្យបានញឹកញាប់ជាមួយទឹក និងសាប៊ូ ឬជាមួយអាល់កុល ជាពិសេសក្រោយប៉ះពងបែក ឬ ដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណីដល់ទារក ឬ កុមារ ក្រោយប្រើប្រាស់បង្គន់អនាម័យ និងក្រោយប្តូរទ្រនាប់គូទទារក ឬជូតសម្អាតរាងកាយកុមារ លាងសំអាតផ្ទៃ និងរបស់ ដែលប្រឡាក់ដោយទឹក និងសាប៊ូ ចៀសវាងការប៉ះពាល់ស្និទ្ធស្នាល (ថើប ឱប ប្រើប្រាស់សម្ភារៈសម្រាប់បរិភោគរួមគ្នា។ល។) ជាមួយ កុមារដែលមានជំងឺពងបែក ដៃ ជើង និងមាត់ ប្រើស្លាបព្រា និងចាន ដាច់ដោយឡែក សម្រាប់កុមារម្នាក់ៗ និងសូមឱ្យកុមារនៅផ្ទះនៅពេលមានជំងឺ កុំទៅសាលារៀន ឬមណ្ឌលទារកដ្ឋាន។


លើសពីនេះ ឪពុកម្តាយ និងអ្នកថែទាំកុមារ ត្រូវរក្សាការប្រុងប្រយ័ត្នចំពោះរោគសញ្ញា នៃជំងឺ ដើម្បីរកឱ្យឃើញទាន់ពេល ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់ នៃផលវិបាកជំងឺ ផ្តល់អាហារមានជីវជាតិច្រើន និងទឹកឱ្យបានច្រើនដល់កុមារ និងសូមកុំទៅជួបជុំ ឬទីប្រជុំជនមានមនុស្សច្រើន នៅពេលមានជំងឺពងបែកដៃ ជើង និងមាត់។

បើតាមក្រសួងសុខាភិបាល ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទបង្កដោយពពួកអង់តេរ៉ូវីរុស ជាញឹកញាប់ គឺ ពួកវីរុសកុកសាគី ភាគច្រើនកើតលើ ទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យផងដែរ។

ជំងឺពងបែក ដៃ ជើង និងមាត់ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវ នៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃ ដែលចេញពីពងបែក លាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្ដាហ៍ទីមួយ។ ជំងឺពងបែក ដៃ ជើង និងមាត់ មិនឆ្លងពីមនុស្ស ទៅសត្វ ឬពីសត្វមកមនុស្សឡើយ។
ជំងឺនេះមានរោគសញ្ញាដូចជាមានគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និង មានពងកន្ទួលលើបាតដៃ បាតជើង និង កំប៉េះគូទ ជំងឺពងបែក ដៃជើង និងមាត់ ភាគច្រើនមានស្ថានភាពស្រាល អ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយ ក្នុងរយៈពេលពី ៧ ថ្ងៃ ទៅ ១០ ថ្ងៃ ហើយកម្រមានផលវិបាកណាស់។ ប៉ុន្តែអ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកម្ដៅ ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីពងបែកក្នុងមាត់ តែមិនត្រូវប្រើថ្នាំ អាស្ពីរីន (aspirin) ដើម្បីបញ្ចុះកម្ដៅឡើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជាកម្រ ជំងឺពងបែក ដៃ ជើង និងមាត់ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមាន រោគសញ្ញា ប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬ កន្ត្រាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់) សូមបញ្ជាក់ ៖ អ្នកជំងឺដែលមានផលវិបាកធ្ងន់ធ្ងរខាងលើនេះ ត្រូវប្រញាប់បញ្ជូនជាបន្ទាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់ នៃជំងឺ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


