វប្បធម៌ ជំនឿ
ទំនាយ ភក្សាហារ ទេវតាឆ្នាំថ្មី ទេវតាមិនសោយ សាច់ ឬ គោងៀត ទេ
ទាក់ទងការផ្អើលតាមគ្នា ព្រមទាំងលើកជាមន្ទិលសង្ស័យ ដ្បិតមិនដែលលឺថា មានទេវតាសោយសាច់គោ ឬគោងៀត ហើយប្រជាពលរដ្ឋត្រូវដាក់សាច់គោងៀតទទួលទេវតាឆ្នាំថ្មីដែរនោះ មន្រ្តីហោរាសស្ត្រប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ទេវតាមិនត្រូវការសោយអ្វី ហើយក៏មិនមែនសោយគោងៀតដែរ។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ អនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជាអ្នកចងក្រងសៀវភៅ មហាសង្ក្រាន្ត ជាយូរមកហើយនោះ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការតែងព្រះកាយ ភក្សាហារ (ចំណីអាហារ) របស់ទេវតា ជាដើមនោះ តាមបុរាណ លោកគ្រាន់តែចង់បញ្ជាក់ ឬជាប្រស្នា ដើម្បីទស្សន៍ទាយអំពីជោគវាសនាប្រទេសជាតិ ជម្ពូទ្វីប (ភពផែនដី) មិនមែនសំដៅថា ទេវតាត្រូវសោយអាហារ ឬសាច់ទ្រាយ ទេ។

ព្រឹទ្ធចារ្យ អ៊ឹម បុរិន្ទ មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “បើយើងនិយាយពីសត្វទ្រាយ គឺជាសត្វព្រៃមួយប្រភេទ ស្រដៀង និងតូចជាងឈ្លូស តែមិនមែនទេវតាសោយទេ គ្រាន់តែសត្វទ្រាយតំណាងឱ្យពពួកសត្វព្រៃ។ អ៊ីចឹងយើងអាចគិតថា នៅពេលទេវតាសោយសាច់ទ្រាយ មានន័យថា នៅប្រទេសយើង និងជម្ពូទ្វីបអាចការពារសត្វព្រៃ ដោយសារទេវតាទទួលយកសត្វទ្រាយ សត្វព្រៃហ្នឹងហើយ។ អ៊ីចឹង នៅក្នុងប្រទេសយើងក្ដី នឹងមានការអភិរក្សសត្វព្រៃ ប្រសើររាល់ឆ្នាំកន្លងទៀត”។

ព្រឹទ្ធចារ្យ អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “ចំពោះព័ត៌មានដែលនិយាយថា ទេវតាសោយសាច់គោងៀតអីនេះ ជាការនិយាយកំប្លែង ដោយគិតថា ហើយសត្វទ្រាយជាសត្វព្រៃត្រូវអភិរក្ស ហើយសត្វគោស្រដៀងសត្វទ្រាយ ក៏មានមនុស្សមួយចំនួនថា ដាក់គោងៀតថ្វាយទេតា។ ក៏ការនិយាយលេងក្លាយជាការពិត ហើយមានសារព័ត៌មានខ្លះចុះផ្សាយទៅទៀត ប៉ុន្តែមិនមែនទេ សត្វទ្រាយ គ្រាន់តែជាតំណាង នៃការព្យាករណ៍ប្រចាំឆ្នាំនីមួយៗ”។

ព្រឹទ្ធចារ្យ អ៊ឹម បុរិន្ទ បានឱ្យដឹងថា ឆ្នាំថ្មីឆ្នាំរោងនេះ សង្ក្រាន្តនឹងចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ពទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២៤ វេលាម៉ោង ២២ និង ២៤នាទី។ ទេវធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម មហោធរទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ (ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង) ភក្សាហារទ្រង់ សាច់ទ្រាយ ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្តេចមយូរា (ក្ងោក) ជាយានពាហនៈ។

ចំពោះរណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ ទឹក ស្អាតពីរកែវ។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាស និងមានអនុវត្តនៅព្រះបរមរាជវាំង ប៉ុន្តែចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមាន ទៀនប្រាំធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម ៣ ឬ ៥មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច២២ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


