ព័ត៌មានជាតិ
កំណត់បានទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេវ៉ៃគោលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រុមហ៊ុនបានសិក្សានឹងសាងសង់ស្ពានឆ្លងកាត់ទន្លេវ៉ៃគោនៅក្នុងក្រុងស្វាយរៀង ខណៈក្រុមហ៊ុនបានកំណត់ទីតាំងរួចហើយ នឹងអាចឈានទៅបើកការដ្ឋាននាពេលឆាប់ៗខាងមុខនេះ។

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ចុះពិនិត្យទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេវ៉ៃគោផ្នែកខាងជើង ស្ថិតនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង លើគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត
ប្រាប់កម្ពុជាថ្មីតាមតេឡេក្រាម លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានគូសបញ្ជាក់ថា ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេវ៉ៃគោក្នុងគម្រោងផ្លូវល្បឿនលឿនក្នុងភូមិសាស្រ្តក្រុងស្វាយរៀង ក្រុមហ៊ុនបានកំណត់ទីតាំងរួចហើយ នឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាលោកមិនអាចបញ្ជាក់ប្រវែងស្ពានដែលត្រូវសាងសង់ឆ្លងកាត់ទន្លេវ៉ៃគោ និងកាលបរិច្ឆេទចាប់ផ្តើមសាងសង់ គ្រាន់តែបង្ហើបថានឹងឆាប់ៗខាងមុខនេះ។
បើតាមលោក ម៉ែន អេង គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិតត្រូវសាងសង់ ឆ្លងកាត់ភូមិសាស្រ្តខេត្តស្វាយរៀងមានប្រវែងជាង ៦០ គីឡូម៉ែត្រ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដម្លើងការដ្ឋាននៅតាមទីតាំងទទួលខុសត្រូវ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏កំពុងដំណើរការបោះតម្រុយព្រំផ្លូវដែលត្រូវស្ថាបនាផងដែរ។
ទាក់ទងដំណើរការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញបាវិត មន្រ្តីក្រសួងសាធាណការនិងដឹកជញ្ជូនកាលពេលថ្មីៗនេះក៏បានបង្ហាញពីវឌ្ឍនភាពគម្រោងដែលចាយទុនវិនិយោគខ្ទង់ពាន់លានដុល្លារនេះ។
លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវល្បឿនលឿនសម្រេចបានលទ្ធផលមួយចំនួន។
លោកបន្តថា ផ្លូវល្បឿនលឿនទី២ របស់កម្ពុជានេះ ត្រូវចំណាយទឹកប្រាក់ប្រមាណ ១ ៣៦៧ លានដុល្លារអាមេរិក ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន Cambodia PPBVT Expressway Co.,Ltd ដែលទីតាំងនៃខ្សែផ្លូវគឺចាប់ពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ឆ្លងកាត់ខេត្តព្រៃវែង និងទៅដល់ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ក្រុងបាវិត ព្រំដែនកម្ពុជា រៀតណាម។
ក្នុងគម្រោងចាយកញ្ចប់ថវិកាជាង ១ ពាន់លានដុល្លារនេះ រាជរដ្ឋាភិបាលទទួលបន្ទុកចំណាយការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី ៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម ដើម្បីតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែកកំពុងសម្រេចលទ្ធផលការងារបានជាជំហានៗ។
បើតាមលោក ផន រីម តាមរយៈគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត នឹងជួយជំរុញឱ្យមានកំណើនការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ និងភាពប្រទាក់ក្រឡាគ្នាជាមួយបណ្ដាញខ្សែផ្លូវផ្សេងៗទៀត។
ផ្លូវល្បឿនលឿនភ្នំពេញបាវិត ជាខ្សែផ្លូវដ៏សំខាន់ដែលនឹងបង្កើតការតភ្ជាប់ប្រទាក់ក្រឡាផ្ទៃក្នុងប្រទេស និងការតភ្ជាប់កម្ពុជាទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ។
ដើម្បីជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម រដ្ឋាភិបាលកម្ពុជាបានពិភាក្សាជាមួយភាគីវៀតណាម ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញបាវិតទៅផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) ខណៈក្រុមបច្ចេកទេសប្រទេសទាំងពីរកំពុងសិក្សាកំណត់ទីតាំងតភ្ជាប់គ្នា។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៧ មិថុនា ឆ្នាំ២០២៣ ជាការវិនិយោគក្រោមរូបភាព BOT។ មានប្រវែងសរុបជាង ១៣៨ គីឡូម៉ែត្រ ទីតាំងនៃខ្សែផ្លូវគឺចាប់ពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ឆ្ពោះទៅកាន់ក្រុងបាវិត ព្រំដែនកម្ពុជា វៀតណាម ដែលសាងសង់ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ដែលប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ ខែ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


