Connect with us

ព័ត៌មានជាតិ

ផ្លូវ​ និង​ស្ពានចំនួន ៧ ​គម្រោង​ធំៗ​ចាយទុន​ខ្ទង់​ពាន់លាន​ដុល្លារកំពុង​ដំណើរការ​សាងសង់​ គ្រោង​បញ្ចប់​ឆាប់ៗ​នេះ

បានផុស

នៅ

ក្រសួង​សាធារណការ​និងដឹកជញ្ជូន ​បាន​កំពុងអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​និង​ស្ពាន​ធំៗ​ចំនួន ៧ គម្រោង ដោយប្រើប្រាស់​ថវិកា​ហិរញ្ញប្បទានពី​ដៃគូអភិវឌ្ឍន៍មាន​ប្រវែង​សរុប​ប្រមាណ ៤៥២,៤៨ គីឡូម៉ែត្រ ក្នុង​ទុន​ចំណាយ​​រាប់​ពាន់​​លាន​ដុល្លារ។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលកំពុង​ដំណើរការសាងសង់​ ហើយ​គ្រោង​បញ្ចប់​បន្តបន្ទាប់​ទាំង​នោះ​​រួមមាន៖

-ផ្លូវជាតិលេខ ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ)

ផ្លូវ​ជាតិ​លេខ​ ៤​ ជា​​ខ្សែផ្លូវជាតិ​​ដ៏​​មាន​សារៈសំខាន់​បំផុត​​ ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​បណ្តាញ​ត​ភ្ជាប់ពី​​រាជធានី​ភ្នំពេញ​ដែល​ជា​តំបន់​អភិវឌ្ឍ​ ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ហិរញ្ញវត្ថុនិង​ឧស្សាហកម្ម​ទៅ​ខេត្ត​​ព្រះសីហនុ ដែល​ជា​ទី​ក្រុង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ប្រើប្រាស់​ហិរញ្ញប្បទានពីធនាគារពិភពលោក ផ្លូវ​ជាតិលេខ ៤ ដែលកំពុង​ដំណើរការ​ស្ថាបនា​កែលម្អ រហូត​មក​ដល់ពេលនេះ​​សម្រេច​បានប្រមាណ ៩០%។ ការ​​ស្ថាបនា​ត្រូវ​បាន​​​ពង្រី​កពី ២ គន្លង ទៅ​ ៤ គន្លង មាន​ប្រវែង​ ៤៥ គីឡូម៉ែត្រ​ និងពង្រីក​ពី​ទទឹង ៧ ម៉ែត្រ ទៅ​ទទឹង ១០​ ម៉ែត្រ មាន​​​​ប្រវែង ១៥១ គីឡូម៉ែត្រ​។

ផ្លូវ​ជាតិ​លេខ ​៤ មុន​ពេល​ក្រសួងសាធារណការនិងដឹកជញ្ជូន​​ យក​ដាក់ក្នុងផែនការការស្ថាបនាកែលម្អឡើងវិញ​ គឺ​មាន​សភាព​ខូចខាត​​ដែល​ធ្វើ​​ឱ្យ​ការ​ដឹក​ជញ្ជូន​ទៅ​មក​មាន​ការ​លំបាក​ខ្លាំង។ កន្លង​មក​ផ្លូវ​មួយ​ខ្សែ​នេះ​លិច​ទឹក​ ១ ​ឆ្នាំ​ ៥ ទៅ ៦ ​ដង​ នៅ​ពេល​ដែល​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឱ្យ​មាន​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​រស់​នៅ​មិន​អាច​ទៅ​សាលា ទៅ​ផ្សារ ឬ​ទៅ​មន្ទីរ​ពេទ្យ ហើយ​​ឡាន​ដឹក​ទំនិញ​ត្រូវ​រង់​​ចាំ​រហូត​ដល់​ទឹក​ស្រក ពេល​ខ្លះ​ដឹក​ទំនិញ​ទៅ​ដល់​​កប៉ាល់​មិន​ទាន់​ជា​ដើម​។

-កំណាត់ផ្លូវជាតិលេខ ៥ ភាគកណ្តាល (សិរីសោភ័ណ-ប៉ោយប៉ែត)

គិតត្រឹមសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៦ កំណាត់ចុងក្រោយនៃគម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិ​លេខ​ ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ ស្ថាបនា​សម្រចបានលទ្ធផលជារួមបានប្រមាណ ៥១,០៧%។

តាមផែនការ គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ដែលមាន​ប្រវែង ៣៥,១៤ គីឡូម៉ែត្រ គ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៧។

-កំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម)

គម្រោងពង្រីក​ និង​លើកកម្រិតផ្លូវជាតិលេខ ៧ ​ចាប់ពីទីប្រជុំជនស្គន់រហូតដល់​​ក្រុង​កំពង់​ចាម ​ស្ទើរ​តែឈាន​បញ្ចប់ ១០០% ខណៈ​គម្រោងនឹងបញ្ចប់​នៅអំឡុង​ឆ្នាំ​២០២៦ ​នេះ។​

ផ្លូវជាតិលេខ ៧ ​បាន​បើកការដ្ឋាន​សាង​សង់កាល​ពី​ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ក្រោមកម្ចីសម្បទានជាង ១០០ លាន​ដុល្លារ​ពី​​រដ្ឋាភិបាល​ចិន។ ​កំណាត់ផ្លូវជាតិលេខ ៧ ត្រូវ​បាន​សាងសង់​​ពង្រីកពី ២ គន្លងទៅ ៤ គន្លង ​មានប្រវែង ៤៥ គីឡូម៉ែត្រ។ តាមរយៈ​កំណាត់ផ្លូវនេះ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ, ​ការ​ដឹកជញ្ជូនផលិតផលកសិកម្ម, កសិឧស្សាហកម្ម ព្រមទាំងលើក​កម្ពស់​ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។​

ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត

កាលពីអំឡុង​ខែធ្នូ ឆ្នាំ២០២៥​ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ដឹកនាំកិច្ចប្រជុំ​​ពិភាក្សាពី “វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងសាងសង់​ផ្លូវល្បឿន​លឿន​ភ្នំពេញ-ក្រុងបាវិត”។

កិច្ចប្រជុំ​នេះ​ក៏​មានការចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទីមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បាន​បើកការដ្ឋានសាងសង់​កាលពី​ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចំណាយថវិកាសាងសង់​សរុបប្រមាណ ១,៣៥ ពាន់​លាន​ដុល្លារ ក្រោម​ទម្រង់​វិនិយោគ​សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ ឆ្នាំ។

ពាក់ព័ន្ធ​វឌ្ឍនភាព​នៃ​ការអនុវត្តគម្រោងផ្លូវល្បឿន​លឿន​ភ្នំពេញ-ក្រុងបាវិត ​មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមិន​បានបញ្ជាក់​មក​ដល់ពេលនេះសម្រេច​បាន​វឌ្ឍនភាព​យ៉ាងណា ខណៈ​បើ​តាមផែនការ​គ្រោង​បញ្ជប់នៅឆ្នាំ ២០២៧​​។

-ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

គិតត្រឹមថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ ដំណើរការ​ស្ថាបនា​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ​​​​សម្រេចបានប្រមាណ ៦៨% ដែលផ្អែកតាមលទ្ធផលនេះ​ការសាងសង់គឺ​​លឿនជាងផែនការ ៦%។

ស្ពានឆ្លង​ទន្លេ​​ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលកំពុងដំណើរការ​សាងសង់​​មានប្រវែងសរុប ១ ៦៥០ ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ, ទទឹងផ្លូវ​ ២៧ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។

ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បាន​បើកការដ្ឋានកាលពី​ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

នៅពេលស្ថាបនា​បញ្ចប់​ដាក់​ឲ្យដំណើរការ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ក៏ដូចជា​​ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គមរវាងរាជធានីភ្នំពេញប៉ែកខាង​ត្បូង ព្រលាន​​យន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និង​ជួយ​ពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។

-ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ

ដូចការគ្រោងទុក “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រភ្ជាប់ពីស្រុកចិត្របុរីនៅត្រើយខាងកើត ទៅ​ស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។

​“ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ជាគម្រោងហេដ្ឋារចនាមសម្ព័ន្ធ​យុទ្ធសាស្រ្តមួយដ៏សំខាន់ ដែល​នឹងចូលរួមបង្កើន​ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម ភ្ជាប់ទីប្រជុំជន​ខេត្តក្រចេះទៅខេត្តកំពង់ធំ រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ទៅកាន់ខេត្ត​ភូមិភាគឦសាន​ដែលមាន​ខេត្តស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​ជាមួយបណ្តាញ​ផ្លូវជាតិសំខាន់ៗផ្សេងទៀត។

-ស្ពានឆ្លងកាត់ទន្លេមេគង្គ “ដីឥដ្ឋ-ថ្មគរ”

ស្ពានដីឥដ្ឋ-ថ្មគរ ដែលបើកការដ្ឋានសាងសង់ស្របជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គិតត្រឹមថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦ សាងសង់​សម្រេចវឌ្ឍនភាពការងារ​បានប្រមាណ ៤៧,៦ % លឿនជាងផែនការ ២,៦០%។

ស្ពានដីឥដ្ឋ-ថ្ម​គរ បាន​បើកការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ការដ្ឋាន​សាងសង់ស្ពានដីឥដ្ឋ-ថ្ម​គរ សម្រេចបានវឌ្ឍនភាពការងារ ៤៧,៦ % ខណៈ​តាមផែនការ​គ្រោង​បញ្ចប់នៅ​ឆ្នាំ ២០២៧ ទន្ទឹម​ការដ្ឋាន​សាងសង់​ផ្លូវល្បឿនលឿន​ភ្នំំពេញ​បាវិត។

ស្ពាន​នេះជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូងនិងខាងកើត រាជធានីភ្នំពេញ ដោយ​ភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿន​លឿន​ភ្នំពេញ-បាវិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម