ព័ត៌មានជាតិ
ផលប៉ះពាល់ផ្លូវល្បឿនលឿនភ្នំពេញបាវិត ដោះស្រាយសម្រេចបានលទ្ធផលមួយចំនួនក្នុងខេត្តស្វាយរៀង
អាជ្ញាធរខេត្តស្វាយរៀងបានបង្ហាញលទ្ធផលការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ លើគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញបាវិត ខណៈក្រុមហ៊ុនកំពុងជំរុញដើម្បីស្ថាបនាឲ្យរួចរាល់ទាន់ផែនការ។
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវល្បឿនលឿនភ្នំពេញបាវិត សាងសង់ឆ្លងកាត់ភូមិសាស្រ្តខេត្តស្វាយរៀងមានប្រវែងសរុប ៦០ គីឡូម៉ែត្រ។

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង
ពាក់ព័ន្ធការដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋ លោក ម៉ែន អេង បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តបានចូលរួមដោះស្រាយសម្រេចបានលទ្ធផលមួយចំនួន។
នៅក្នុងស្រុកស្វាយជ្រុំដែលមានចំនួន ៥ ឃុំ នៅក្នុងនោះឃុំស្វាយយា ដោះស្រាយបញ្ចប់ ១០០ ភាគរយ ឃុំក្រោលគោ ពុំទាន់បានដោះស្រាយនៅឡើយ ឃុំពោធិ៍ធិរាជ ដោះស្រាយបាន ៥០ ភាគរយ ឃុំគោកព្រីងដោះស្រាយបាន ៩០ ភាគរយ និងឃុំស្វាយជ្រំ នៅសល់តែ ៣ គ្រួសារ កំពុងចរចាដោះស្រាយបញ្ចប់។

បើតាមលោក ម៉ែន អេង អាជ្ញាធរខេត្តកំពុងសហការជាមួយក្រុមហ៊ុនសាងសង់ លើការវាយតម្លៃផលប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញបាវិត និងកំពុងជំរុញដោះស្រាយជាបន្តបន្ទាប់ ដើម្បីឲ្យដំណើរការស្ថាបនាបញ្ចប់ទៅតាមផែនការ។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣ មានប្រវែងសរុប ១៣៥,១០ គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្ដើមចេញពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ដំណើរការស្ថាបនាផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ មានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ប្រវែង ១ ៦០០ ម៉ែត្រ ដើម្បីតភ្ជាប់ជាមួយផ្លូវកំពុងសាងសង់។
ដើម្បីជំរុញដំណើរការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតសម្រេចទៅតាមផែនការ អាជ្ញាធរខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ បានចុះទៅជួបពលរដ្ឋដើម្បីស្តាប់សំណូមពរ និងចួលរួមដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋ។
នៅចំពោះមុខប្រជាពលរដ្ឋ លោក ម៉ែន អេង អភិបាលរងខេត្ត និងជាតំណាងអភិបាលខេត្តស្វាយរៀង បានលើកឡើងថា ការអភិវឌ្ឍគឺជារឿងចាំបាច់ ប៉ុន្តែរឿងដែលចាំបាច់ទៀតនោះ គឺនៅពេលដែលប្រជាពលរដ្ឋជួបបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ ត្រូវរកដំណោះស្រាយទៅតាមសន្តិវិធី។
លោកបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលដែលប្រជាពលរដ្ឋជួបបញ្ហាប្រឈម ខាងរដ្ឋបាលខេត្តក៏ដូចជា រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ មិនឱបដៃឈរមើលទេ ពោល គឺជួយពលរដ្ឋតាមជាក់ស្តែងតែម្តង»។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី ២ របស់កម្ពុជា ដែលសាងសង់ឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែង ៥ គីឡូម៉ែត្រ ខេត្តព្រៃវែងប្រវែង ៧១ គីឡូម៉ែត្រ ខេត្តស្វាយរៀងប្រវែង ៦០ គីឡូម៉ែត្រ ហើយតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


