Connect with us

ព័ត៌មានអន្ដរជាតិ

របប​សឹក​មីយ៉ាន់ម៉ា ហាម​ប្រុសៗ​ចេញ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស

បានផុស

នៅ

របប​សឹក​មីយ៉ាន់ម៉ា បាន​ប្រកាស​ផ្អាក​ការ​ចេញ​លិខិត​ច្បាប់​អនុញ្ញាត​ឲ្យ​បុរស​ជនជាតិ​មីយ៉ាន់ម៉ា​ទៅ​បម្រើ​ការងារ​នៅ​​បរទេស។ សេចក្ដី​ប្រកាស​នេះ ធ្វើ​ឡើង​​​ត្រឹម​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ច្បាប់​​កាតព្វកិច្ច​យោធា​ត្រូវ​បានយក​មក​អនុវត្ត​ ហើយ​មាន​ប្រជាពលរដ្ឋ​រាប់​​ម៉ឺន​នាក់​​បាន​ព្យាយាម​គេច​ចាក​ចេញ​​​ទៅ​ក្រៅ​ប្រទេស។

ពលរដ្ឋ​មីយ៉ាន់ម៉ា ឈរ​តម្រង់​ជួរ​មុខ​ស្ថានទូត​បរទេស នៅ​ក្រុង​យ៉ាំងហ្គោន (រូបថត៖ Getty Image)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ មីយ៉ាន់ម៉ា បាន​ប្រកាស​​ឲ្យ​បុរសៗ​​ពេញ​វ័យ​ទាំង​អស់​​ត្រូវ​ចូល​បម្រើ​យោធា​យ៉ាង​​ហោច​ណាស់​ក៏​២​ឆ្នាំ​ដែរ។ ចំណាត់​ការ​នេះ​ បាន​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​ម៉ឺន​​នាក់​សម្រុក​នាំ​​គ្នា​ទៅ​ធ្វើ​ទិដ្ឋាការ​ទៅ​​ក្រៅ​ប្រទេស ហើយ​ពលរដ្ឋ​មីយ៉ាន់ម៉ា​មួយ​ចំនួន​បាន​លួច​រត់​​​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស​ថៃ។

ក្រសួង​ការងារ​មីយ៉ាន់ម៉ា បាន​​ចេញ​សេចក្ដី​ប្រកាស​នេះ កាល​ពី​​រសៀល​ថ្ងៃ​ទី​២ ខែ​ឧសភា ស្រប​ពេល​ដែល​របប​សឹក​​​​​កំពុង​ត​ទល់​ជាមួយ​ក្រុម​បះបោរ​ប្រឆាំង​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស។

រូបថត៖ AFP

​គួរ​រំឭក​ថា ច្បាប់​​កាតព្វកិច្ច​យោធា​នៅ​​មីយ៉ាន់ម៉ា ត្រូវ​បាន​​​បង្កើត​ឡើង​តាំង​តែង​ពី​របប​សឹក​លើក​មុន​ កាល​ពី​ឆ្នាំ​២០១០ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នោះ​ឡើយ។ ច្បាប់​នេះ អនុញ្ញាត​ឲ្យ​យោធា​អាច​កោះ​ហៅ​​បុរសៗ​ដែល​មាន​អាយុ​ចាប់​ពី​១៨ ដល់ ៣៥​ឆ្នាំ ហើយ​និង​នារី​អាយុ ១៨ ដល់ ២៧​ឆ្នាំ ចូល​បម្រើ​ជួរ​ទ័ព​យ៉ាង​ហោច​ណាស់​ចំនួន ២​ឆ្នាំ។ ច្បាប់​នេះ​ទៀត​សោត មាន​បញ្ញត្តិ​មួយ​ ដែល​ចែង​ថា ក្នុង​លក្ខខណ្ឌ​អាសន្ន ការ​ចូល​បម្រើ​យោធា​អាច​​ត្រូវ​បន្ថែម​​រហូត​ដល់ ៥​ឆ្នាំ ហើយ​ជន​ណា​ដែល​គេចវេស​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​​ក្នុង​រយៈពេល​ដូចគ្នា។

អ្នក​នាំ​ពាក្យ​របប​សឹក​មីយ៉ាន់ម៉ា បាន​ប្រាប់​ថា មាន​ពលរដ្ឋ​ប្រមាណ ១៣​លាន​នាក់ ស្ថិត​នៅ​ក្នុង​វ័យ ដែល​អាច​ចូល​​បំពេញ​កាតព្វកិច្ច​យោធា​បាន តែ​ខាង​យោធា​រដ្ឋាភិបាល​មាន​សមត្ថភាព​អាច​ហ្វឹកហ្វឺន​ត្រឹម ៥​ម៉ឺន​នាក់​ក្នុង​១ឆ្នាំ​ប៉ុណ្ណោះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម